ព្រឹត្ដិការណ៍ ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦ ចាប់ផ្តើមនៅថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ
30-05-2026 11:58
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៩ ឆ្នាំ២០២៦ ដោយមានការចូលរួមប្រកួតចំនួន ៦៤ក្រុម ក្នុងនោះមានបុរស ៥៦ក្រុម និងនារីចំនួន ៨ក្រុម ដែលព្រឹត្ដិការណ៍ នឹងប្រារព្ធពិធីបើកប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ខាងមុខ ដើម្បីលើកជំរុញចិត្ត និងលើកកម្ពស់សមត្ថភាពកីឡាការិនីមហាជន ក្នុងការចូលរួមសកម្មភាពកីឡា ដែលមានទីតាំងនៅកីឡដ្ឋានវិសាខា។
លោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មការរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ បាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ បានលើកឡើងថា SOCCER LEAGUE គឺជាផ្នែកដ៏សំខាន់មួយស្ថិតក្នុងសសរស្ដម្ភរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទទួលបន្ទុកក្ដាប់រួមពានរង្វាន់ SOCCER LEAGUE ហើយ SOCCER LEAGUE មិនត្រឹមជាវេទិកាផ្ដល់ឱកាសដល់កីឡាករគ្រប់រូបមកពីគ្រប់ស្ថាប័នរដ្ឋ និងឯកជន ជុំវិញរាជធានីខេត្ត ដើម្បីមានឱកាសបញ្ចេញសមត្ថភាពនៅលើទីលានប្រកបដោយតម្លាភាពនោះទេ។
លោក ខៀវ ភារិទ្ធ បានបន្ដថា SOCCER LEAGUE ជាព្រឹត្តិការណ៍មួយដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើនធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន និងរឹងមាំ ដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយគឺ «ស្មារតីសាមគ្គីភាព»។
ព្រឹត្តិការណ៍បើក SOCCER LEAGUE ក៏មានការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងក្រុម ស.ស.យ.ក. អលស្តារ និងផ្ការីកគ្រប់រដូវរបស់ នាយពាក់មី ក្រោមមូលបទ «ស្មារតីកីឡា ដើម្បីជួយជនសង្គមយើង» តាមរយៈការប្រកួតបាល់ទាត់មិត្តភាពនេះ គណៈកម្មការរៀបចំការប្រកួតទទួលបានថវិកាសប្បុរសធម៌តាមរយៈការលក់សំបុត្រចូលទស្សនានិងការបរិច្ចាគពីសប្បុរសជននានា សរុបបានចំនួន១៩៥លានរៀល ដែលថវិកានេះត្រូវបានបែងចែកមួយផ្នែកធំ សម្រាប់ជួយដល់វីរៈកងទ័ពជួរមុខ រីឯមួយផ្នែកតូចទៀត គឺសម្រាប់ជួយដល់កុមារ ដែលកំពុងខ្វះខាត នៅខេត្តព្រៃវែង។
លោកបានបន្ដទៀតថា ជាក់ស្តែងក្នុងឆ្នាំ២០២៦ គឺទទួលបានក្រុមកីឡាចូលរួមប្រកួតសរុបចំនួន៦៤ក្រុម ដែលក្នុងនោះផ្នែកបុរសមានចំនួន៥៦ក្រុម និងផ្នែកនារីមានចំនួន៨ក្រុម ទាំងនេះ អ្វីដែលគណៈកម្មការរំពឹងទុកនូវក្នុងស្ថានភាពដ៍លំបាក គិតថាឆ្នាំនេះ ធ្វើយ៉ាងណាឱ្យតែក្រុមបាន ៣២ក្រុម គឺយើងបានទទួលជោគជ័យហើយ តែអ្វីដែលការព្យាករណ៍ទុកនេះ គឺមានការផ្ទុយស្រឡះព្រោះថាឃើញស្ថានភាពសកល ស្ថានភាពព្រំដែន ស្ថានភាពភាពសេដ្ឋកិច្ច ថាក្រុមនឹងជួបវិបត្តិដូចគណៈកម្មការដែរ តែត្រឡប់មកវិញឃើញថា ឆន្ទៈរបស់ក្រុមបាល់ទាត់នីមួយៗ នៅតែបន្តយ៉ាងមោះមុត ហើយរហូតទទួលពាក្យបានរហូតទៅដល់៦៤ក្រុម។
ទន្ទឹមនឹងនេះដែរ គណៈកម្មការរៀបចំការប្រកួតបានកំណត់មូលបទក្នុងឆ្នាំ២០២៦ គឺសាមគ្គីភាពជាតិរឹងមាំ ប្រធានបទនេះគណៈកម្មការ បានពិភាក្សាយ៉ាងស៊ីជម្រៅដើម្បីឲ្យស្របទៅនឹងស្ថានភាពប្រទេសនាពេលបច្ចុប្បន្នហើយក៏ជាប្រធានបទដែលបានផ្សារភ្ជាប់ដោយឥតព្រាងទុកជាមុនទៅនឹង កម្មវិធីដាស់ស្មារតីជាតិកាលពីម្សិលមិញ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករប្រមាណជាង៥ពាន់នាក់ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិកប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» ផ្សារភ្ជាប់ទៅនឹងពាក្យដាស់ស្មារតីជាតិក្រោមការដាស់ស្មារតីជាតិ គឺជាកត្តាសំខាន់ ដែលជំរុញឲ្យប្រជាជនមានការរួបរួមនិងស្រឡាញ់ជាតិមាតុភូមិ នៅពេលដែលយុវជនមានស្មារតីស្នេហាជាតិខ្ពស់ ពួកយើងនឹងចេះសហការគ្នា ចេះជួយយកអាសាគ្នា ចេះរួបរួមការពារប្រទេសនិងវប្បធម៌ជាតិ និងចេះអភិវឌ្ឍខ្លួនដើម្បីសង្គម និងប្រទេសជាតិឲ្យបានរឹងមាំ។
សូមជម្រាបដែរថា ការជ្រើសរើស ប្រធានបទ «សាមគ្គីភាពជាតិរឹងមាំ» គឺជាគន្លឹះក្នុងការកសាងសាមគ្គីភាពហើយសាមគ្គីភាព គឺជាមូលដ្ឋាននាំឲ្យជាតិរឹងមាំដរាបណាយើងម្នាក់ៗចេះដាក់ផលប្រយោជន៍ជាតិជាអត្ថិភាពចេះគោរពគ្នានិងចេះរួបរួមគ្នា ក្នុងការអភិវឌ្ឍសង្គមដោយស្មោះត្រង់ នោះអនាគតប្រទេសជាតិយើង នឹងកាន់តែរីកចម្រើនមានកិត្យានុភាពនៅលើឆាកអន្តរជាតិ ហើយក៏គ្មានសត្រូវណាមកបំបែកបំបាក់យើងបានឡើយ។ ដូច្នេះខ្មែរត្រូវចាំ ខ្មែរត្រូវតាំងចិត្ដ ខ្មែរក៏ត្រូវធ្វើឲ្យបាន៕















