ជប៉ុនអនុញ្ញាតឱ្យធនាគារធំៗ ប្រើប្រាស់កំពូល AI ជំនាន់ថ្មី GPT-5.5 ដើម្បីទប់ទល់ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
30-05-2026 08:54
(បរទេស)៖ ស្ថាប័នហិរញ្ញវត្ថុធំៗរបស់ជប៉ុនមួយចំនួន ត្រូវបានអនុញ្ញាតឱ្យចូលប្រើប្រាស់ GPT-5.5 ដែលជាបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុនយក្សអាមេរិក OpenAI ក្នុងគោលបំណងពង្រឹងប្រព័ន្ធការពារ និងទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cyberattacks)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។
ការសម្រេចដ៏សំខាន់នេះ ត្រូវបានប្រកាសឡើងដោយលោកស្រី Satsuki Katayama រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ភ្លាមៗបន្ទាប់ពីជំនួបពិភាក្សាការងារក្នុងទីក្រុងតូក្យូ ជាមួយលោក Jason Kwon ប្រធានផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន OpenAI។ ក្នុងឱកាសនោះ លោកស្រី Katayama បានសង្កត់ធ្ងន់ថា៖ «នេះគឺជាការវិវត្តន៍ដ៏គួរឱ្យរីករាយមួយ និងជាជំហានឆ្ពោះទៅមុខដ៏ធំមួយ ក្នុងការឈានទៅពង្រឹងសមត្ថភាពរបស់ស្ថាប័នហិរញ្ញវត្ថុជប៉ុន ដើម្បីការពារខ្លួនពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត»។ ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ចំឈ្មោះស្ថាប័នហិរញ្ញវត្ថុទាំងនោះឡើយ។
ប៉ុន្តែ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei បានទម្លាយឱ្យដឹងថា ធនាគារយក្សធំៗបំផុតទាំង៣ របស់ជប៉ុន រួមមាន ធនាគារ MUFG, ធនាគារ Sumitomo Mitsui និងធនាគារ Mizuho គឺជាអ្នកដែលនឹងទទួលបានឱកាសពិសេសនេះ។ ប្រភពដដែលបានបន្ថែមថា ម៉ូដែល AI ថ្មីនេះ ត្រូវបានបើកជូនប្រើប្រាស់សម្រាប់តែដៃគូដែលគួរឱ្យទុកចិត្តបំផុតប៉ុណ្ណោះ ហើយវាត្រូវបានគេជឿជាក់ថា «មានសមត្ថភាពប្រហាក់ប្រហែលទៅនឹងម៉ូដែល Claude Mythos របស់ក្រុមហ៊ុនគូប្រជែង Anthropic» ផងដែរ៕













