Arsenal ធ្វើពុំបានល្អឡើយពេលប៉ះ PSG ២លើកចុងក្រោយពីប្រវត្តិជួបគ្នា ៧លើក, ចុះផ្តាច់ព្រ័ត្រ UCL ម៉ោង ១១យប់នេះវិញ?
30-05-2026 10:10
(ប៊ុយដាផេស)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានជួបលទ្ធផលខកចិត្ត ពីការពើបប្រទះ Paris Saint-Germain របស់បារាំង ២លើកចុងក្រោយកាលឆ្នាំ២០២៥ មុនឈានមកជួបគ្នាជាថ្មីក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26 នាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ។
ជំនួបធំនេះធ្វើឡើងក្នុងកីឡដ្ឋានដែលស្ថិតនៅទីក្រុង Budapest ប្រទេសហុងគ្រី ដើម្បីបិទបញ្ចប់រដូវកាល ២០២៥-២៦ ដ៏ពេញលេញ មុនពេលកីឡាករចាកចេញទៅចូលរួមជាមួយជម្រើសជាតិរៀងៗខ្លួននៅ World Cup 2026 ដែលចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា។
Arsenal ដែលជាជើងឯកលីគ Premier League របស់អង់គ្លេសរដូវកាលនេះ ក្រោយរង់ចាំអស់ ២២ឆ្នាំតាំងពីឆ្នាំ២០០៤ នោះ បានរងបរាជ័យ ១-០ និង ២-១ ក្រោមថ្ចីជើងរបស់ក្រុមមកពី Paris កាលលេងពានអឺរ៉ុបនេះដែរនាឆ្នាំ២០២៥ ហើយក៏ធ្លាប់បានយកឈ្នះ ២លើក និងស្មើ់ ៣លើក ពីប្រវត្តិជួបគ្នា ៧លើកសរុបនាពេលកន្លងមក។
ក្នុងប្រវត្តិសាស្រ្តពានលំដាប់កំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League ក្រុមកាំភ្លើងធំពុំដែលឈ្នះសូម្បីតែម្តង និងបានត្រឹមរងជើងឯកប៉ុណ្ណោះកាលឆ្នាំ២០០៦ បន្ទាប់ពីចាញ់ក្រុមអេស្ប៉ាញ FC Barcelona ២-១ ដោយមានលោក Arsene Wenger នៅដឹកនាំ។
ចំណែកឯគូប្រជែង PSG វិញ នេះជាលើកទី៣ ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ក្រោយលើកទី១ បានចាញ់ Bayern Munich ១-០ របស់អាល្លឺម៉ង់កាលផ្តាច់ព្រ័ត្រឆ្នាំ២០២០ និង ៥ឆ្នាំបន្ទាប់បានឈ្នះពាន UCL លើកដំបូងរបស់ពួកគេ ក្រោយបំបាក់ Inter Milan របស់អ៉ីតាលី ៥ទល់នឹង០ មុនលេងតាងនាមក្រុមការពារតំណែងជើងឯកឆ្នាំនេះ ដែលត្រូវប្រឈមមុខនឹង Arsenal។
តើបងប្អូនគិតថាក្រុមណាលើកពាន UCL 2026 ដ្បិតកាលឆ្នាំ២០០៦ ជួបក្រុមអេស្ប៉ាញ មានគ្រូបារាំងដឹកនាំ ប៉ុន្តែឆ្នាំ២០២៦ ជួបក្រុមបារាំង និងមានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដូចគ្នាដឹកនាំ?



