KICPAA និង វិធាន (Vithean) សហការគ្នាលើកកម្ពស់ចំណេះដឹង គណនេយ្យឌីជីថល និងការអភិវឌ្ឍសមត្ថភាពប្រព័ន្ធ ERP
01-06-2026 15:31
(ភ្នំពេញ)៖ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) និង ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក (POSCAR Digital Co., Ltd.) ដែលជាក្រុមហ៊ុនបង្កើត កម្មវិធីគណនេយ្យឌីជីថល និងប្រព័ន្ធ ERP ក្នុងស្រុកឈ្មោះថា «វិធាន (Vithean)» នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីសហការលើកកម្ពស់ចំណេះដឹងគណនេយ្យឌីជីថល ការអភិវឌ្ឍសមត្ថភាពប្រព័ន្ធ ERP និងការត្រៀមខ្លួនជាអ្នកជំនាញ សម្រាប់សេដ្ឋកិច្ចឌីជីថល ដែលកំពុងរីកចម្រើននៅកម្ពុជា។
កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអនុវត្តជាក់ស្តែង និងគំនិតផ្តួចផ្តើមចែករំលែកចំណេះដឹងសម្រាប់គណនេយ្យករ អាជីវកម្ម សាស្ត្រាចារ្យ និស្សិត និងភាគីពាក់ព័ន្ធក្នុងវិជ្ជាជីវៈ។
ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរ នឹងសហការគ្នាលើសកម្មភាពជាច្រើន រួមមាន សិក្ខាសាលាតាមអនឡាញ សិក្ខាសាលាផ្ទាល់ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្ខាសាលាអនុវត្តជាក់ស្តែង គម្រោងបណ្តុះបណ្តាលគ្រូបណ្តុះបណ្តាល (TOT) និងវគ្គចែករំលែកចំណេះដឹងទាក់ទងនឹងការធ្វើឌីជីថលូបនីយកម្មគណនេយ្យ ការអនុវត្តប្រព័ន្ធ ERP និងបច្ចេកវិទ្យាគណនេយ្យ។
ភាពជាដៃគូនេះ ក៏នឹងជួយគាំទ្រដល់កម្មវិធីផ្សព្វផ្សាយការយល់ដឹង និងការប្រើប្រាស់ជាក់ស្តែង ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកជំនាញគណនេយ្យ អ្នកអប់រំ និងនិស្សិតឱ្យយល់ កាន់តែច្បាស់អំពីបច្ចេកវិទ្យាអាជីវកម្មទំនើប និងប្រព័ន្ធគណនេយ្យឌីជីថល។ ស្របពេលដែលប្រទេសកម្ពុជាបន្តដំណើរឆ្ពោះទៅរកបរិវត្តកម្មឌីជីថល តម្រូវការសម្រាប់ជំនាញបច្ចេកវិទ្យា អនុវត្តជាក់ស្តែង និងសមត្ថភាពគណនេយ្យឌីជីថលកាន់តែមានសារៈសំខាន់ឡើងសម្រាប់អាជីវកម្ម និងអ្នកជំនាញគណនេយ្យ។
តាមរយៈកិច្ចសហការនេះ KICPAA និង វិធាន (Vithean) មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍអ្នកជំនាញដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ដែលត្រូវបានបំពាក់ដោយជំនាញបច្ចេកទេស និងចំណេះដឹងអនុវត្តជាក់ស្តែងលើប្រព័ន្ធគណនេយ្យទំនើប។
KICPAA ក្នុងនាមជាស្ថាប័នវិជ្ជាជីវៈគណនេយ្យឯករាជ្យរបស់កម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ ការអប់រំគណនេយ្យ និងការអភិវឌ្ឍសមត្ថភាពនៅក្នុងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។
វិធាន (Vithean) ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន POSCAR Digital Co., Ltd. គឺជាប្រព័ន្ធគណនេយ្យឌីជីថល និងការគ្រប់គ្រងអាជីវកម្មដែលអភិវឌ្ឍដោយជនជាតិខ្មែរ ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម គណនេយ្យករ និងស្ថាប័នផ្សេងៗ តាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុទំនើប និងដំណោះស្រាយ ERP ដែលស្របតាមបរិបទអាជីវកម្មនៅកម្ពុជា។
លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃ KICPAA បានថ្លែងថា «KICPAA មានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយក្រុមហ៊ុន POSCAR Digital Co., Ltd. ក្នុងការលើកកម្ពស់ចំណេះដឹងគណនេយ្យឌីជីថល និងពង្រឹងសមត្ថភាពបច្ចេកវិទ្យាអនុវត្តជាក់ស្តែង នៅក្នុងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា»។
ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការគាំទ្រគណនេយ្យករ ក្រុមហ៊ុន សាស្ត្រាចារ្យ និងនិស្សិត ក្នុងការសម្របខ្លួនទៅនឹងសេដ្ឋកិច្ច ឌីជីថលដែលកំពុងវិវត្ត យ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈ ការចែករំលែកចំណេះដឹង និងការស្វែងយល់អំពីប្រព័ន្ធគណនេយ្យទំនើប និងបច្ចេកវិទ្យា ERP។ យើងជឿជាក់ថាកិច្ចសហការនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការត្រៀមខ្លួនសម្រាប់អនាគត និងការអភិវឌ្ឍប្រកបដោយចីរភាពនៃវិជ្ជាជីវៈនេះនៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី សាវុធ ដាលី។
លោក សុខ ពង្សាមេត្រី នាយកប្រតិបត្តិការ (COO) ក្រុមហ៊ុន POSCAR Digital Co., Ltd. បានឲ្យដឹងថា «វិធាន (Vithean) ត្រូវបានបង្កើតឡើងជាមួយនឹងចក្ខុវិស័យ ក្នុងការគាំទ្រដល់អាជីវកម្ម និងអ្នកជំនាញគណនេយ្យនៅកម្ពុជា តាមរយៈដំណោះស្រាយបច្ចេកវិទ្យាដែលអភិវឌ្ឍក្នុងស្រុក ដើម្បីដោះស្រាយតម្រូវការប្រតិបត្តិការ និងការគ្រប់គ្រង ហិរញ្ញវត្ថុពិតប្រាកដ។ យើងមានមោទនភាពក្នុងការសហការជាមួយ KICPAA ក្នុងការជំរុញចំណេះដឹងគណនេយ្យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ERP ទៅគ្រប់អ្នកជំនាញផ្សេង»។
លោកបន្ដថា «តាមរយៈភាពជាដៃគូនេះ យើងសង្ឃឹមថានឹងចូលរួមចំណែកមិនត្រឹមតែផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវឱកាសសិក្សាអនុវត្តជាក់ស្តែង ដែលជួយគណនេយ្យករ អ្នកអប់រំ និងអ្នកជំនាញនាពេលអនាគត ឱ្យត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវការនៃសេដ្ឋកិច្ចឌីជីថលដែលកំពុងកើនឡើង។ រួមគ្នា យើងអាចពង្រឹងប្រព័ន្ធអេកូឡូស៊ីគណនេយ្យរបស់កម្ពុជា គាំទ្រដល់បរិវត្តកម្មឌីជីថលរបស់សហគ្រាសធុនតូច និងមធ្យម (SME) និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាអាជីវកម្មទំនើបនៅទូទាំងប្រទេស»។
សូមជម្រាបថា វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) គឺជាស្ថាប័នវិជ្ជាជីវៈគណនេយ្យឯករាជ្យដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគ្រប់គ្រង និងអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម លើកកម្ពស់ស្តង់ដារវិជ្ជាជីវៈ ការពារផលប្រយោជន៍សាធារណៈ និងគាំទ្រដល់ការអប់រំវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាព។
ដោយឡែក ក្រុមហ៊ុន POSCAR Digital Co., Ltd. គឺជាក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាមួយ ដែលផ្តោតលើការផ្តល់ជូននូវដំណោះស្រាយបរិវត្តកម្មឌីជីថលសម្រាប់អាជីវកម្ម និងស្ថាប័ននានា។ វិធាន (Vithean) គឺជាដំណោះស្រាយគណនេយ្យឌីជីថល និងប្រព័ន្ធ ERP ដែលត្រូវបានបង្កើតឡើងក្នុងស្រុក និងត្រូវបានរចនាឡើងដើម្បីជួយស្ថាប័ននានា ក្នុងការសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុ ប្រតិបត្តិការអាជីវកម្ម និងដំណើរការគណនេយ្យឌីជីថល៕














