ក្តីខកចិត្តធំៗ! តារាឆ្នើមនៃក្រុមជម្រើសជាតិធំៗជាច្រើនរូប អវត្តមានពីព្រឹត្តិការណ៍ World Cup 2026 ដោយសាររបួស

01-06-2026 15:30

(បរទេស)៖ ស្របពេលដែលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ទើបតែបានបិទបញ្ជីឈ្មោះកីឡាករផ្លូវការក្តីកង្វល់ដ៏ធំមួយបានកើតឡើងសម្រាប់ក្រុមជម្រើសជាតិធំៗជាច្រើន ដោយសារតែតារាបាល់ទាត់ឆ្នើមៗលំដាប់ពិភពលោកមួយចំនួន ត្រូវខកខានឱកាសមាសក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ខាងមុខនេះជាផ្លូវការហើយ ដោយសារតែបញ្ហារបួសធ្ងន់ធ្ងរ។

ក្នុងនោះដែរក្រុមជម្រើសជាតិប្រេស៊ីល ហាក់រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយត្រូវបាត់បង់ខ្សែប្រយុទ្ធស្លាប Rodrygo Goes និងខ្សែការពារកណ្តាល Eder Militao របស់ក្លិប Real Madrid ព្រមទាំងកីឡាករវ័យក្មេង Estevao ផងដែរ ដោយសារតែបញ្ហារបួសសរសៃពួរ និងជង្គង់អំឡុងការប្រកួតលីគ។

ដោយឡែក ក្រុមធំៗនៅអឺរ៉ុបក៏រងផលប៉ះពាល់មិនតិចដែររួមមាន ក្រុមទឹកក្រូចហូឡង់ អវត្តមានខ្សែបម្រើឆ្នើម Xavi Simons និងខ្សែការពារ Matthijs de Ligt ដែលសុទ្ធសឹងជាជម្រើសល្អមួយប្រចាំក្រុម។ ដូចគ្នានោះដែរក្រុមបារាំង បានបាត់បង់ខ្សែប្រយុទ្ធកំពុងឡើងជើង Hugo Ekitike ដែលរងរបួសកែងជើងធ្ងន់ធ្ងរ ហើយខ្សែបម្រើប្រយុទ្ធ Serge Gnabry របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក៏ត្រូវខកខាន ជាមួយអ្នកចាំទី Marc-Andre ter Stegen ទៀតផង។

ចំណែកឯតំបន់អាស៊ីវិញ តារាឆ្នើមរបស់ក្រុមជម្រើសជាតិសាំម៉ូរ៉ៃជប៉ុន គឺកីឡាករ Kaoru Mitoma ក៏មិនមានឈ្មោះក្នុងបញ្ជីចុងក្រោយដែរ ដោយសាររបួសសរសៃពួរគន្លាក់ជើងមិនទាន់ជាសះស្បើយ។

សូមជម្រាបផងថា ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យនៃក្រុមជម្រើសជាតិអេស្ប៉ាញ និងកាណាដា ក៏កំពុងធ្វើការយ៉ាងដិតដល់ក្នុងការតាមដានពីស្ថានភាពរបួសរបស់ Lamine Yamal និង Alphonso Davies ដោយរំពឹងថា នឹងអាចជួយឱ្យពួកគេជាសះស្បើយទាន់ពេលវេលា មុនការប្រកួតបើកឆាកជាផ្លូវការដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ៕