Meta, TikTok និង YouTube ព្រមព្រៀងគ្នាបង់លុយ ២៧លានដុល្លារ បន្ទាប់ពីសាលារៀនប្តឹងរឿង «ធ្វើឱ្យសិស្សបាក់ទឹកចិត្ត»

01-06-2026 09:37

(បរទេស)៖ ក្រុមហ៊ុនបណ្តាញសង្គមធំៗ រួមមាន Meta, TikTok, Snap និង YouTube បានព្រមព្រៀងគ្នាដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយយល់ព្រមបង់ប្រាក់សរុបប្រមាណ ២៧ លានដុល្លារ ទៅឱ្យមណ្ឌលសិក្សា Breathitt County ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។ ការសម្រេចចិត្តបង់ប្រាក់នេះ ធ្វើឡើងបន្ទាប់ពីសាលារៀនខាងលើបានដាក់ពាក្យប្តឹង ដោយចោទប្រកាន់ថា វេទិកាបណ្តាញសង្គមទាំងនោះបានរចនាមុខងារទាក់ទាញឱ្យក្មេងៗញៀនដកខ្លួនមិនរួច រហូតបង្កជាវិបត្តិសុខភាពផ្លូវចិត្ត និងជំងឺបាក់ទឹកចិត្តដល់សិស្សានុសិស្ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

ផ្អែកតាមឯកសារផ្លូវការ ក្រុមហ៊ុន Meta (ម្ចាស់កម្មវិធី Facebook, Instagram និង WhatsApp) ជាអ្នកបង់ប្រាក់ច្រើនជាងគេបង្អស់គឺចំនួន ៩ លានដុល្លារ ខណៈដែល TikTok និង Snap ព្រមព្រៀងបង់ម្នាក់ៗ ៨ លានដុល្លារ ចំណែកឯ YouTube យល់ព្រមបង់ ២,០១ លានដុល្លារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលពិសេសលើកម្មវិធីសិក្សា Google Classroom ផងដែរ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនេះមិនបានតម្រូវឱ្យក្រុមហ៊ុនទាំងនោះទទួលស្គាល់កំហុសផ្លូវច្បាប់ ឬត្រូវកែប្រែប្រព័ន្ធរបស់ខ្លួនឡើយ ហើយក្រុមហ៊ុនទាំងនោះតែងតែអះអាងថា ខ្លួនបានចាត់វិធានការយ៉ាងទូលំទូលាយដើម្បីការពារសុវត្ថិភាពយុវជនរួចហើយ។

រឿងក្តីរបស់មណ្ឌលសិក្សា Breathitt នេះ ត្រូវបានគេចាត់ទុកជា «រឿងក្តីគំរូ» (Bellwether case) ដ៏សំខាន់មួយ ព្រោះវាជាករណីដំបូងគេបង្អស់ដែលឈានទៅដល់ការដោះស្រាយ ក្នុងចំណោមបណ្តឹងស្រដៀងគ្នារបស់មណ្ឌលសិក្សាចំនួន ១,២០០ ផ្សេងទៀតនៅទូទាំងប្រទេស។ ទោះបីជា Breathitt ជាមណ្ឌលសិក្សាជនបទតូចមួយដែលមានសិស្សត្រឹម ១,៦០០ នាក់ក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះនឹងក្លាយជាត្រីវិស័យសម្រាប់វាស់ស្ទង់តម្លៃសំណង និងជាមគ្គុទ្ទេសក៍ក្នុងការចរចាសម្រាប់រឿងក្តីរបស់មណ្ឌលសិក្សាធំៗដទៃទៀត ដូចជាមណ្ឌលសិក្សា Tucson ក្នុងរដ្ឋ Arizona ដែលកំពុងទាមទារសំណងរហូតដល់ទៅជាង ១,១ ពាន់លានដុល្លារ។

គួរជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនបណ្តាញសង្គមទាំងនេះកំពុងប្រឈមមុខនឹងសម្ពាធផ្លូវច្បាប់យ៉ាងចាស់ដៃ ដោយមានពាក្យបណ្តឹងពាក់ព័ន្ធនឹងការញៀនបណ្តាញសង្គមជាង ៣,៣០០ ករណីកំពុងរង់ចាំការដោះស្រាយនៅក្នុងតុលាការ។ សូម្បីតែក្រុមហ៊ុន Meta ខ្លួនឯង ក៏បានចេញមុខព្រមានអ្នកវិនិយោគរបស់ខ្លួនផងដែរថា៖ «ការវាយបកតាមផ្លូវច្បាប់ និងបទប្បញ្ញត្តិនៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញបញ្ហាបណ្តាញសង្គមរបស់យុវជន អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្ម និងលទ្ធផលហិរញ្ញវត្ថុរបស់យើង»