រដ្ឋមន្ដ្រីមហាផ្ទៃ ស្នើបណ្ដាប្រទេសអាស៊ាន ប្ដូរវេនរៀបចំជើងឯកវាយសីនគរបាល ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរឹតចំណងមិត្តភាព

30-05-2026 18:03

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ាន ប្ដូរវេនគ្នារៀបចំការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស ព្រមទាំងរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងក្នុងតំបន់ផងដែរ។

ការលើកឡើងនេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធិបិទព្រឹត្តិការណ៍កីឡាវាយសីជើង​ឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលបានលើកមករៀបចំនៅឆ្នាំ២០២៦ នារសៀលថ្ងៃទី៣០ ខែឧសភានេះ ក្រោយដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ស្ថិតនៅបរិវេណសាលាបឋមសិក្សាចៅពញាហុក។

លោកអភិសន្ដិបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដោយរលូន និងជោគជ័យ ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ដោយមានប្រតិភូ និងអត្តពលិកជានគរបាលមកពីបណ្ដាប្រទេសក្នុងសហគមន៍អាស៊ានចំនួន ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ទីម័រខាងកើត និងប្រទេសវៀតណាម។

ទន្ទឹមជាមួយភាពជោគជ័យ នៃការរៀបចំ ២លើកជាប់គ្នានៅកម្ពុជានេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ប​ន្ដថា «សម្រាប់ព្រឹត្តិការណ៍ប្រកួតរៀបចំឡើងនាឆ្នាំបន្ទាប់ៗទៀត ខ្ញុំស្នើបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើងដោយប្តូរវេនគ្នា។ ហេតុនេះខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតនៅបណ្តាឆ្នាំខាងមុខ នឹងមានប្រទេសផ្សេងនៅក្នុងសហគមន៍អាស៊ាននឹងរៀបចំឲ្យមានព្រឹត្តិការណ៍ប្រកួតនេះ»។

លោកសង្កត់ធ្ងន់ថា «ព្រឹត្តិការណ៍ប្រកួតនាពេលនេះ មិនត្រឹមតែបានបង្ហាញអំពីសមត្ថភាពនៃការលេងកីឡាវាយសីតែមួយមុខនោះទេ ប៉ុន្តែវាជាការផ្លាស់ប្តូរនូវបទពិសោធបច្ចេកទេសរបស់កីឡាករទៅវិញទៅមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានបង្ហាញអំពីការរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃបណ្តាប្រទេសនានាក្នុងសហគមន៍អាស៊ានកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្ថែមទៀត»។

យោងតាមរបាយការណ៍លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា សរុបប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះ មានចំនួន ១៩៦នាក់ និងប្រកួតលើ ១៣វិញ្ញាសា។ ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦-៣០ ខែឧសភា ឆ្នាំ២០២៦ សម្រាប់ពានរង្វាន់នគរបាលអាស៊ីអាគ្នេយ៍ គឺក្រុមនគរបាលឥណ្ឌូនេស៊ី ជាប់លេខ១ ក្រោយឈ្នះមេដាយសរុប ៦គ្រឿង (មាស ៤ និងប្រាក់ ២) គ្រាដែលក្រុមនគរបាលកម្ពុជា និងវៀតណាម ជាប់លេខ២ និងលេខ៣ ឈ្នះមេដាយសរុប ៣គ្រឿងដូចគ្នា (ប្រាក់ ១ និងសំរឹទ្ធ ២)។

ចំណែកលទ្ធផលការប្រកួតពានរង្វាន់វិញ្ញាសាក្លិបចម្រុះអគ្គនាយកដ្ឋាននៃក្រសួងមហាផ្ទៃ គឺក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាប់លេខ១ ឈ្នះមេដាយសរុប ២គ្រឿង (មាស ១ និងប្រាក់ ១), ក្រុមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាប់លេខ២ ឈ្នះមេដាយសរុប ២គ្រឿង (មាស ១ និងសំរឹទ្ធ ១) និងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ជាប់លេខ៣ ឈ្នះមេដាយប្រាក់ ១គ្រឿង។ រីឯការប្រកួតក្លឹបចំណុះក្រសួងរាជធានី-ខេត្ត និងក្រសួង គឺក្លិប Quang Sport Can Tho ជាប់លេខ១ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ២ និងប្រាក់ ១), ក្លិបយុវជននគរបាលជាតិ ជាប់លេខ២ ឈ្នះមេដាយមាស ២គ្រឿង និងក្លិបក្រសួងមហាផ្ទៃ ជាប់លេខ៣ ឈ្នះមេដាយសរុប ៣គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ២)៕