SoftBank ប្រកាសវិនិយោគរហូតដល់ ៨៧ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យក្នុងប្រទេសបារាំង

01-06-2026 10:22

(បរទេស)៖ ក្រុមហ៊ុន SoftBank Group បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនមានផែនការចំណាយថវិការហូតដល់ ៧៥ពាន់លានអឺរ៉ូ (ប្រហែល ៨៧ពាន់លានដុល្លារអាមេរិក) ដើម្បីពង្រីកសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសបារាំង។ ក្រុមហ៊ុនបានបញ្ជាក់ថា គោលដៅគឺដើម្បីអភិវឌ្ឍ និងដំណើរការមជ្ឈមណ្ឌលទិន្នន័យបន្ថែមដែលមានសមត្ថភាពរហូតដល់ ៥ហ្គីហ្គាវ៉ាត់ (gigawatts)។

ដំណាក់កាលដំបូងនៃផែនការនេះ រួមមានការសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងតំបន់ Dunkirk (Loon-Plage), Bosquel, និង Bouchain ដើម្បីផ្គត់ផ្គង់ថាមពលសមត្ថភាព ៣,១ ហ្គីហ្គាវ៉ាត់ ទៅកាន់តំបន់ Hauts-de-France ត្រឹមឆ្នាំ២០៣១។ ក្រុមហ៊ុន SoftBank ដែលជាទាំងអ្នកវិនិយោគ និងជាអតិថិជនរបស់ក្រុមហ៊ុន OpenAI បានលើកឡើងថា នេះនឹងក្លាយជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI ដ៏ធំបំផុតរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង លោក Roland Lescure បានពិពណ៌នាអំពីការប្រកាសនេះថាជា «សក្ខីកម្មមួយបង្ហាញពីមហិច្ឆតារបស់ប្រធានាធិបតី Emmanuel Macron ក្នុងការដាក់ទីតាំងប្រទេសបារាំងឱ្យក្លាយជាគោលដៅឈានមុខគេមួយនៅទូទាំងខ្សែច្រវាក់តម្លៃ AI»

ទោះជាយ៉ាងណាក៏ដោយ នៅសហរដ្ឋអាមេរិក ការប្រឆាំងនឹងការសាងសង់មជ្ឈមណ្ឌលទិន្នន័យកំពុងតែឡើងកម្តៅខ្លាំង ដោយសារតែក្តីបារម្ភផ្នែកបរិស្ថាន ក៏ដូចជាសំណួរអំពីរបៀបដែលមជ្ឈមណ្ឌលទិន្នន័យទាំងនោះជះឥទ្ធិពលដល់បណ្តាញអគ្គិសនី និងតម្លៃសេវាប្រើប្រាស់ជាសាធារណៈ។ ទោះជាយ៉ាងនេះក្តី កាលពីពេលមុន SoftBank បានប្រកាសពីផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយនៅក្នុងរដ្ឋ Ohio ដែលផ្គត់ផ្គង់ថាមពលដោយរោងចក្រថាមពលហ្គាសធម្មជាតិថ្មីមួយទំហំ ៩,២ ហ្គីហ្គាវ៉ាត់៕