Barcelona បានបំលែងសុបិនរបស់ Gordon តាំងពីអាយុ ៣ឆ្នាំក្លាយជាការពិត តាមរយៈផ្តល់កិច្ចសន្យា ៥ឆ្នាំ
30-05-2026 11:07
(បរទេស)៖ FC Barcelona បានធ្វើឱ្យក្តីសុបិនរបស់កីឡាករ Anthony Gordon ក្លាយជាការពិតតាំងពីខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានវ័យ ៣ឆ្នាំមកម្ល៉េះ ក្នុងការមកលេងនៅក្លិបនេះ ជាមួយនឹងការផ្តល់កិច្ចសន្យារយៈពេល ៥ឆ្នាំថែម ទៀតផង។
តាមរយៈការចេញផ្សាយដោយ BBC បានឱ្យដឹងថា ក្រុមជើងឯកលីគ La Liga ២សម័យកាលចុងក្រោយនេះ បានទិញកីឡាករវ័យ ២៥ឆ្នាំ Gordon ពីក្លិបសារិកាព្រៃ Newcastle United លេងនៅក្របខណ្ឌ Premier League ក្នុងតម្លៃខ្លួន ៦៩.៣លានផោន ក្រោយបានចរចាត្រូវរ៉ូវគ្នាតាំងពីដើមសប្តាហ៍នេះ។
Gordon បានជិះយន្តហោះឆ្ពោះទៅកាន់ទីក្រុង Barcelona កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យសុខភាព មុនពេលចុះ កិច្ចសន្យាលេងនៅកីឡដ្ឋាន Camp Nou ដល់ឆ្នាំ២០៣១។
នេះមានន័យថា Gordon បានផ្តល់ការខកចិត្តដល់ក្លិបជើងឯកលីគអាល្លឺម៉ង់ Bayern Munich ពីការចិញ្ចឹមចិត្តចង់បាន រូបគេទៅរួមក្រុមទៀតផង។ រូបគេនឹងក្លាយជាមិត្តរួមក្រុមរបស់ Marcus Rashford ក្នុងនាមកីឡាករមកពីអង់គ្លេសដូចគ្នាលេងនៅ Barcelona គ្រាដែលរៀមច្បងវ័យ ២៨ឆ្នាំ កំពុងត្រូវបានក្លិបអ្នកមានបុណ្យចរចាទិញដាច់ក្នុងតម្លៃប្រមាណ ២៦លានផោនពី Manchester United ក្រោយខ្ចីជើង ១រដូវកាល។
ទាំង Gordon និង Rashford សុទ្ធតែត្រៀមចាកចេញពីអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃចន្ទសប្តាហ៍ក្រោយ ដើម្បីលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនាតទៅ៕




