PSG និង Arsenal ទទួលបានរង្វាន់ជាទឹកប្រាក់ក្បែរ ២០០លានដុល្លារដូចគ្នា ពីការឈានដល់ផ្តាច់ព្រ័ត្រ UCL
01-06-2026 12:04
(ប៉ារីស)៖ ទាំងក្រុមជើងឯក UEFA Champions League 2025-26 គឺ Paris Saint-Germain និងជើងឯករង Arsenal ទទួលបានរង្វាន់គិតជាប្រាក់យ៉ាងហោចណាស់ក៏ ១៦០លានដុល្លារ ពីការឡើងមកដល់វគ្គផ្តាច់ព្រ័ត្រដែលប្រកួតបញ្ចប់កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយដោយ yahoo sports។
ប្រភពដដែលបានគូសបញ្ជាក់ថា សម្រាប់ក្រុមឈ្នះវគ្គផ្តាច់ព្រ័ត្រតែ ១ប្រកួតនៃ Champions រដូវកាលនេះ ទទួលបាន ២៩លានដុល្លារ គ្រាដែលជើងឯករង កាំភ្លើងធំ Arsenal វិញទទួលបាន ២១.៥លានដុល្លារ និងបូកបន្ថែមវគ្គបន្តបន្ទាប់ រហូតដល់ផ្តាច់ព្រ័ត្រ ពោលគឺទទួលបានជិត ២០០លានដុល្លារឯណោះ។
សម្រាប់ពានរង្វាន់លីគប្រចាំទ្វីបអឺរ៉ុប Champions League រដូវកាលនេះ សហព័ន្ធ UEFA បានបង្កើនកញ្ចប់ថវិកា មានដល់ទៅ ២.៩ពាន់លានដុល្លារ ($2.9billion) កើនឡើងប្រមាណ ១.២% បើធៀបនឹងរដូវកាលមុន។
នៅចាំបានថា PSG របស់បារាំង ទទួលបានទឹកប្រាក់សរុបចំនួន ១៦៩លានដុល្លារអាមេរិក ពីការដណ្តើមបានជើងឯក UCL ជាលើកដំបូងរបស់ពួកគេរដូវកាលមុន នៅពេលក្រុមរងជើងឯក Inter Milan របស់អ៉ីតាលីបាន ១៦០លានដុល្លារត្រឡប់ទៅផ្ទះវិញ៕




