គ្រូបង្វឹកក្រុមសហរដ្ឋអាមេរិក Pochettino ពិភាក្សាជាមួយក្លិប AC Milan ដើម្បីដឹកនាំ ក្រោយចប់ World Cup 2026

29-05-2026 14:43

(បរទេស)៖ លោក Mauricio Pochettino ដែលបច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិសហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាជាមួយក្លិប AC Milan ដើម្បីទៅជំនួសតំណែងលោក Massimiliano Allegri ដែលត្រូវបានដកតួនាទី ក្រោយបិទរដូវកាល ២០២៥-២៦។

បុរសសញ្ជាតិអាហ្សង់ទីន វ័យ ៥៤ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំក្រុមធំផ្នែកបុរសសហរដ្ឋអាមេរិក កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោក Pochettino ត្រៀមដឹកនាំក្រុមម្ចាស់ផ្ទះសហរដ្ឋអាមេរិក លេងពាន World Cup 2026 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនាតទៅ មុនចប់កិច្ចសន្យាផងដែរ ពេលព្រឹត្តិការណ៍ ៤ឆ្នាំម្តងបិទបញ្ចប់នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅពេលក្លិបលេងនៅក្របខណ្ឌ Serie A កំពុងចាប់អារម្មណ៍ស្រាប់។

លោកបានដឹកនាំតោខៀវ Chelsea ចុងក្រោយគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅ Premier League នារដូវកាល ២០២៣-២៤ និងចាញ់ផ្តាច់ព្រ័ត្រពាន League Cup ថែមទៀត។ លោកបានដឹកនាំ Tottenham Hotspur បានត្រឹមរងជើងឯក UEFA Champions League 2019 ដោយបានចាញ់ក្រុមអង់គ្លេសដូចគ្នា Liverpool ២-០។

AC Milan បានសម្រេចដកលោក Allegri ចេញពីតំណែងតែម្តងកាលពីដើមសប្តាហ៍នេះ ក្រោយពួកគេពុំមានកៅអីលេងពាន UCL រដូវកាលក្រោយ និងចាត់ទុកថា «ជាការបរាជ័យដែលមិនអាចទទួលយកបាន»៕