៦ប្រទេសនៅតំបន់អាស៊ាន រួមទាំងកម្ពុជា ត្រៀមផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026
30-05-2026 13:17
(ភ្នំពេញ)៖ ក្នុងចំណោម ១១ប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) មានតែ ៦ប្រទេសរួមទាំងកម្ពុជា បានទិញសិទ្ធិផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
៤ប្រទេសដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ (Live) ដើម្បីនាំយកព្រឹត្តិការណ៍លំដាប់ពិភពលោកមកចែកជូនប្រជាជនទស្សនា ដោយលេងរៀងរាល់ ៤ឆ្នាំមានម្តងនោះ ត្រូវបានបញ្ជាក់ដោយសហព័ន្ធអន្តរជាតិ FIFA និងតាមរយៈផេកផ្លូវការ Asean Football រួមមានកម្ពុជា ទូរទស្សន៍ ហង្សមាស នៅសិង្ហបុរី ប៉ុស្តិ៍ទូរទស្សន៍ StarHub នៅឥណ្ឌូនេស៊ី មានទូរទស្សន៍ TVRI ហើយនៅវៀតណាមវិញ មានទូរទស្សន៍ VTV។ល។
ទន្ទឹមគ្នានោះដែរ បណ្តាប្រទេសនៅតំបន់អាស៊ានផ្សេងទៀតដូចជា ថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា មិនត្រូវបានបញ្ជាក់ឡើយ។
គួរបញ្ជាក់ផងថា នៅសល់តែ ១២ថ្ងៃទៀត World Cup 2026 ជំនាន់ទី២៣ ដែលមានអាយុកាល ៩៦ឆ្នាំ នឹងចាប់ផ្តើមហើយ ពោលគឺចាប់ពីរាត្រីថ្ងៃព្រហស្បតិ៍ ឆ្លងចូលព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានរយៈពេល ៣៩ថ្ងៃ និងលេង ៤៨ប្រទេស (ក្រុម)៕





