Liverpool ដកលោក Slot ចេញពីតំណែង ក្រោយដឹកនាំបាន ២រដូវកាល
30-05-2026 19:27
(បរទេស)៖ ក្លិបបាល់ទាត់ Liverpool បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការទូទៅ Arne Slot នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ ក្រោយដឹកនាំបានតែ ២រដូវកាលប៉ុណ្ណោះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា បុរសសញ្ជាតិហូឡង់ វ័យ៤៧ឆ្នាំរូបនេះ បានដឹកនាំហង្សក្រហមឈ្នះជើងឯកលីគ Premier League និងជាលើកទី២០ របស់ពួកគេ ក្នុងរដូវកាលដំបូងរបស់លោកនៅ Anfield ក្រោយជួបភាពត្រដាបត្រដួសនារដូវកាលនេះ ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥។
បច្ចុប្បន្នលោក Andoni Iraola ដែលទើបចាកចេញពីតួនាទីក្នុងក្លិប AFC Bournemouth គឺជាបេក្ខភាពនាំមុខគេ ក្នុងការមកជំនួសតំណែងលោក Slot។
នៅចាំបានថា លោក Arne Slot បានមកដឹកនាំ Liverpool ជំនួសកៅអីលោក Jurgen Klopp ដែលបានលាឈប់កាលឆ្នាំ២០២៤ ក្រោយបុរសសញ្ជាតិអាល្លឺម៉ង់ដឹកនាំបាន ៩ឆ្នាំរួចមក៕



