ប្រធានក្រុមហ៊ុន Foxconn បង្ហាញជំនឿចិត្តខ្ពស់លើសន្ទុះកំណើន AI ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំណាយទុនជិត ១ទ្រីលានដុល្លារ
29-05-2026 12:33
(បរទេស)៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចតាមកិច្ចសន្យាធំបំផុតនៅលើពិភពលោក និងជាដៃគូដំឡើងទូរស័ព្ទ iPhone ឱ្យក្រុមហ៊ុន Apple បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើសន្ទុះកំណើនអាជីវកម្មរបស់ខ្លួន។ លោក Young Liu ប្រធានក្រុមហ៊ុន បានថ្លែងនៅក្នុងអង្គមហាសន្និបាតភាគហ៊ុនិកថា ភាពធ្លាក់ចុះនៃការលក់តាមរដូវកាលនៅពាក់កណ្តាលឆ្នាំ ដែលជាទម្លាប់កើតឡើងចំពោះក្រុមហ៊ុនបច្ចេកវិទ្យា គឺលែងមានទៀតហើយ ដោយសារតែតម្រូវការបច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
លោកប្រធាន Liu បានបង្ហាញទស្សនវិស័យវិជ្ជមានខ្លាំងចំពោះឆមាសទីពីរនៃឆ្នាំនេះ ដោយបញ្ជាក់ថា៖ «លើកលែងតែមានព្រឹត្តិការណ៍ "ក្ងានខ្មៅ" (Black Swan - ព្រឹត្តិការណ៍អាក្រក់ខ្លាំងដែលមិនអាចទាយទុកមុនបាន) កើតឡើងយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែខ្ញុំមិនទាន់ឃើញមានសញ្ញាណាមួយនៅឡើយទេ បើផ្អែកលើអ្វីដែលយើងមើលឃើញនាពេលបច្ចុប្បន្ន ឆមាសទីពីរនៃឆ្នាំនេះគឺមើលទៅល្អខ្លាំងណាស់»។ ក្តីសង្ឃឹមនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនទើបតែទទួលបានប្រាក់ចំណេញក្នុងត្រីមាសទីមួយកើនឡើង ១៩% ខ្ពស់ជាងការរំពឹងទុក។
កត្តាដែលធ្វើឱ្យ Foxconn មានទំនុកចិត្តបែបនេះ គឺដោយសារតែការចំណាយទុនយ៉ាងសម្បើមទៅលើវិស័យ AI ពីសំណាក់ក្រុមហ៊ុនផ្តល់សេវាកម្ម Cloud យក្ស ដែលឆ្នាំនេះមានទំហំលើសពី ៧០០ ពាន់លានដុល្លារ ហើយអាចឡើងដល់ ១ ទ្រីលានដុល្លារនៅឆ្នាំក្រោយ។ លោក Liu បានសង្កត់ធ្ងន់ថា៖ «ការចំណាយទុនរបស់ពួកគេ គឺជាទីផ្សាររបស់យើង... នេះផ្តល់ឱ្យយើងនូវទំនុកចិត្តយ៉ាងខ្លាំងលើសន្ទុះកំណើនរបស់យើងនាពេលអនាគត»។ ដើម្បីឆ្លើយតបនឹងឱកាសនេះ Foxconn គ្រោងបង្កើនការចំណាយទុនរបស់ខ្លួន ៣០% នៅឆ្នាំនេះ ដើម្បីពង្រីកសង្វាក់ផលិតកម្មម៉ាស៊ីនមេ AI (AI Servers) ឱ្យកាន់តែធំ។
ទាក់ទិននឹងកង្វល់ជុំវិញការខ្វះខាតបន្ទះឈីបអង្គចងចាំជាសកល លោកប្រធានក្រុមហ៊ុនបានលើកឡើងថា អតិថិជនកម្រិតខ្ពស់មួយចំនួនរបស់ខ្លួនរងផលប៉ះពាល់ខ្លះដែរ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ លោកបានបន្ថែមថា៖ «ប្រសិនបើទីផ្សារកម្រិតខ្ពស់រងផលប៉ះពាល់ ពិភពលោកទាំងមូលនឹងទទួលអារម្មណ៍នេះ ហើយយើងសង្ឃឹមថារឿងនោះនឹងមិនកើតឡើងទេ។ ដូច្នេះសម្រាប់យើង ស្ថានភាពបច្ចុប្បន្នគឺថា ផលប៉ះពាល់លើអតិថិជនរបស់យើងរហូតដល់ចុងឆ្នាំនេះ គឺមានកម្រិត»៕









