ទីផ្សារទូរស័ព្ទស្មាតហ្វូនសកល ប្រឈមនឹងការធ្លាក់ចុះប្រចាំឆ្នាំខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈវិបត្តិខ្វះខាតបន្ទះឈីបកាន់តែធ្ងន់ធ្ងរ

02-06-2026 08:55

(បរទេស)៖ ក្រុមហ៊ុនស្រាវជ្រាវ Counterpoint Research បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ទីផ្សារទូរស័ព្ទស្មាតហ្វូនសកលលោកកំពុងឆ្ពោះទៅរកការធ្លាក់ចុះប្រចាំឆ្នាំយ៉ាងគំហុកបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយចំនួននៃការដឹកជញ្ជូនលក់ចេញ (Shipments) ត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចុះរហូតដល់ ១៣.៩% នៅឆ្នាំនេះ ពោលគឺធ្លាក់មកនៅត្រឹម ១.០៨ ពាន់លានគ្រឿង (១.០៨០ លានគ្រឿង) ដោយសារតែបញ្ហាកង្វះខាតបន្ទះឈីបអង្គចងចាំ (Memory chips) កាន់តែខ្លាំង។ ការព្យាករណ៍នេះ គឺជាការទម្លាក់ចុះបន្ថែមទៀតពីការប៉ាន់ស្មានកាលពីខែកុម្ភៈ ដែលកាលនោះរំពឹងថាធ្លាក់ចុះត្រឹម ១២.៤% ប៉ុណ្ណោះ។ វិបត្តិនៃការផ្គត់ផ្គង់បន្ទះឈីបសកលនេះ កាន់តែមានសភាពដុនដាបខ្លាំងឡើងដោយសារតែឥទ្ធិពលនៃសង្គ្រាមអ៊ីរ៉ង់។

តម្លៃលក់ដុំ (Wholesale prices) នៃទូរស័ព្ទស្មាតហ្វូនសកលបានកើនឡើង ១៤% នៅក្នុងត្រីមាសទីមួយ ខណៈដែលចំនួននៃការដឹកជញ្ជូនលក់ចេញបានធ្លាក់ចុះ ៣.១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើតមានទៀត នៅពេលដែលទំនិញនៅក្នុងស្តុក ចាប់ផ្តើមអស់ពីឃ្លាំង ដែលវាអាចនឹងធ្វើឱ្យម៉ូដែលទូរស័ព្ទមួយចំនួនដែលមានតម្លៃក្រោម ១៥០ដុល្លារ អាចនឹងរលាយបាត់បង់ពីទីផ្សារតែម្តង។ លោក Wang Yang អនុប្រធានអ្នកវិភាគនៅ Counterpoint ដែលជាក្រុមហ៊ុនស្រាវជ្រាវឯករាជ្យបោះពុម្ពផ្សាយទិន្នន័យដឹកជញ្ជូនស្មាតហ្វូនប្រចាំត្រីមាស បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទាប និងលំដាប់មធ្យម កំពុងជាប់គាំងនៅចន្លោះកណ្តាលរវាងការកើនឡើងនៃថ្លៃដើមដែលពួកគេមិនអាចទ្រាំទ្របាន និងក្រុមអ្នកប្រើប្រាស់ដែលមានលទ្ធភាពចំណាយកម្រិតកំណត់»។

លោកបានបន្ថែមថា៖ «សំណួរនៅពេលនេះ មិនមែនសួរថាត្រូវធ្វើដូចម្តេចដើម្បីបង្កើនចំនួនលក់ចេញ ឬដណ្តើមចំណែកទីផ្សារនោះទេ ប៉ុន្តែវាជាសំណួរថាតើត្រូវធ្វើដូចម្តេចដើម្បីអាចបន្តរស់រានមានជីវិតនៅក្នុងទីផ្សារតទៅទៀត»។ លោក Wang បានបញ្ជាក់ថា កង្វះខាតបន្ទះឈីបអង្គចងចាំ គឺជាការរំខានផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតដែលឧស្សាហកម្មស្មាតហ្វូនមិនធ្លាប់ជួបប្រទះ ហើយក្រុមហ៊ុនផលិតទាំងឡាយមិនអាចប៉ះប៉ូវផលប៉ះពាល់នេះតាមរយៈការកែប្រែតម្លៃ ឬការផ្លាស់ប្តូរផលិតផលបានឡើយ។

ទីផ្សារស្មាតហ្វូនលំដាប់កំពូល ឬកម្រិតខ្ពស់ បានបង្ហាញឱ្យឃើញពីភាពធន់ និងរឹងមាំជាង។ ក្រុមហ៊ុន Apple បានកត់ត្រាប្រាក់ចំណូលខ្ពស់បំផុតជាប្រវត្តិសាស្ត្រសម្រាប់រយៈពេលបីខែដំបូងនៃឆ្នាំនេះ ដោយសារតែមានអតិថិជនជាច្រើនបានប្តូរទៅប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីគឺ iPhone 17។ ផ្អែកតាមការប៉ាន់ស្មានរបស់ Counterpoint ចំនួននៃការលក់ចេញរបស់ Apple ក្នុងឆ្នាំ២០២៦ នេះ ត្រូវបានរំពឹងថានឹងនៅទ្រឹង (មិនឡើងមិនចុះ) មុនពេលវានឹងកើនឡើង ៥% វិញនៅឆ្នាំក្រោយ។ ចំណែកឯក្រុមហ៊ុន Samsung Electronics វិញ បានរក្សាបរិមាណលក់របស់ខ្លួនឱ្យនៅថេរក្នុងត្រីមាសទីមួយ ហើយត្រូវបាន Counterpoint ព្យាករណ៍ថានឹងមានការធ្លាក់ចុះត្រឹមតែ ៤% ប៉ុណ្ណោះសម្រាប់ការលក់ពេញមួយឆ្នាំ ដែលលទ្ធផលនេះគឺល្អជាងទីផ្សាររួមទាំងមូល ឆ្លុះបញ្ចាំងពីការផ្គត់ផ្គង់ដ៏មានស្ថិរភាព និងខ្សែសង្វាក់ផលិតផលដែលមានភាពច្បាស់លាស់។

ផ្ទុយទៅវិញ ក្រុមហ៊ុន Transsion ដែលពឹងផ្អែកខ្លាំងលើទីផ្សារស្មាតហ្វូនតម្លៃក្រោម ១៥០ដុល្លារ ត្រូវបានគេព្យាករណ៍ថានឹងរងការធ្លាក់ចុះនៃការលក់ចេញរហូតដល់ ៣២% នៅឆ្នាំនេះ។ ស្របពេលជាមួយគ្នានេះ ដៃគូប្រកួតប្រជែងផ្សេងទៀតដូចជា Xiaomi និង Honor ត្រូវបានគេរំពឹងថានឹងជួបការធ្លាក់ចុះពេញមួយឆ្នាំចំនួន ២៨% និង ២០% រៀងៗខ្លួន។ នេះបើតាមការបញ្ជាក់ពី Counterpoint៕