ដូចការសង្ស័យ! ISI តែងតាំងលោក Conor Nestor ជាគ្រូបង្គោល និង ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី
01-06-2026 18:16
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសតែងតាំងលោក Conor Nestor ជាគ្រូបង្គោល និងកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងក្រុម និងត្រៀមប្រកួតប្រជែងនារដូវកាលថ្មីខាងមុខ។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញគ្រូបង្វឹក និងប្រធានក្រុមថ្មី នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។
ការប្រកាសបុគ្គលសំខាន់ទាំងពីររូបខាងលើ ធ្វើឡើងក្រោយក្លិបបានធ្វើការរុះរើក្រុមទ្រង់ទ្រាយធំ ទាំងគ្រូបង្វឹក និងកីឡាករចំនួន ១៥រូបកាលពីថ្មីៗ ខណៈមុនសន្និសីទបង្ហាញលោក Conor និង ធារី ជាផ្លូវការ ក៏មានព័ត៌មានចរចាមអារ៉ាម អំពីដំណើរការចូលរួមជាមួយក្រុមដំរីជ័យ ដែលមានមូលដ្ឋាននៅតំបន់វេងស្រេងរបស់អ្នកទាំងពីរផងដែរ។
គួរដឹងថា លោក Conor Nestor ត្រូវបានចាត់ទុកជាគ្រូបង្វឹកល្អមួយ ដែលធ្លាប់ដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ៥រដូវកាលនៅចន្លោះឆ្នាំ២០១៨-២០២៣ និងធ្លាប់ឈ្នះជើងឯកលីគ ឆ្នាំ២០១៩ មុនចាកចេញទៅបន្ដអាជីពនៅឥណ្ឌា និងឥណ្ឌូនេស៊ី។ បន្ទាប់មកលោក ក៏បានត្រឡប់មកប្រកបអាជីពនៅកម្ពុជាវិញ ដោយដឹកនាំបឹងកេត តែ ២រដូវកាលក្រោមការដឹកនាំរហស្សនាមគ្រូម៉ាប់រូបនេះ ហាក់មិនសូវគាប់ប្រសើរ នាំឲ្យបឹងកេតសម្រេចចែកផ្លូវកាលពីថ្មីៗ។ ហេតុនេះ ISI គឺជាក្លិបអាជីពទី៣ នៅកម្ពុជាដែលលោកត្រូវដឹកនាំ។
ដោយឡែកខ្សែបម្រើការពារ ធារី ចន្ថាប៊ីន គឺជាកីឡាករមានបទពិសោធន៍ជោគជាំមួយរូប ក្រោយកីឡាករខ្មែរបារាំងរូបនេះ បានមកប្រកបអាជីពដំបូងនៅកម្ពុជា ជាមួយភ្នំពេញក្រោន នៅឆ្នាំ២០១២ ហើយបានបន្ដលេងឲ្យក្លិប ទាំងក្នុងប្រទេស និងតំបន់ជាច្រើន។ សម្រាប់ ISI គឺជាក្លិបទី៦ នៅកម្ពុជា ដែលកីឡាករវ័យ ៣៥ឆ្នាំរូបនេះ ត្រូវបន្ដអាជីព បន្ទាប់ពីភ្នំពេញក្រោន, អតីតក្លិបអគ្គិសនីកម្ពុជា, វិសាខា, ព្រះខ័នរាជស្វាយរៀង និងឡាយហ្វខេត្តព្រះសីហនុ៕







