Amazon ត្រូវបានអូស្ត្រាលីប្ដឹងជុំវិញករណីលក់ «កាតាបកុមារ» បង្កគ្រោះថ្នាក់ដល់ជីវិត
29-05-2026 16:43
(បរទេស)៖ ស្ថាប័នការពារអ្នកប្រើប្រាស់អូស្ត្រាលី (ACCC) បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ជាប្រវត្តិសាស្ត្រមួយ នៅតុលាការសហព័ន្ធប្រឆាំងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធប្រចាំតំបន់របស់ Amazon។ ការប្តឹងផ្តល់នេះ ធ្វើឡើងក្រោមការចោទប្រកាន់ថា Amazon បានរំលោភលើច្បាប់បិទស្លាកសញ្ញាសុវត្ថិភាពផលិតផល ដោយបានរក្សាទុក និងចែកចាយលក់កាតាបស្ពាយក្រោយសម្រាប់កុមារតូចៗម៉ាក «Unicorn Toddler Backpacks» ដែលគ្មានស្លាកព្រមានអំពីគ្រោះថ្នាក់នៃ «ថ្មកាក់ ឬថ្មនាឡិកា» (Button Batteries) ដែលបង្កប់នៅក្នុងតុក្កតាមានភ្លើងភ្ជាប់ជាមួយកាតាបនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍បានឱ្យដឹងថា កាតាបស្ពាយដែលគ្មានស្លាកសញ្ញាព្រមានត្រឹមត្រូវចំនួន ៤១ ត្រូវបានលក់ទៅឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្ត្រាលី រីឯកាតាប ២៦៧ ទៀត ត្រូវបានរកឃើញ និងរឹបអូសនៅក្នុងឃ្លាំងចែកចាយរបស់ Amazon។ ជុំវិញបញ្ហាប្រឈមដ៏រសើបនេះ លោកស្រី Catriona Lowe អនុប្រធានស្ថាប័ន ACCC បានសង្កត់ធ្ងន់ពីគ្រោះថ្នាក់យ៉ាងដូច្នេះថា៖ «ថ្មកាក់ ឬថ្មនាឡិកា បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់កុមារតូចៗ។ ប្រសិនបើពួកគេលេបវា ឬញាត់វាចូលតាមច្រមុះ ឬត្រចៀក វាអាចបណ្តាលឱ្យរលាកផ្នែកខាងក្នុងរាងកាយ និងរងរបួសធ្ងន់ធ្ងរ ហើយក្នុងករណីខ្លះអាចបណ្តាលឱ្យបាត់បង់ជីវិតទៀតផង»។
ឆ្លើយតបនឹងការចោទប្រកាន់ខាងលើនេះ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បានចេញសេចក្តីថ្លែងការណ៍បំភ្លឺភ្លាមៗថា ក្រុមហ៊ុនកំពុង «ពិនិត្យមើលយ៉ាងយកចិត្តទុកដាក់លើករណីបណ្តឹងដែលដាក់ដោយ ACCC»។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏បានបន្ថែមផងដែរថា ខ្លួនតែងតែមានគោលការណ៍តឹងរ៉ឹង និងប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ដើម្បីធានាថាផលិតផលទាំងអស់ដែលដាក់លក់នៅលើគេហទំព័ររបស់ខ្លួន បំពេញតាមវិធានការអនុលោមភាព និងបទដ្ឋានសុវត្ថិភាពខ្ពស់។
គួរជម្រាបថា នេះគឺជាករណីដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសអូស្ត្រាលី ដែលស្ថាប័នរដ្ឋបានសម្រេចដាក់ពាក្យប្តឹងក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស (Online Marketplace) ជុំវិញការបំពានច្បាប់សុវត្ថិភាពផលិតផលកំហិតបែបនេះ។ បច្ចុប្បន្ន ស្ថាប័ន ACCC កំពុងទាមទារឱ្យតុលាការសហព័ន្ធ ចេញសាលក្រមដាក់ទណ្ឌកម្មវិន័យ ព្រមទាំងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរលើក្រុមហ៊ុន Amazon ផងដែរ៕













