បឹងកេត សម្រេចចែកផ្លូវជាមួយគ្រូបង្វឹក Conor Nestor ក្រោយប្រកាសរុះរើដ៏ធំ
30-05-2026 12:29
(ភ្នំពេញ)៖ ដូចការគ្រោងទុក បន្ទាប់ពីថ្នាក់ដឹកនាំក្លិបបឹងកេត ប្រកាសពីការត្រៀមរុះរើដ៏ធំ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ក្លិបបានប្រកាសពីការចែកផ្លូវជាមួយគ្រូបង្គោល លោក Conor Nestor ជាផ្លូវការ បន្ទាប់ពីរួមរស់ជាមួយគ្នា ២រដូវកាល។
៣ថ្ងៃមុនក្រុមនាគខៀវសម្រេចចែកផ្លូវជាមួយគ្រូបង្គោលខាងលើ លោក បែ មករា អគ្គលេខាធិការបានបញ្ជាក់ហើយថា ក្លិបនឹងមានការផ្លាស់ប្ដូរថ្មីមួយ ទាំងក្រុមការងារគ្រូ និងកីឡាករ បន្ទាប់ពីបឹងកេតជួបលទ្ធផលដ៏ខកចិត្តរយៈពេល ២-៣រដូវកាលចុងក្រោយ។
គួរដឹងថា លោក Conor បានចូលដឹកនាំបឹងកេតនៅចុងឆ្នាំ២០២៤ និង ២រដូវកាលក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ ក្លិបទទួលបានលេខ៦ ក្នុងលីគនាឆ្នាំ២០២៤/២៥ និងឈរលេខ៤ ក្នុងរដូវកាលឆ្នាំ២០២៥/២៦ ខណៈក្នុងពានសម្ដេចតេជោ ហ៊ុន សែន បឹងកេតបានរងបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
យ៉ាងណាបើក្រឡេកទៅមើលប្រវត្តិដឹកនាំក្លិបកន្លងមក គ្រូបង្វឹកវ័យ ៤២ឆ្នាំរូបនេះ ត្រូវបានអ្នកគាំទ្រ ព្រមទាំងបណ្ដាគ្រូបង្វឹកផ្សេងៗ ចាត់ទុកជាគ្រូបង្វឹកដ៏ល្អមួយ ជាក់ស្ដែងលោកក៏ធ្លាប់ជោគជ័យជាមួយក្លិបព្រះខ័នរាជស្វាយរៀង ដែលធ្លាប់ដឹកនាំ ៥រដូវកាល កាលពីឆ្នាំ២០១៨-២០២៣ មុនលោកចេញទៅបន្ដអាជីពដឹកនាំក្លិប Hyderabad FC នៅលីគឥណ្ឌា និងផ្លាស់មកធ្វើគ្រូជំនួយនៅក្លិប Selangor FC នៅលីគឥណ្ឌូនេស៊ី មុនវិលមកដឹកនាំក្លិបបឹងកេត នៅលីគកំពូលកម្ពុជា៕






