សហគ្រិនខ្មែរ និងផ្សារអ៉ីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១ «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ» !

01-06-2026 09:32

(ភ្នំពេញ)៖ សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអ៉ីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ ជុំទី១នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការ អស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអ៉ីអន រួមមាន៖ ផ្សារអ៉ីអនភ្នំពេញ សែនសុខ និងមានជ័យ។

ពិព័រណ៍នេះបានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការអភិវឌ្ឍទីផ្សារក្នុងស្រុក ឱ្យកាន់តែមានភាពរស់រវើក និងពង្រីកសក្តានុពលផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ដោយឡែក សម្រាប់ជុំនេះ ក៏មានការចូលរួម របស់សហគ្រាសធុនតូច និងមធ្យមថ្មីៗ ដែលជាសហគ្រាសទទួលផលពី «កម្មវិធីផ្សារភ្ជាប់ទីផ្សារ» របស់សហគ្រិនខ្មែរ ក្នុងការទទួលបានការគាំទ្រដើម្បីបំពេញតាមស្តង់ដារ អនុលោមភាព និងគុណភាព របស់ផ្សារអ៉ីអន។ គិតចាប់ពីឆ្នាំ២០២១ ការចាប់ផ្តើមនៃកិច្ចសហការនេះ បានផ្តល់ផលវិជ្ជមានជូនសហគ្រាសធុនតូច និងមធ្យមរាប់រយ តាមរយៈការបង្កើតចំណូលរាប់លានដុល្លារ ពីគំនិតផ្តួចផ្តើមមួយនេះ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ សហគ្រិនខ្មែរតែងតែគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍអាជីវកម្ម ចាប់តាំងពីការកសាងសមត្ថភាព និងការគាំទ្រហិរញ្ញប្បទាន រហូតដល់ការផ្សារភ្ជាប់ទៅកាន់បណ្តាញចែកចាយលក់រាយធំៗ ដូចជាផ្សារអ៉ីអនជាដើម។ ពិព័រណ៍នេះ បានស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ ក្នុងការបង្កើតឱកាស ដើម្បីដាក់បង្ហាញផលិតផលជូនអតិថិជន សំដៅលើកកម្ពស់ និងអភិវឌ្ឍ ខ្សែចង្វាក់ផលិតផលក្នុងស្រុក។

ពិព័រណ៍នេះបានជំរុញការយល់ដឹង និងការបញ្ជាទិញទំនិញក្នុងស្រុកកាន់តែច្រើន ព្រមទាំងពង្រឹងទំនុកចិត្តអតិថិជន និងបើកឱកាសពាណិជ្ជកម្មថ្មីៗរវាងផលិតករ និងអ្នកបញ្ជាទិញ។ អតិថិជនជាតិ និងអន្តរជាតិបានគាំទ្រយ៉ាងសកម្មលើផលិតផលជាច្រើនមុខ រួមមានផលិតផលស្រស់ ផលិតផលទឹកដោះគោ ទំនិញវេចខ្ចប់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែប និងការកើនឡើងនៃគុណភាពផលិតករក្នុងស្រុក។

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ ផ្សារទំនើប អ៉ីអន យើងជឿជាក់យ៉ាងមុតមាំថា ការគាំទ្រផលិតផលក្នុងស្រុកនេះផ្ទាល់ប្រៀបបានដូចជាការគាំទ្រដល់គ្រួសារ សហគមន៍ និងសេដ្ឋកិច្ចជាតិកម្ពុជា។ តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកនេះ យើងមានមោទនភាព ក្នុងការបន្តផ្តល់ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីដាក់តាំងបង្ហាញ ពីផលិតផលរបស់ពួកគេទៅកាន់អតិថិជនរបស់ផ្សារទំនើបយើង ឲ្យបានកាន់តែធំទូលំទូលាយ និងរីកចម្រើនតទៅមុខបន្ថែមទៀត។ តាមរយៈពិព័រណ៍ផលិតផលក្នុងស្រុកនេះផងដែរ បានបញ្ជាក់ ឲ្យឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលក្នុងស្រុករបស់យើងកាន់តែបន្តលូតលាស់ ហើយទទួលបានការជឿទុកចិត្ត និងទទួលស្គាល់ពីអតិថិជន ហើយសម្រាប់ផ្សារទំនើបអ៊ីអន នៅតែបន្តគាំទ្រចូលរួមក្នុងការបង្កើតពិព័រណ៍បែបនេះ ឲ្យបានកាន់តែច្រើនដើម្បីចូលរួមលើកកម្ពស់ គុណភាព ភាពច្នៃប្រឌិត និងសក្តានុពលនៃផលិតផលក្នុងស្រុក។

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ ផ្សារទំនើបអ៉ីអន ម៉ល ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក តាមរយៈកម្មវិធីផ្សេងៗ ដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះផ្តល់ឱកាសឱ្យអាជីវកម្មខ្មែរផ្សព្វផ្សាយពីផលិតផល ក្នុងស្រុកទៅកាន់អតិថិជនកាន់តែច្រើន និងពង្រីកអាជីវកម្មរបស់ខ្លួន។ ជាមួយគ្នានេះ យើងមានគោលបំណងបង្កើតបរិយាកាសការស៊បភីងឱ្យកាន់តែមានភាពរីករាយ ដោយផ្តល់នូវផលិតផល ចម្រុះជាច្រើនសម្បូរបែប។ ទៅថ្ងៃខាងមុខ យើងនឹងបន្តរៀបចំកម្មវិធីស្រដៀងគ្នានេះ ដើម្បីជួយជម្រុញការផ្សព្វផ្សាយ និងគាំទ្រអាជីវកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។

យើងទាំងអស់គ្នានឹងបន្តរួមគ្នាលើកស្ទួយផលិតផលកម្ពុជា គាំទ្រសហគ្រិនក្នុងស្រុក និងរួមគ្នាកសាងគ្រឹះសេដ្ឋកិច្ចជាតិមួយដ៏រឹងមាំ និងមានមោទនភាពជាតិខ្ពស់៕