តារាស៊ុតច្រើនឱ្យអ៊ុយរូហ្គាយ Suarez មិនជាប់ជម្រើសជាតិទៅលេង World Cup 2026 លើកទី៥ របស់ខ្លួនឡើយ

01-06-2026 09:42

(បរទេស)៖ ខ្សែប្រយុទ្ធ Luis Suarez ម្ចាស់កំណត់ត្រាស៊ុតបាន ៦៩គ្រាប់ច្រើនជាងគេ ក្នុងចំណោម ១៤៣ប្រកួតនៅជម្រើសជាតិអ៊ុយរូហ្គាយ មិនត្រូវបានគ្រូបង្វឹក លោក Marcelo Bielsa ចុចឈ្មោះទៅលេង World Cup 2026 នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ថ្មីៗនេះ Suarez វ័យ ៣៩ឆ្នាំដែលកំពុងប្រកបអាជីពក្នុងក្លិប Inter Miami CF បានបើកទ្វារក្នុងការវិលមកលេងឱ្យ ជម្រើសជាតិអ៊ុយរូហ្គាយឡើងវិញ ប្រសិនបើជម្រើសជាតិត្រូវការគាត់ ក្រោយពេលប្រកាសចូលនិវត្តន៍បាន ២០ខែមកនេះ។

ប៉ុន្តែលទ្ធផលសម្រេចចុងក្រោយ ក្នុងចំណោមកីឡាករសរុប ២៦នាក់របស់អតីតជើងឯក World Cup ២សម័យកាលមួយនេះ ពុំមានវត្តមានខ្សែប្រយុទ្ធពាក់លេខ៩ ចាស់វស្សារូបនេះឡើយ។

នៅ World Cup 2026 ជំនាន់ទី២៣ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ក្រុមមកពីអាមេរិកឡាទីន អ៊ុយរូហ្គាយ ស្ថិតក្នុងពូល H ជាមួយអារ៉ាប៊ីសាអូឌីត កាប់វ៉េ និងជើងខ្លាំងអេស្ប៉ាញ ដោយមានបញ្ជីឈ្មោះកីឡាករដូចខាងក្រោម៖

១៖ ចាំទី-Sergio Rochet, Fernando Muslera និង Santiago Mele។

២៖ ការពារ-Guillermo Varea, Ronald Araujo, Jose Maria Gimenez, Santiago Bueno, Sebastian Caceres, Mathias Olivera, Joaquin Piquerez និង Matias Vina។

៣៖ បម្រើ-Manuel Agarte, Emiliano Martinez, Rodrigo Bentancur, Federico Valverde, Agustin Canobbio, Juan Manuel Sanabria, Giogian de Arrascaeta, Nicolas de la Cruz, Rodrigo Zalazar, Facundo Pellistri, Maximiliano Araujo និង Brian Rodriguez។

៤៖ ប្រយុទ្ធ-Rodrigo Aguirre, Federico Vinas និង Darwin Nunez៕