មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាទរពិធីបញ្ចប់ការសិក្សា លើកទី២៨ លើកទឹកចិត្តសិស្សបញ្ចប់ការសិក្សា ឱ្យឈោងចាប់ឱកាសគ្មានដែនកំណត់

30-05-2026 17:51

ភ្នំពេញ៖ ពិធីបញ្ចប់ការសិក្សា គឺជាព្រឹត្តិការណ៍ដ៏ធំបំផុត របស់មជ្ឈមណ្ឌលភាសាអេ អាយ អាយ (Aii) ដែលជាស្ថាប័នអប់រំដ៏ធំមួយ នៅកម្ពុជា ហើយនេះជាលើកទី២៨ហើយ ដែល Aii រៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ នាថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ព្រឹត្តិការណ៍ប្រគល់វិញ្ញាបនបត្រ និងបញ្ចប់ការសិក្សានេះ ប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ ជាមួយសិស្សបញ្ចប់ការសិក្សា៩០៨នាក់ ពីវគ្គទី៨៥ ដល់៨៨ សម្រាប់ថ្នាក់ភាសាអង់គ្លេសទូទៅ(GEP) និងភាសាចិន ជាភាសាទីពីរ (CSL) ព្រមទាំងសិស្សបញ្ចប់ការសិក្សា កម្រិត Kid ពីឆមាសទី៣២ ដល់៣៣ សម្រាប់សាខាទូទាំងរាជធានីភ្នំពេញ និងសៀមរាប។ ទន្ទឹមគ្នានេះ ពិធីបញ្ចប់ការសិក្សានេះត្រឹមតែជាការបិទបញ្ចប់ជំពូកមួយ សម្រាប់ដំណើរដែលទើបចាប់ផ្ដើមប៉ុណ្ណោះ ព្រោះថាសិស្សានុសិស្សដ៏ត្រចះត្រចង់របស់យើង និងចាប់ផ្ដើមដំណើរ របស់ពួកគេទៅមុខទៀត ប្រកបដោយភាពជោគជ័យ ក្រោយបញ្ចប់ការសិក្សាពី Aii។

សិស្សានុសិស្សទាំងនេះ នឹងដឹកនាំខ្លួន ដោយក្ដីសង្ឃឹមឆ្ពោះទៅកាន់អនាគត ដ៏ត្រចះត្រចង់ ហើយបានត្រៀមខ្លួនរួចស្រេច ក្នុងការដោះស្រាយឧបសគ្គ និងទទួលយកឱកាស ក្នុងការសិក្សា ការងារ និងជីវិត។ ដូចដែលប្រធានបទ នៃពិធីបញ្ចប់ការសិក្សានេះបង្ហាញសិស្សានុសិស្សបញ្ចប់ការសិក្សា របស់យើងគួរតែស្វះស្វែងរកឱកាសសិក្សា ការងារ និងជីវិតឯកជនដែលគ្មានដែនកំណត់ ព្រោះការអប់រំភាសា នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ជួយបង្កើតទំនាក់ទំនង និងការផ្លាស់ប្ដូរពីវប្បធម៌មួយ ទៅវប្បធម៌មួយ ពីវិស័យ មួយ ទៅវិស័យមួយហើយបង្កើតជាឱកាសការងារ និងឱកាសច្រើនសម្បូរបែប និងពុំមានដែនកំណត់នោះឡើយ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បង្ហាញពីជំនឿយ៉ាងមុតមាំ របស់អ្នកឧកញ៉ា ក្នុងការផ្ដល់នូវកម្លាំងចិត្ត ដល់សិស្សបញ្ចប់ការសិក្សា ឱ្យខិតខំ សម្រាប់អនាគត ដែលភ្លឺស្វាង និងពុំមានដែនកំណត់។ ក្រៅពីនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ក៏បានចែករំលែក ការថ្លែងអំណរគុណអស់ពីបេះដូងទៅដល់អ្នកអាណាព្យាបាល មាតាបិតា និងលោកគ្រូ អ្នកគ្រូដែលបានចំណាយពេលវេលា ក្ដីស្រឡាញ់ និងការលះបង់របស់ខ្លួនស្មើៗគ្នា សម្រាប់សិស្សបញ្ចប់ការសិក្សាទាំងនេះ។ នៅក្នុងការថ្លែងសារ ជាពិសេស របស់លោក ទៅកាន់សិស្សបញ្ចប់ការសិក្សាអ្នកឧកញ៉ា វេជ្ជបណ្ឌិត សង្កត់ធ្ងន់ថា ភាសា មិនមែនជាមុខវិជ្ជានោះទេ ប៉ុន្តែជាយាន និងស្ពានឆ្លងទៅកាន់អនាគត និងឱកាសប្រសើរ។ ហេតុដូច្នេះអ្នកឧកញ៉ា ប្រៀបប្រដូច ភាសា ទៅនឹងពិភព ឬប្រភព នៃឱកាសមួយហើយបើសិស្សបញ្ចប់ការសិក្សាចេះពីរភាសា ពួកគេនឹងមើលឃើញប្រភព នៃឱកាសពីរ ឬបី ទៅតាមចំនួនភាសា ដែលពួកគេចេះ។

ប៉ុន្តែ ខណៈដែលពិភព ឬប្រភព នៃឱកាស របស់សិស្សបញ្ចប់ការសិក្សាកាន់តែធំទូលាយទៅ ហើយពួកគេទទួលបានភាពជោគជ័យ កាន់តែច្រើនអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មិនលើកទឹកចិត្ត ឱ្យសិស្ស ភ្លេចកំណើត របស់ពួកគេពីដំបូងឡើយនោះទេ។ ជាមួយគ្នានេះ អ្នកឧកញ៉ាបានលើកឧទាហរណ៍ថា មានបុគ្គលជាច្រើន នៅពេលដែលកាន់តែជោគជ័យនិងមានអំណាច ហាក់ពុំមានអ្វីសោះ នៅក្នុងខ្លួនទៅវិញ។ ពោល ពួកគេភ្លេចអស់ ចិត្តមេត្តាករុណា អត្តសញ្ញាណ ឬកំណើតខ្លួន និងមនុស្ស ដែលធ្លាប់ជាទីស្រឡាញ់។ ហេតុដូច្នេះ សិស្សបញ្ចប់ការសិក្សា ត្រូវចាំកំណើតនិងមិនភ្លេចក្រុមគ្រួសារឡើយ។ ទន្ទឹមគ្នានេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត ថ្លែងអំពីការសរសើរ និងអំណរគុណ របស់អ្នកឧកញ៉ា ទៅកាន់មាតាបិតាអ្នកអាណាព្យាបាលជាច្រើន ដែលមានក្ដីសុបិនដែរ ប៉ុន្តែសុខចិត្តលះបង់ក្ដីសុបិន របស់ខ្លួន ដើម្បីឱ្យកូនក្មួយ អាចសុបិន ដែលនេះ ជាក្ដីស្រឡាញ់ និងការលះបង់ ដែលសិស្សបញ្ចប់ការសិក្សា ត្រូវតែចងចាំ ក្នុងបេះដូង។

លោកអនុសេនីយ៍ទោ វិសាល សុណ្ណារ៉ា គឺជាវាគ្មិនកិត្តិយស នៅក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សារបស់ Aii និងជាសិស្ស ដំបូង ដែលបញ្ចប់ការសិក្សាពី Aii ព្រោះលោកសិក្សានៅ Aii ពីឆ្នាំ២០០៦ ដល់២០១១។ នាពេលបច្ចុប្បន្ន លោកគឺជាមន្ត្រីយោធាមួយរូបនៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ និងកំពុងធ្វើការ នៅនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ។ តាមការពិតទៅ ទាក់ទងនឹងប្រវត្តិសិក្សាក្រោយចប់ពីAii លោកអនុសេនីយ៍ទោ វិសាល សុណ្ណារ៉ាទទួលសញ្ញាបត្រសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស និងសញ្ញាបត្រអាជីវកម្ម និងសិក្សានយោបាយអន្តរជាតិ ពីសាកលវិទ្យាល័យNew South Wales ប្រទេសអូស្ត្រាលី។ ក្រៅពីនេះ លោកបានបញ្ចប់វគ្គនាយទាហានសកម្ម ពីបណ្ឌិតសភាយោធាអូស្ត្រាលីទៀតផង។

អ្នកតាមដានបណ្ដាញសង្គម កោតសរសើររូបលោក ដោយសារតែកំឡុងជម្លោះខ្មែរ-ថៃ លោកអនុសេនីយ៍ទោ វិសាល សុណ្ណារ៉ា ធ្វើជាអ្នកបកប្រែអន្តរជាតិ សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ហើយតំណាងកម្ពុជា ប្រកបដោយវិជ្ជាជីវៈ ទំនុកចិត្ត និងជំនាញទំនាក់ទំនងដ៏ប៉ិនប្រសប់។ នៅក្នុងសុន្ទរកថា របស់លោកអនុសេនីយ៍ទោ កំលុងពិធីបញ្ចប់ការសិក្សានេះ លោកវិសាល សុណ្ណារ៉ា នៅចងចាំច្បាស់ ពីគ្រាដំបូងដែលរូបលោកចូលរៀន នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ពោលគឺនៅឆ្នាំ២០០៦ ហើយជាពេល ដែលលោកស្គាល់អ៊ីនធើណេត ដំបូងបង្អស់តាមរយៈAii។

ជាមួយគ្នានេះ បណ្ណាល័យ របស់Aii ធ្វើឱ្យលោកចាប់ចិត្តលើអក្សរសិល្ប៍ និងប្រលោមលោក ជាភាសាអង់គ្លេស ហើយAii ក៏ធ្វើឱ្យលោកស្គាល់គំនិត និងវប្បធម៌ថ្មីៗ និងឱកាស ដ៏សម្បូរបែប។ ពេលដែលលោក អានសៀវភៅ នៅបណ្ណាល័យAii ក៏ជាពេល ដែលលោកចាំ អំពីទស្សនៈ ដែលថាភាពចង់ចេះចង់ដឹង អំពីអ្វីមួយ គឺជាកត្តាសំខាន់មួយ ក្នុងការកំណត់ពីអនាគតរបស់បុគ្គលម្នាក់នោះ។

ជាចុងក្រោយ នៅក្នុងចំណោមគំនិតល្អៗ ជាច្រើន ដែលលោកវិសាល សុណ្ណារ៉ា លើកឡើង នៅក្នុងសុន្ទរកថារបស់លោក លោកបានប្រាប់ទៅនិស្សិតបញ្ចប់ការសិក្សា អំពីដំបូន្មាន៤ចំនុច។ ដំបូន្មានទី១ សិស្សបញ្ចប់ការសិក្សា គួរតែចង់ចេះ ចង់ដឹងជានិច្ច។ ដំបូន្មានទី២ សិស្សបញ្ចប់ការសិក្សា គួរតែដាក់ខ្លួនជានិច្ច។ ដំបូន្មានទី៣ សិស្សបញ្ចប់ការសិក្សា មិនគួរទម្លាប់ខ្លួន ឱ្យស្រណុកនោះទេ ព្រោះការលំបាក់ គឺជាមេរៀនបង្រៀនយើង ឱ្យរីកចម្រើន និងដំបូន្មានទី៤ សិស្សបញ្ចប់ការសិក្សា មិនគួរមើលរំលង ការចាប់ផ្ដើម លើអ្វីមួយ ជាមួយជំហានសាមញ្ញ និងសន្សឹមៗនោះទេ។

ទាក់ទងជាមួយសេវាអប់រំ របស់ Aii មជ្ឈមណ្ឌលភាសាមួយនេះ ផ្ដល់នូវថ្នាក់ភាសា ដ៏សម្បូរបែបដល់សិស្សានុសិស្ស សម្រាប់គ្រប់វ័យ ដែលក្នុងនោះមានថ្នាក់ភាសាអង់គ្លេស ជាភាសាទីពីរ (ESL) និងថ្នាក់ភាសាចិន ជាភាសាទីពីរ (CSL)។ សម្រាប់ថ្នាក់ ESL Aii ផ្ដល់ជូនថ្នាក់ Pre-Kid សម្រាប់កុមារតូចៗ អាយុពី២ ដល់៥ឆ្នាំ ជាមួយកម្មវិធីសិក្សា បែបម៉ុនតេសូរី។

ថ្នាក់ESL ផ្សេងទៀត មានដូចជាថ្នាក់ Kid និងថ្នាក់ GEP។ ថ្នាក់ Kid បង្រៀនសិស្សពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ ជាមួយការបណ្ដុះជំនាញទាំង៤ ជាភាសាអង់គ្លេស ដូចជាសរសេរ អាន និយាយ និងស្ដាប់។ ចំពោះថ្នាក់ GEP វិញ Aiiទទួលយកសិស្ស ពីអាយុ១២ឆ្នាំឡើងទៅ ហើយថ្នាក់កម្រិតនេះ ត្រូវបានចែកជា៧ដំណាក់កាល ដើម្បីនាំផ្លូវសិស្សពីដំណាក់កាលដំបូង ដល់ដំណាក់កាលខ្ពស់។

ក្រៅពីនេះ យើងមានថ្នាក់ភាសាអង់គ្លេស សម្រាប់សាកលវិទ្យាល័យដោយថ្នាក់នេះ ត្រៀមសិស្សានុសិស្ស សម្រាប់ភាពជោគជ័យ នៅសាកលវិទ្យាល័យ រួមមានការសរសេរបែបសិក្សា ការស្រាវជ្រាវ និងយោងឯកសារ ការនិយាយជាសាធារណៈ និងជជែកតទល់ ការចូលរួមក្នុងសិក្ខាសាលា និងការត្រៀមប្រឡង TOEFL ផងដែរ។ រីឯថ្នាក់ CSL វិញ Aii ផ្ដល់ការសិក្សាដល់សិស្សពីអាយុ៨ឆ្នាំឡើងទៅ និងបញ្ចូលជំនាញម៉ាក្រូទាំង៤ ក្នុងកម្មវិធីសិក្សារួមមាន សរសេរ អាន និយាយ និងស្ដាប់ ទៅក្នុងកម្មវិធីសិក្សាភាសាចិនផងដែរ។

Aii គឺជាស្ថាប័នអប់រំ ដ៏ឈានមុខមួយនៅកម្ពុជា ហើយស្ថាប័ន របស់យើងផ្ដល់កម្មវិធី និងវគ្គភាសាអង់គ្លេស និងចិនយ៉ាងទូលំទូលាយដល់សិស្ស។ ជាមួយការប្ដេជ្ញា ដ៏រឹងមាំចំពោះការអប់រំ ប្រកបដោយគុណភាព និងភាពជោគជ័យ មជ្ឈមណ្ឌលភាសា Aii នឹងនៅតែឈរជើង ក្នុងនាមជាប្រេននិងស្ថាប័នអប់រំភាសា ដ៏គួរឱ្យទុកចិត្តមួយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមផ្ញើអ៊ីម៉ែលមក[email protected] ឬចូលមើលវេបសាយ www.aii.edu.kh និងទំព័រវេបសាយ របស់យើងwww.facebook.com/aii.mjqeducation/