រកឃើញក្រុមខ្លាំងប្រចាំមណ្ឌលភ្នំពេញ នៃពានបាល់ទាត់កុមារ Daiichi Junior Cup ឆ្នាំ២០២៦
01-06-2026 13:50
(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពានរង្វាន់កុមារ Daiichi Junior Cup លើកទី១ ឆ្នាំ២០២៦ បានបញ្ចប់ការប្រកួតជម្រុះមណ្ឌលភ្នំពេញហើយ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ១ថ្ងៃពេញ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅទីលានផ្ការីកគ្រប់រដូវ ដោយមាន ៣២ក្រុមចូលរួម មានដូចជាក្រុមកុមារអាយុក្រោម ១២ឆ្នាំចំនួន ១៦ក្រុម និងក្រុមកុមារអាយុក្រោម ១៤ឆ្នាំ ចំនួន ១៦ក្រុម។
ពានបាល់ទាត់កុមារដែលលេង ៥នាក់ ទល់ ៥នាក់នេះ ត្រូវបានកំណត់រយៈពេល ១៥នាទីប៉ុណ្ណោះក្នុង ១ប្រកួត។ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គចែកពូល និងរកឃើញក្រុមឡើងវគ្គបន្ដបន្ទាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ជាលទ្ធផលសម្រាប់ម្ចាស់ពានផ្នែកកុមារអាយុក្រោម ១២ឆ្នាំ គឺបានទៅក្រុមសាលាបាល់ទាត់ពស់កេងកង ខណៈម្ចាស់ពានផ្នែកកុមារអាយុក្រោម ១៤ឆ្នាំ គឺបានទៅក្រុមផ្ការីកគ្រប់រដូវ។
លោក ង៉ែត វុទ្ធី តំណាងគណៈកម្មការរៀបចំបានឲ្យដឹងថា ភ្នំពេញ គឺជាមណ្ឌលដំបូងសម្រាប់យុទ្ធនាការប្រកួតពានរង្វាន់កុមារខាងលើ មុនបន្ដការប្រកួតជម្រុះនៅមណ្ឌលបាត់ដំបង និងសៀមរាប ដើម្បីស្វែងរកក្រុមខ្លាំងៗ មកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនាខែសីហាខាងមុខ។ លោកបានសម្ដែងក្ដីរីករាយ សម្រាប់ការគាំទ្រ និងចូលរួមរបស់បណ្ដាក្រុមទាំងអស់ ព្រមទាំងអាណាព្យាបាល ដែលជំរុញឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
លោកថា «Daiichi Junior Cup គឺជាវេទិការមួយផ្ដល់ឱកាសដល់កុមារបានប្រកួតប្រជែង បង្ហាញសមត្ថភាព និងទេពកោសល្យ ហើយក៏ជាឱកាសសម្រាប់អាណាព្យាបាល និងកូនៗ បានជួបជុំផ្ដល់នូវការគាំទ្រ លើកទឹកចិត្ត ក៏ដូចជាសាងនូវអនុស្សាវរីយ៍ល្អៗ តាមរយៈកម្មវិធីកម្សាន្ដអមជាច្រើន ដែលលើសពីបាល់ទាត់ ស្របតាមគោលបំណងចង់បានរបស់គណៈកម្មការរៀបចំ ក្នុងការភ្ជាប់រវាងកីឡា សហគមន៍ និងអនាគត ពិសេសការលើកកម្ពស់គុណភាពយុវជនកម្ពុជាតែម្ដង»។
ជាមួយគ្នាលោក លី ម៉ាឯល គ្រូបង្វឹកសាលាបាល់ទាត់ពស់កេងកង បានសម្ដែងក្ដីរីករាយ និងគាំទ្រពេញទំហឹង ចំពោះការបង្កើតពានបាល់ទាត់កុមារនេះឡើង ជាមួយការរៀបចំបែបស្ដង់ដារ ធ្វើឲ្យកុមារទាំងអស់បានចូលរួមដោយភាពកក់ក្ដៅ។ មិនតែប៉ុណ្ណោះ លោកក៏បានចាត់ទុកពាននេះ ជាផ្នែកមួយនៃការបណ្ដុះ និងជំរុញក្ដីស្រមៃកុមារកម្ពុជា ក្នុងការអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពទៅថ្ងៃអនាគត ស្របទៅនឹងយុទ្ធនាការឆ្ពោះទៅ World Cup ឆ្នាំ២០៤៦ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ផងដែរ។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតនៅមណ្ឌលភ្នំពេញ ពានរង្វាន់ Daiichi Junior Cup ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះ នឹងបន្ដដំណើរទៅមណ្ឌលបាត់ដំបង នាថ្ងៃទី២៦ ខែមិថុនា មុនបន្ដទៅមណ្ឌលសៀមរាប នាថ្ងៃទី២១ ខែកក្កដា និងចុងក្រោយ គឺការប្រកួតជម្រុះ និងប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញវិញ នាថ្ងៃទី០១-០២ ខែសីហា ឆ្នាំ២០២៦។ ចំពោះក្រុមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទាំង U12 និង U14 តាមមណ្ឌលនីមួយៗ នឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ៕












