ថ្នាក់ដឹកនាំសហព័ន្ធវ៉ូវីណាម ចាត់ទុកដៃគូឯកជន ជាម្លប់មួយដ៏សំខាន់ សម្រាប់កីឡាករ-កីឡាការិនី
29-05-2026 13:46
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាត់ទុកដៃគូឯកជន ជាម្លប់មួយដ៏សំខាន់ ក្នុងការផ្ដល់នូវភាពកក់ក្ដៅដល់កីឡាករ-កីឡាការិនី ឲ្យកាន់តែមានទឹកចិត្ត និងឆន្ទៈប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាព ឈានទៅប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិមាតុភូមិ។
នេះបើតាមការលើកឡើងរបស់លោក ឈួរ សុបញ្ញា អនុប្រធានសហព័ន្ធ ក្រោយសហព័ន្ធទទួលបានការឧបត្ថម្ភនូវផលិតផល និងថវិកាមួយចំនួនពីក្រុមហ៊ុន មីដាស ដើម្បីគាំទ្រដល់ដំណើរការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី លើកទី៦ នៅកម្ពុជានាចុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។
ថ្នាក់ដឹកនាំសហព័ន្ធដដែលថា ការប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ និងមានសុខភាពល្អជារឿងមួយ តែបើកីឡាករ-កីឡាការិនី ពុំមានម្លប់មួយច្បាស់លាស់ នោះពួកគេក៏ពិបាកក្នុងការប្រកួតប្រជែងផងដែរ។ ពាក់ព័ន្ធនឹងម្លប់នេះលោក ឈួរ សុបញ្ញា ពន្យល់ថា ម្លប់របស់រាជរដ្ឋាភិបាល និងម្លប់សហព័ន្ធមានហើយ តែកីឡាករ-កីឡាការិនី ក៏ត្រូវការគាំទ្រពីដៃគូពាក់ព័ន្ធ ពិសេសវិស័យឯកជន ដែលជាម្លប់ដ៏សំខាន់មួយទៀត ដើម្បីជំរុញទឹកចិត្ត និងឆន្ទៈពួកគេឲ្យកាន់តែខំប្រឹងហាត់ និងប្រកួតប្រជែងមេដាយជូនជាតិ។
តាមរយៈនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនផលិតនំក្នុងស្រុកខាងលើ ដែលគាំទ្រដល់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ក៏ដូចជាផ្ដល់នូវថវិកាសម្រាប់គាំទ្រដល់ដំណើរការរៀបចំការប្រកួតជើងឯកអាស៊ីនាពេលខាងមុខ ដែលជាព្រឹត្តិការណ៍ដ៏មានមោទនភាព សម្រាប់ប្រទេសជាតិ ដ្បិតមានការគាំទ្រ និងសាទរពីអន្ដរជាតិ។ ការណ៍នេះលោកសង្ឃឹមថា ដំណើរការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតទ្វីបនេះ នឹងប្រព្រឹត្តទៅដោយជោគជ័យ ទាំងការងារបច្ចេកទេស និងដំណើរការៀបចំផ្សេងៗផងដែរ។
សូមរំឮកថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រូវបានសហព័ន្ធអន្ដរជាតិ និងបណ្ដាប្រទេសក្នុងតំបន់ បោះឆ្នោតគាំទ្រធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ កាលពីថ្មីៗ ខណៈព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ ដែលបច្ចុប្បន្នមានសហព័ន្ធសមាជិកប្រមាណជាង ២០ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមការប្រកួតនេះ៕













