ចិនដាក់ចេញច្បាប់រឹតបន្តឹងការវិនិយោគក្រៅប្រទេសយ៉ាងតឹងរ៉ឹង ក្រោយរារាំងកិច្ចព្រមព្រៀង AI រវាង Meta និង Manus
01-06-2026 13:35
(បរទេស)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសដាក់ចេញនូវច្បាប់ថ្មីយ៉ាងតឹងរ៉ឹងបំផុតមួយ នៅថ្ងៃចន្ទនេះ ដើម្បីពង្រីកអំណាចដល់ស្ថាប័នគ្រប់គ្រង ក្នុងការតាមដាននិងត្រួតពិនិត្យលើរាល់កិច្ចព្រមព្រៀងអាជីវកម្មនៅក្រៅប្រទេស។ វិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងការពារបច្ចេកវិទ្យា ទិន្នន័យ និងសន្តិសុខជាតិ តែមួយខែប៉ុណ្ណោះ បន្ទាប់ពីចិនបានបញ្ជាឱ្យលុបចោលការទិញយកក្រុមហ៊ុនទើបបង្កើតថ្មីផ្នែកបញ្ញាសិប្បនិម្មិត (AI Startup) ឈ្មោះ Manus ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។
បទប្បញ្ញត្តិថ្មីដែលត្រូវបានបោះពុម្ពផ្សាយដោយក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីចិននេះ នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែកក្កដា ខាងមុខនេះហើយ។ ចំណុចគន្លឹះដ៏សំខាន់បំផុតមួយនៃច្បាប់ថ្មីនេះ គឺការតម្រូវឱ្យមានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាល សម្រាប់ការនាំចេញនូវទំនិញ បច្ចេកវិទ្យា សេវាកម្ម ឬទិន្នន័យពាក់ព័ន្ធរបស់ចិនណា ដែលស្ថិតក្នុងបញ្ជីរឹតបន្តឹង។
ក្រៅពីការរឹតបន្តឹងលើការនាំចេញ ច្បាប់ថ្មីនេះក៏បានទប់ស្កាត់យ៉ាងដាច់ណាត់ផងដែរ ចំពោះការផ្ទេរបច្ចេកវិទ្យាដោយប្រយោល តាមរយៈការបញ្ជូនបុគ្គលិកបច្ចេកទេសទៅក្រៅប្រទេស ការរៀបចំកម្មវិធីបណ្តុះបណ្តាល ការផ្តល់ការណែនាំ ឬកិច្ចព្រមព្រៀងផ្សេងៗទៀត ដែលមានបំណងគេចវេសពីការត្រួតពិនិត្យរបស់រដ្ឋ។
ការសម្រេចចិត្តរបស់ទីក្រុងប៉េកាំងនាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងប្រទេសចិន។ យោងតាមអ្នកវិភាគក្នុងឧស្សាហកម្មបច្ចេកវិទ្យា ការលូកដៃរារាំងកិច្ចព្រមព្រៀងរវាង Meta និង Manus គឺជាសញ្ញាព្រមានថា ប្រទេសចិនកំពុងចាត់ទុកបច្ចេកវិទ្យា AI កម្រិតខ្ពស់ និងទិន្នន័យធំៗ (Big Data) ជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ ដែលមិនអាចបណ្តោយឱ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់បរទេស ជាពិសេសក្រុមហ៊ុនអាមេរិកនោះឡើយ។
គួររំលឹកផងដែរថា គិតមកទល់ពេលនេះ ទាំងក្រុមហ៊ុន Meta និងតំណាងរបស់ក្រុមហ៊ុន Manus មិនទាន់បានចេញមុខផ្តល់ការអត្ថាធិប្បាយបន្ថែម ជុំវិញការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញដូរកាលពីខែមុននៅឡើយទេ ខណៈដែលច្បាប់ថ្មីរបស់ចិននេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យការវិនិយោគឆ្លងដែនក្នុងវិស័យបច្ចេកវិទ្យាជួបការលំបាក និងមានភាពស្មុគស្មាញជាងមុន៕










