PSG ការពារជើងឯក UCL បានសម្រេច និងផ្តល់ការខកចិត្តលើកទី២ ដល់ Arsenal ក្នុងការព្យាយាមឈ្នះពានអឺរ៉ុប
31-05-2026 10:46
(បរទេស)៖ ក្រុមបាល់ទាត់ Paris Saint-Germain បានក្លាយជាជើងឯកពានរង្វាន់លីគអឺរ៉ុប UEFA Champions League 2025-26 នៅពេលយកឈ្នះគូប្រជែង កាំភ្លើងធំ Arsenal ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយលេង ១២០នាទីស្មើគ្នា ១-១ កាលពីរាត្រីថ្ងៃសៅរ៍ ទី៣០ ខែឧសភា។
ការផ្តើមលេងបានតែ ៦នាទីក្នុងកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងទីក្រុង Budapest ប្រទេសហុងគ្រី នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៦ម៉ឺននាក់ ខ្សែប្រយុទ្ធអាល្លឺម៉ង់ Kai Havertz ជាអ្នកស៊ុតគ្រាប់នាំមុខសម្រាប់ក្រុមជើងឯកលីគអង់គ្លេស Premier League និងបន្តរហូតដល់ចប់វគ្គទី១ ទៀតផង បើទោះបីជាម្ចាស់ការពារតំណែងជើងឯក PSG ខិតខំសម្រុកយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ទោះជាយ៉ាងណាចូលដល់វគ្គទី២ ក្រោយពីការសម្រាក ១៥នាទីរួចមក ការព្យាយាមវាយបក និងស្វែងរកគ្រាប់របស់ PSG ដែលជាជើងឯកលីគ Ligue 1 របស់បារាំងនារដូវកាលនេះពិតជាបានសម្រេចនៅនាទី៦៥ ដោយបាល់ប៉េណាល់ទី ទាត់ដោយខ្សែប្រយុទ្ធ Ousmane Dembele ក៏ព្រោះតែខ្សែការពារ Mosquera ទាក់ជើង Kvaratskhelia ដួលក្នុងប្រអប់គ្រោះថ្នាក់។
ក្នុងការទាត់ប៉េណាល់ទីកាត់សេចក្តីនោះដែរ កីឡាករ Eze និង Magalhaes របស់ Arsenal ទាត់មិនចូលក្នុងចំណោម ៥នាក់ គ្រាដែល Mendes របស់ Paris ដ៏បរាជ័យដូចគ្នា។ ជាលទ្ធផល PSG ឈ្នះ Arsenal ៤-៣ ក្នុងការឈ្នះជើងឯក UCL ជាលើកទី២ ជាប់ៗគ្នាតែម្តង ក្រោយបំបាក់ Inter Milan ៥-០ នៃវគ្គផ្តាច់ព្រ័ត្រក្នុងរយៈពេល ១២ខែកន្លងមក។
PSG បានឈ្នះ UEFA Champions League ២លើក ក្នុងការឡើងមកដល់ផ្តាច់ព្រ័ត្រ ៣លើករបស់ពួកគេ និងជាលើកទី៣ របស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis Enrique បន្ទាប់ពីឈ្នះក្នុងឆ្នាំ២០១៥ ជាមួយ FC Barcelona នៅពេល Arsenal របស់លោក Mikel Arteta បានបរាជ័យផ្តាច់ព្រ័ត្រទាំង ២លើកក្នុងឆ្នាំ២០០៦ និងឆ្នាំ២០២៦៕




