សណ្ឋាគារ អជ៌ុណា សូលីទែរ អបអរសាទរខួបមួយឆ្នាំនៃការបើកដំណើរការសណ្ឋាគារលំដាប់ប្រណីត នៅក្នុងក្រុងព្រះសីហនុ

31-05-2026 20:11

(ព្រះសីហនុ)៖ សណ្ឋាគារ អជ៌ុណា សូលីទែរ មានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍គម្រប់មួយឆ្នាំរបស់ខ្លួន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្រាប់រយៈពេល ១២ខែ នៃការបើកដំណើរការសណ្ឋាគារលំដាប់ប្រណីតនៅក្នុងតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីបានបើកទ្វារស្វាគមន៍ភ្ញៀវនៅក្នុងរមណីយដ្ឋានកំពង់ដេវ៉ាដ៏មានកិត្យានុភាពមក សណ្ឋាគារដែលមានបន្ទប់ស្នាក់នៅចំនួន ២៣៦នេះ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំជាជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យ និងស៊ីវិល័យ ដោយបានរៀបចំបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងប្រណីតភាពទំនើប និងបដិសណ្ឋារកិច្ចបែបប្រពៃណីខ្មែរដ៏កក់ក្តៅឥតចេះរីងស្ងួត។

ដោយស្ថិតនៅចំទីតាំងដ៏ល្អឥតខ្ចោះនៅក្នុងតំបន់រមណីយដ្ឋាន កំពង់ដេវ៉ា ក្នុងក្រុងព្រះសីហនុ សណ្ឋាគារ អជ៌ុណា សូលីទែរ គឺជាផ្នែកមួយនៃគោលដៅទេសចរណ៍បដិសណ្ឋារកិច្ច និងជានិមិត្តរូបនៃការរស់នៅដ៏ទាន់សម័យដោយបានរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះនូវភាពប្រណីតបែបទំនើបបំផុតមួយរបស់ប្រទេសកម្ពុជា។ រមណីយដ្ឋាន កំពង់ដេវ៉ា ត្រូវបានរចនាឡើងជាប្រព័ន្ធអេកូឡូស៊ីបែបរមណីយដ្ឋានតំបន់ឆ្នេរខ្នាតធំ ដែលក្នុងនោះរួមមាន សណ្ឋាគារលំដាប់ប្រណីត កន្លែងកម្សាន្ត មជ្ឈមណ្ឌលសុខុមាលភាព ភោជនីយដ្ឋាន មជ្ឈមណ្ឌលកីឡា និងជាកន្លែងកម្សាន្តសម្រាប់គ្រួសារ នៅក្នុងគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោតែមួយ។

គោលដៅទេសចរណ៍នេះរួមមាន Nirvana ដែលជាមជ្ឈមណ្ឌលកម្សាន្តលំដាប់អភិជនដ៏ប្រណីត, Khayangan Beach Club ដែលជាទីតាំងកម្សាន្តមាត់សមុទ្រយុគសម័យថ្មី បំពាក់ដោយបច្ចេកវិទ្យា LED ដ៏ទំនើប, សណ្ឋាគារ Herloom Hotel & Residence ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់ការស្នាក់នៅរយៈពេលវែង, សណ្ឋាគារ Bima Hotel & Convention ដែលផ្តោតសំខាន់លើការរៀបចំកម្មវិធី MICE និង Kompong Dewa Arena ដែលជាកីឡដ្ឋានកម្រិតអន្តរជាតិ សម្រាប់ការប្រកួតកីឡាបាល់ទាត់ និងកីឡាប្រដាល់ MMA។ រួមជាមួយនឹងការលេចឡើងក្នុងពេលឆាប់ៗនៃសួនកម្សាន្តលក្ខណៈគ្រួសារ និងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងបន្តពង្រីកខ្លួនឥតឈប់ឈរ រមណីយដ្ឋាន កំពង់ ដេវ៉ា ត្រៀមខ្លួនរួចជាស្រេចក្នុងការកំណត់និយមន័យថ្មីសម្រាប់ក្រុងព្រះសីហនុ ក្នុងនាមជាច្រកទ្វារដ៏ចម្បងសម្រាប់វិស័យទេសចរណ៍ របៀបរស់នៅ និងការកម្សាន្តនៅក្នុងប្រទេសកម្ពុជា។

ឆ្លុះបញ្ចាំងពីប្រតិបត្តិការឆ្នាំដំបូងរបស់ខ្លួន សណ្ឋាគារ អជ៌ុណា សូលីទែរ នៅតែបន្តពង្រឹងជំហររបស់ខ្លួនជាទីកន្លែងសម្រាកលំហែកាយនៅតំបន់ឆ្នេរដ៏ទាន់សម័យ សម្រាប់អ្នកដំណើរអន្តរជាតិ ថ្នាក់ដឹកនាំធុរកិច្ច និងភ្ញៀវដែលចូលចិត្តរបៀបរស់នៅបែបស៊ីវិល័យ ដែលមកទស្សនាក្រុងព្រះសីហនុ និងរមណីយដ្ឋានកំពង់ ដេវ៉ា។ ក្នុងរយៈពេល ១២ខែកន្លងមកនេះ សណ្ឋាគារមួយនេះ បានដាក់ឱ្យប្រើប្រាស់នូវគំនិតច្នៃប្រឌិតបែប «Vertical Luxury» ដ៏លេចធ្លោរបស់ខ្លួន ដែលជាបទពិសោធន៍បដិសណ្ឋារកិច្ចកម្រិតខ្ពស់នៅលើអគារខ្ពស់កប់ពពក ដោយរួមបញ្ចូលគ្នានូវភោជនីយដ្ឋានទទួលទានអាហារបែបប្រណីត មជ្ឈមណ្ឌលសុខុមាលភាព និងកន្លែងជួបជុំលក្ខណៈសង្គម នៅក្នុងបរិយាកាសប្រណីតដាច់គេ ដែលអាចមើលឃើញទិដ្ឋភាពឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។

លោកស្រី រីណា ម៉ារីយ៉ានី ដែលជានាយិកាគ្រប់គ្រងរួមទូទៅ បានមានប្រសាសន៍ថា៖ «គោលដៅរបស់យើងគឺច្បាស់លាស់ណាស់៖ នោះគឺការផ្តល់ជូននូវបទពិសោធន៍ប្រណីតដ៏ល្អឥតខ្ចោះប្រកបដោយភាពស៊ីសង្វាក់គ្នា ដោយមានបដិសណ្ឋារកិច្ចបែបខ្មែរពិតប្រាកដ ដែលជាស្នូលនៃអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ»

លោកស្រី បានបន្តថា៖ «ក្រុងព្រះសីហនុ បានជួបប្រទះនូវទស្សនៈ និងផ្នត់គំនិតផ្សេងៗគ្នា និងបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងគោលដៅទេសចរណ៍ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងមានជំនឿយ៉ាងមុតមាំថា ទីក្រុងនេះមានសក្តានុពលដ៏ធំធេងក្នុងការវិវត្តទៅជាច្រកទ្វារទេសចរណ៍ដ៏ចម្បងសម្រាប់ប្រទេសកម្ពុជា។ នៅសណ្ឋាគារ អជ៌ុណា សូលីទែរ ការប្តេជ្ញាចិត្តរបស់យើងគឺជំរុញការផ្លាស់ប្តូរនោះឱ្យមានភាពវិជ្ជមាន តាមរយៈការផ្តល់ជូននូវផលិតផលដ៏ល្អឥតខ្ចោះ សេវាកម្មដែលចេញពីចិត្ត និងស្តង់ដារ បដិសណ្ឋារកិច្ចកម្រិតអន្តរជាតិ ដែលនឹងស្តារទំនុកចិត្ត និងភាពជឿជាក់ជាសកលនៅក្នុងទីផ្សាររបស់យើងឡើងវិញ»

លោកស្រី បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ ប្រណីតភាពគឺជាអ្វី ដែលលើសពីស្ថាបត្យកម្ម ឬសម្ភារបរិក្ខារកម្រិតខ្ពស់ទៅទៀត ពោលគឺថា ប្រណីតភាពគឺជាការផ្សារភ្ជាប់ទៅនឹងសង្វាក់ប្រតិបត្តិការប្រកបដោយភាពស៊ីសង្វាក់គ្នា ការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ ភាពស្អាត និងអនាម័យ និងការបង្កើតបទពិសោធន៍សេវាកម្មដែលដក់ជាប់ក្នុងអារម្មណ៍យ៉ាងជ្រាលជ្រៅជាមួយភ្ញៀវរបស់យើង។ ក្រុមការងាររបស់យើងនៅតែបន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបណ្តុះវប្បធម៌សេវាកម្មដែលឆ្លុះបញ្ចាំងពីការផ្តល់ភាពកក់ក្តៅពិតប្រាកដ វិជ្ជាជីវៈដ៏មុតស្រួច និងអារម្មណ៍នៃមោទនភាពពិតប្រាកដនៅក្នុងបដិសណ្ឋារកិច្ចបែបខ្មែរ។

ដោយពង្រឹងបន្ថែមនូវកេរ្តិ៍ឈ្មោះ ដែលកំពុងលចធ្លោនៅក្នុងទីផ្សារបដិសណ្ឋារកិច្ចបែបប្រណីត លំដាប់អន្តរជាតិ សណ្ឋាគារ អជ៌ុណា សូលីទែរ ឈានចូលឆ្នាំទីពីររបស់ខ្លួន និងត្រូវបានដាក់ឈ្មោះជាបេក្ខភាពសម្រាប់ពានរង្វាន់ដ៏មានកិត្យានុភាព Condé Nast Traveler 2026 Readers’ Choice Awards នៅក្នុងប្រភេទជាច្រើន រួមមាន សណ្ឋាគារលំដាប់ប្រណីត ភោជនីយដ្ឋានលំដាប់ខ្ពស់ និងឡោញកម្រិតព្រីមៀម

បទពិសោធន៍នៃការរស់នៅ និងការទទួលទានអាហារបែបប្រណីតក្នុងសណ្ឋាគារមួយនេះ នៅតែបន្តរួមចំណែកដល់ការពង្រីកកេរ្តិ៍ឈ្មោះរបស់ក្រុងព្រះសីហនុ ក្នុងនាមជាគោលដៅទេសចរណ៍ប្រណីតដែលកំពុងលេចធ្លោ៖

*Angkasa Restaurant & Bar (ជាន់ទី ២៣)៖ ភោជនីយដ្ឋាន និងបារលំដាប់ខ្ពស់ របស់សណ្ឋាគារ អជ៌ុណា សូលីទែរ ផ្តល់ជូននូវបទពិសោធន៍ម្ហូបអាហារបែបសម័យទំនើប ដែលមានមុខម្ហូបអន្តរជាតិ និងបញ្ជីមុខម្ហូបខ្មែរ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង។

*Sky Lounge (ជាន់ទី ១៣)៖ ទីកន្លែងជួបជុំគ្នាជាមួយមិត្តភក្តិ ដែលអាចមើលឃើញ ទេសភាពទីក្រុង និងនៅជាប់នឹងអាងហែលទឹក Sky Pool ដ៏ធំទូលាយ។ ឡោញ (Lounge) ដែលមានភាពល្បីល្បាញខាងភាពច្នៃប្រឌិតស្រាត្រាំ មានបម្រើជូននូវអាហារសម្រន់ពេលរសៀល និងបទពិសោធន៍ទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាត ដែលធ្វើឱ្យទីនេះក្លាយជាទីកន្លែងដ៏ឈានមុខគេនៅក្នុងក្រុងព្រះសីហនុ សម្រាប់ការលម្ហែកាយ។

*មជ្ឈមណ្ឌលសុខុមាលភាព ​​​(ជាន់ទី១២)៖ នៅជាន់នេះជាមជ្ឈមណ្ឌលសុខុមាលភាព ដែលមានអាងហែលទឹក និងបារ កន្លែងហាត់ប្រាណ (The Workout) ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប និងជាទីតាំងផ្តាច់មុខរបស់ Arjuna Spa by Sandjong ដែលនឹងមកដល់ឆាប់ៗនេះ។

លើសពីនេះ ជាន់ទី២៥ នៃអគារនេះគឺជា ភោជនីយដ្ឋានចិន រ៉ូយ៉ាល់ វ៉ាង ឡុង (Wang Long Royal Chinese Restaurant) ដែលផ្តល់ជូនបទពិសោធន៍ទទួលទានអាហារកម្រិតព្រីមៀម ជំនាញខាងម្ហូបរសជាតិដើមខេត្តស៊ីឈួន និងខេត្តក្វាងទុង និងអាចមើលឃើញទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ទោះបីមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ អជ៌ុណា សូលីទែរក៏ដោយ ភោជនីយដ្ឋានចិន រ៉ូយ៉ាល់ វ៉ាង ឡុង ត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីគ្នា។

ក្នុងនាមជាសមាជិកដ៏មានមោទនភាពនៃក្រុមហ៊ុន JHL Collection សណ្ឋាគារ អជ៌ុណា សូលីទែរ នៅតែបន្តពង្រឹងជំហររបស់ខ្លួននៅក្នុងវិស័យបដិសណ្ឋារកិច្ចលំដាប់ប្រណីតរបស់ប្រទេសកម្ពុជា តាមរយៈឧត្តមភាពសេវាកម្មល្អឥតខ្ចោះ សម្ភារបរិក្ខារកម្រិតព្រីមៀម និងបទពិសោធន៍ដែលផ្តោតលើភ្ញៀវជាធំ។

សម្រាប់ការកក់ទុក និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការ៖ Arjuna Solitaire Hotel

អំពីក្រុមហ៊ុន JHL COLLECTION៖ JHL Collection គឺជាក្រុមហ៊ុនគ្រប់គ្រងបដិសណ្ឋារកិច្ចឈានមុខគេមួយ ដែលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់នវានុវត្តន៍ និងការរចនាក្នុងវិស័យនេះ ។ ដោយត្រូវបានទទួលស្គាល់ចំពោះការផ្តល់សេវាកម្មសណ្ឋាគារដ៏ល្អឥតខ្ចោះរបស់ខ្លួន ដែលមានចាប់ពីវីឡាលំដាប់ប្រណីត រីសត និងសណ្ឋាគារ រហូតដល់អាផាតមិនប្រភេទផ្កាយ ៤ ដល់ផ្កាយ ៥ ក្រុមហ៊ុន JHL Collection ធានាផ្តល់ជូននូវបទពិសោធន៍បដិសណ្ឋារកិច្ចលំដាប់កំពូល ។ បន្ថែមលើប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងតាំងហ្ការ៉ាំង ក្រុងព្រះសីហនុ ទីក្រុងបូហ្គោ និងទីក្រុងបាលី ក្រុមហ៊ុន JHL Collection បានពង្រីកស្លាកយីហោរបស់ខ្លួនជាក្រុមហ៊ុនដែលកំពុងលេចធ្លោក្នុងវិស័យបដិសណ្ឋារកិច្ច ។

អំពីសណ្ឋាគារ អជ៌ុណា សូលីទែរ៖ សណ្ឋាគារ អជ៌ុណា សូលីទែរ គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយប្រាំ ដែលមានទីតាំងស្ថិតនៅក្នុងរមណីយដ្ឋាន កំពង់ ដេវ៉ា ក្នុងក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ ជាមួយនឹងកម្ពស់ ២៥ជាន់ មើលឃើញឆ្នេរសមុទ្រ សណ្ឋាគារមួយនេះ អាចឱ្យឃើញនូវទិដ្ឋភាពសមុទ្រដ៏ស្រស់ស្អាត ភោជនីយដ្ឋានដ៏ប្រណីត សម្ភារបរិក្ខារសុខុមាលភាពកម្រិតព្រីមៀម និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏សម្រិតសម្រាំង ដែលត្រូវបានរចនាឡើងសម្រាប់អ្នកដំណើរលំហែកាយ និងធុរកិច្ចដែលស្វែងរកភាពប្រណីតតាមតំបន់ឆ្នេរដ៏ទាន់សម័យ៕