អ្នកជំនាញព្រមានពីបច្ចេកវិទ្យា «Wi-Fi Sensing» ជំនាន់ថ្មី អាចសម្គាល់អត្តសញ្ញាណ និងតាមដានមនុស្សម្នាក់ៗក្នុងកម្រិតត្រឹមត្រូវរហូតដល់ ៩៩.៥%

01-06-2026 10:38

(អាល្លឺម៉ង់)៖ ក្រុមអ្នកជំនាញផ្នែកសន្តិសុខសាយប័រ និងអ្នកស្រាវជ្រាវបច្ចេកវិទ្យា បានចេញមុខព្រមានថា បច្ចេកវិទ្យាចាប់សញ្ញា Wi-Fi (Wi-Fi sensing technologies) ដែលកំពុងលេចរូបរាងឡើង អាចនឹងមានលទ្ធភាពសម្គាល់ និងតាមដានរាល់សកម្មភាពរបស់បុគ្គលម្នាក់ៗ នាពេលអនាគត ជាមួយនឹងកម្រិតត្រឹមត្រូវ និងច្បាស់លាស់បំផុត ដែលនេះកំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាឯកជនភាព។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវិទ្យាសាស្ត្រល្បីល្បាញ ScienceDaily កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យា Karlsruhe Institute of Technology (KIT) ក្នុងប្រទេសអាល្លឺម៉ង់ បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាមួយមានឈ្មោះថា «BFId»។ ប្រព័ន្ធនេះដំណើរការដោយប្រើប្រាស់ព័ត៌មានត្រឡប់នៃរលកសញ្ញា (Beamforming Feedback Information - BFI) ដែលជាទិន្នន័យសញ្ញាឥតខ្សែដោះដូររវាងឧបករណ៍អេឡិចត្រូនិច ដើម្បីបង្កើនប្រសិទ្ធភាពនៃការភ្ជាប់បណ្តាញ Wi-Fi។ ប្រព័ន្ធថ្មីនេះ អាចបែងចែកមនុស្សម្នាក់ពីមនុស្សម្នាក់ទៀត ដោយផ្អែកលើរបៀបដែលរាងកាយរបស់ពួកគេធ្វើអន្តរកម្មជាមួយរលកវិទ្យុ។

ជាគោលការណ៍ រាងកាយរបស់មនុស្សមានសមត្ថភាពស្រូប ឆ្លុះបញ្ចាំង និងបំបែករលកសញ្ញា Wi-Fi ក្នុងទម្រង់ប្លែកៗគ្នាទៅតាមបុគ្គលម្នាក់ៗ។ តាមរយៈការប្រើប្រាស់គំរូបញ្ញាសិប្បនិម្មិត (AI Model) ប្រព័ន្ធនេះអាចរៀនសូត្រ និងសម្គាល់ទម្រង់នៃការប្រែប្រួលសញ្ញាទាំងនោះ ដែលបង្កឡើងដោយរាងកាយរបស់មនុស្សជាក់លាក់ណាម្នាក់។ ការវិភាគលើការប្រែប្រួលរលកសញ្ញានេះ អនុញ្ញាតឱ្យប្រព័ន្ធអាចបង្កើតជា «ស្នាមមេដៃជីវមាត្រផ្អែកលើរលកវិទ្យុ ឬ Radio-based biometric signature» សម្រាប់សម្គាល់បុគ្គលម្នាក់ៗបានយ៉ាងមានប្រសិទ្ធភាព។

នៅក្នុងការសិក្សាស្រាវជ្រាវដែលត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់មួយ ដោយមានការចូលរួមពីអ្នកស្ម័គ្រចិត្តចំនួន ១៩៧ នាក់ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា ប្រព័ន្ធ BFId នេះ មានសមត្ថភាពសម្គាល់អត្តសញ្ញាណបុគ្គលម្នាក់ៗបានក្នុងកម្រិតត្រឹមត្រូវរហូតដល់ ៩៩.៥% ក្រោមលក្ខខណ្ឌពិសោធន៍។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កម្រិតដៅច្បាស់នេះនៅតែរក្សាបានខ្ពស់ ទោះបីជាស្ថិតក្នុងមុំមើលខុសៗគ្នា ទម្រង់រាងកាយខុសគ្នា ឬទម្រង់នៃការដើរខុសគ្នាក៏ដោយ។

ចំណុចពិសេសដែលខុសប្លែកពីប្រព័ន្ធចាប់សញ្ញាឥតខ្សែមុនៗគឺ ប្រព័ន្ធ «BFId» ត្រូវបានរចនាឡើងដើម្បីដំណើរការជាមួយ Protocols របស់បណ្តាញ Wi-Fi ស្តង់ដារ និងឧបករណ៍ប្រើប្រាស់ទូទៅនៅលើទីផ្សារ ដោយមិនចាំបាច់ទាមទារឱ្យមានការបំពាក់ឧបករណ៍ចាប់សញ្ញា (Sensors) ជំនាញ ឬឧបករណ៍កម្រិតខ្ពស់បន្ថែមនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា បច្ចេកវិទ្យានេះត្រូវបានបង្ហាញ និងធ្វើតេស្តនៅក្នុងបរិយាកាសស្រាវជ្រាវដែលគ្រប់គ្រងបានតែប៉ុណ្ណោះ។ នេះមិនមែនមានន័យថា បណ្តាញ Wi-Fi សាធារណៈធម្មតាដែលយើងកំពុងប្រើប្រាស់រាល់ថ្ងៃ អាចសម្គាល់អត្តសញ្ញាណមនុស្សបានក្នុងកម្រិត ៩៩.៥% ភ្លាមៗនោះទេ។ ប៉ុន្តែ ទោះជាជាយ៉ាងណា លទ្ធផលនៃការរកឃើញនេះ បានគូសបញ្ជាក់យ៉ាងច្បាស់ពីការកើនឡើងនៃក្តីបារម្ភផ្នែកឯកជនភាព ជុំវិញបច្ចេកវិទ្យាចាប់សញ្ញាឥតខ្សែ និងលទ្ធភាពនៃការយកលំហូររលកវិទ្យុដែលមានស្រាប់ក្នុងបរិយាកាស មកប្រើប្រាស់សម្រាប់ការសម្គាល់អត្តសញ្ញាណជីវមាត្រនាពេលអនាគត។

ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញផ្នែកសន្តិសុខសាយប័រ (Cybersecurity Experts) បានសង្កត់ធ្ងន់ថា ការស្រាវជ្រាវនេះគឺជាសញ្ញាព្រមានមួយបង្ហាញពីតម្រូវការចាំបាច់ ក្នុងការបង្កើតរបាំងការពារឯកជនភាពឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ខណៈដែលបច្ចេកវិទ្យាឥតខ្សែនាពេលបច្ចុប្បន្ន និងអនាគត កាន់តែមានសមត្ថភាពខ្ពស់ក្នុងការរាវរក វិភាគវត្តមាន ក៏ដូចជាឥរិយាបថរបស់មនុស្សជាតិ។

តើបច្ចេកវិទ្យា Wi-Fi Sensing គឺជាអ្វី? Wi-Fi Sensing គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់រលកសញ្ញា Wi-Fi ដែលមានស្រាប់នៅក្នុងបរិយាកាស ដើម្បីរាវរក តាមដាន និងវិភាគលើចលនា វត្តមាន ឬសកម្មភាពរបស់មនុស្ស និងវត្ថុផ្សេងៗ ដោយមិនចាំបាច់ប្រើប្រាស់កាមេរ៉ា ឬឧបករណ៍ចាប់សញ្ញាពាក់នឹងខ្លួននោះឡើយ៕