លោក Jose ចុះកិច្ចសន្យា ៣ឆ្នាំ ក្នុងការដឹកនាំក្លិប Real Madrid ជាលើកទី២ ក្រោយចាកចេញអស់ ១៣ឆ្នាំ

30-05-2026 09:25

(ម៉ាឌ្រីដ)៖ គ្រូបង្វឹក Jose Mourinho រហស្សនាម «Special One» បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ដើម្បីដឹកនាំក្លិបអាជីព Real Madrid ជាលើកទី២ របស់លោក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសសញ្ជាតិព័រទុយហ្គាល់ វ័យ ៦៣ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំក្រុមលេងនៅលីគកំពូល La Liga របស់អេស្ប៉ាញ កាលលើកទី១ នាអំឡុងឆ្នាំ២០១០ ដល់ឆ្នាំ២០១៣។

រូបលោកនឹងមិនទាន់បង្ហាញវត្តមានផ្លូវការនៅអធិរាជស រហូតដល់ក្លិបមានមូលដ្ឋានប្រចាំទីក្រុង Madrid បោះឆ្នោតជ្រើសរើសប្រធានថ្មីរួចរាល់ ដែលដំណើរនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ចប់សព្វគ្រប់សិន។

នេះមានន័យថា លោក Jose នឹងចាកចេញពីតួនាទីគ្រូបង្វឹកក្លិប Benfica របស់ព័រទុយហ្គាល់ ក្រោយចូលដឹកនាំតាំងពី ខែកញ្ញា ឆ្នាំ២០២៥ នៅពេលពួកគេបញ្ចប់ក្នុងតំណែងលេខ៣ ក្នុងលីគ Primeira Liga នារដូវកាលឆ្នាំ២០២៥-២៦ ដើម្បីមកជំនួសតំណែងលោក Alvaro Arbeloa ដែលទើបចូលកាន់តំណែងធំនេះជំនួសលោក Xabi Alonso តាំងពីខែ មករា ឆ្នាំ២០២៦ តែប៉ុណ្ណោះ៕