កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» លើកដំបូង ទាក់ទាញអ្នកចូលរួមជិត ៤ពាន់នាក់

31-05-2026 11:37

(ភ្នំពេញ)៖ កម្មវិធីរត់កម្សាន្ដ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» ដែលជាកម្មវិធីបំផុសស្មារតីផ្នែកអំណាន និងចំណេះដឹងរូបិយវត្ថុខ្មែរ បានប្រព្រឹត្តទៅដោយជោគជ័យ ដោយទាក់ទាកញអ្នកចូលរួមទាំងខ្មែរ និងបរទេសជិត ៤,០០០នាក់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណតំបន់កោះពេជ្រ និងកោះនរា ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីរត់នេះរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC), សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ»។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការ NOCC បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំលើកដំបូងនេះ ដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ ក្នុងនោះទាំងអ្នកចុះឈ្មោះប្រមាណ ៣,៧០០នាក់ និងអ្នកចូលរួមរត់មិនបានចុះឈ្មោះផ្សេងទៀតសរុបជិត ៤ពាន់នាក់។ លោកចាត់ទុកនេះ គឺជាភាពជោគជ័យ ស្របតាមគុណតម្លៃនៃព្រឹត្តិការណ៍ ក្នុងយុទ្ធនាការលើកកម្ពស់ការអានដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការចូលរួមដ៏ច្រើន អមជាមួយស្នាមញញឹមរបស់ប្រជាពលរដ្ឋគ្រប់វ័យនេះដែរ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងអាចលេចរូបរាងជាបន្ដបន្ទាប់ទៀត ហើយក្នុងនាមអាជ្ញាធរកីឡា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីបន្ដការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបំផុសឲ្យប្រជាពលរដ្ឋបានចូលរួមលេងកីឡា ទទួលបាននូវសុខភាពល្អផង និងបំផុសស្មារតីផ្នែកអំណានផង ដើម្បីលើកកម្ពស់គុណភាព និងមូលធនមនុស្ស ស្របតាមគោលការណ៍រាជរដ្ឋាភិបាលផងដែរ។

ចំណែកលទ្ធផលនៃកម្មវិធីរត់កម្សាន្ដខាងលើ សម្រាប់វិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ Lai Terence ប្រើថិរវេលា ៣១នាទី និង ២៤.៧វិនាទី និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៣៩នាទី និង ១០.៦៧វិនាទី។ វីឯវិញ្ញាសារត់ ៥គីឡូម៉ែត្រផ្នែកបុរស លេខ១ បានទៅកីឡាករ អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១៤នាទី និង ៩.១៧វិនាទី និងផ្នែកនារី លេខ១ បានទៅកីឡាការិនី រ៉ាន់ រំដួល ប្រើថិរវេលា ១៧នាទី និង ៤៣.៥៥វិនាទី។ ក្រៅពីនេះគណៈកម្មការក៏មានរៀបចំរង្វាន់ជយលាភី សម្រាប់អ្នករត់ ២.៥គីឡូម៉ែត្រ និងតាមប្រភេទអាយុនៃវិញ្ញាសានីមួយៗផងដែរ៕