ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ កៀគរបានថវិកាជាង ៣ពាន់ដុល្លារ ជួយមន្ទីរពេទ្យកុមារអង្គរ
01-06-2026 10:35
(ភ្នំពេញ)៖ កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ដែលរៀបចំដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់ដោយជោគជ័យ និងកៀគរបានថវិកាចំនួន ៣,៣៣៣ដុល្លារ បរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ។
ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌ និងទេសចរណ៍នេះ គឺបានចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តសៀមរាប លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រ ដែលរៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI)។
លោក នូវ ចំរើន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា កម្មវិធីនេះក្រៅពីកៀគរមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ និងផ្សព្វផ្សាយពីទេសចរណ៍ ពិសេសខេត្តសៀមរាប ក៏ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្ដរជាតិ ១មិថុនា និងអបអរសាទរទិវាជិះកង់ពិភពលោក ៣មិថុនា ផងដែរ។
ជាមួយឆ្នាំទី៣ នៃព្រឹត្តិការណ៍ជិះកង់ ដើម្បីសប្បុរសធម៌នេះ លោកបានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតអ្នកចុះឈ្មោះមានការថមថយត្រឹម ១៨០នាក់ តែមានកំណើនអ្នកមិនបានចុះឈ្មោះ ហើយចូលរួមជិះកង់ជូនដំណើរ តាមបណ្ដារាជធានី-ខេត្តនីមួយៗយ៉ាងច្រើន ពិសេសនៅខេត្តសៀមរាប ដែលសរុបមានអ្នកចូលរួមជាង ៥០០នាក់។
ទន្ទឹមជាមួយភាពជោគជ័យនេះ លោកក៏បានថ្លែងអំណរគុណដល់កងកម្លាំង និងអាជ្ញាធរតាមបណ្ដារាជធានី-ខេត្តទាំងអស់ ដែលបានសហការរៀបចំបានយ៉ាងល្អ ធ្វើឲ្យកីឡាករ-កីឡាការិនី បានធ្វើដំណើរដល់គោលដៅដោយសុវត្ថិភាព ព្រមទាំងបានបន្សល់នូវអនុស្សាវវរីយ៍ដ៏ល្អ បន្ទាប់ពីទទួលបានការគាំទ្រ និងលើកទឹកចិត្តពីប្រជាពលរដ្ឋ នៅតាមផ្លូវជាតិលេខ៦ ទៀតផង។
ក្នុងនាមសហព័ន្ធ លោក នូវ ចំរើន បានចាត់ទុកព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំមួយនេះ មិនត្រឹមតែជាការរួមចំណែកជួយដល់កិច្ចការសប្បុរសធម៌នោះទេ តែការធ្វើដំណើរលើវិថីដ៏វែងឆ្ងាយពីភ្នំពេញ ទៅខេត្តសៀមរាប ពិតជាបានរួមចំណែកផ្សព្វផ្សាយពីវិស័យទេសចរណ៍ ក៏ដូចជាលើកស្ទួយវិស័យកីឡាទោចក្រយាននៅកម្ពុជា និងបំផុសស្មារតីមិត្តភាព សាមគ្គីភាព និងផ្ដល់នូវសុខភាពល្អដល់ប្រជាពលរដ្ឋគ្រប់រូបផងដែរ៕












