Florida ក្លាយជារដ្ឋដំបូងគេ ដែលប្តឹងក្រុមហ៊ុន OpenAI ជុំវិញហានិភ័យសុវត្ថិភាពកុមារ
02-06-2026 10:32
(បរទេស)៖ រដ្ឋ Florida នៅថ្ងៃចន្ទសប្តាហ៍នេះ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន OpenAI និងនាយកប្រតិបត្តិ (CEO) លោក Sam Altman ដោយបានចោទប្រកាន់ក្រុមហ៊ុនថា បានបំភាន់ការពិតអំពីសុវត្ថិភាពនៃប្រព័ន្ធ ChatGPT របស់ខ្លួន ដែលនៅក្នុងពាក្យបណ្តឹងនោះបានលើកឡើងថា វាបានបង្កគ្រោះថ្នាក់ដល់កុមារ តាមរយៈការផ្តល់ព័ត៌មានដល់ខ្មាន់កាំភ្លើងតាមសាលារៀន ផ្តល់ការណែនាំអំពីការធ្វើបាបខ្លួនឯង និងធ្វើឱ្យអ្នកប្រើប្រាស់វ័យក្មេងញៀននឹងវា។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។
ដើម្បីកត់សម្គាល់នូវការក្លាយជារដ្ឋដំបូងគេបង្អស់ ដែលបានចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមហ៊ុននេះ លោក James Uthmeier ដែលជាអគ្គមេធាវីនៃរដ្ឋផ្លរីដា មកពីគណបក្សសាធារណរដ្ឋ បានដាក់ពាក្យបណ្តឹងនៅក្នុងតុលាការរដ្ឋ Florida។ ពាក្យបណ្តឹងនោះបានលើកឡើងអំពីករណីបាញ់ប្រហារមួយនៅសាកលវិទ្យាល័យមួយក្នុងទីក្រុង Tallahassee កាលពីឆ្នាំមុន និងព្រឹត្តិការណ៍មួយចំនួនទៀតនៅក្នុងរដ្ឋដទៃទៀត ដែលនៅក្នុងនោះ ChatGPT ត្រូវបានចោទប្រកាន់ថា បានផ្តល់ព័ត៌មានទៅឱ្យមនុស្សដែលបានបន្តទៅប្រព្រឹត្តអំពើហិង្សា។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Uthmeier បាននិយាយថា រដ្ឋបានបញ្ចេញឈ្មោះលោក Altman ដោយផ្ទាល់ ពីព្រោះលោកមានតួនាទី «យ៉ាងសំខាន់» ក្នុងការជម្រុញឱ្យមានមុខងារមួយចំនួននៅលើ ChatGPT ដែលលោក Uthmeier បាននិយាយថា បង្កគ្រោះថ្នាក់បំផុត។
លោក Uthmeier បានប្រាប់អ្នកយកព័ត៌មានថា «ប្រជាជនកំពុងរងគ្រោះថ្នាក់ ឪពុកម្តាយកំពុងត្រូវបានគេបោកប្រាស់ ហើយពួកគេ (ក្រុមហ៊ុន) ចាំបាច់ត្រូវតែសងចំពោះរឿងនេះ»។ ពាក្យបណ្តឹងនេះទាមទារសំណងការខូចខាតរហូតដល់រាប់ពាន់លានដុល្លារ ព្រមទាំងស្នើសុំដីកាបង្គាប់ពីតុលាការ ដើម្បីតម្រូវឱ្យក្រុមហ៊ុនផ្លាស់ប្តូររបៀបដែលប្រព័ន្ធនេះប្រស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់វ័យក្មេង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន OpenAI មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងទៅ ក្រុមហ៊ុន OpenAI ធ្លាប់បាននិយាយថា ខ្លួនបានបណ្តុះបណ្តាលម៉ូដែល AI របស់ខ្លួន ដើម្បីបដិសេធរាល់សំណើទាំងឡាយណាដែលអាច «ជម្រុញឱ្យមានអំពើហិង្សាយ៉ាងខ្លាំងក្លា» និងបានជូនដំណឹងដល់អាជ្ញាធរអនុវត្តច្បាប់ នៅពេលដែលការសន្ទនាបង្ហាញពី «ហានិភ័យមិនអាចចៀសរួច និងគួរឱ្យជឿជាក់នៃការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ» ដោយមានអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តជួយវាយតម្លៃលើករណីមិនច្បាស់លាស់នានា។
លោក Uthmeier បានប្រកាសកាលពីខែមេសាថា លោកកំពុងបើកការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌមួយ ជុំវិញតួនាទីរបស់ ChatGPT នៅក្នុងការបាញ់ប្រហារដ៏សាហាវមួយកាលពីឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យរដ្ឋផ្លរីដា (Florida State University) បន្ទាប់ពីព្រះរាជអាជ្ញាបានពិនិត្យមើលកំណត់ត្រានៃការជជែក (chat logs) រវាងជនសង្ស័យជាខ្មាន់កាំភ្លើង និងកម្មវិធីនោះ។
គួរជម្រាបថា ក្រុមហ៊ុន AI នានាកំពុងប្រឈមមុខនឹងរលកនៃពាក្យបណ្តឹងកាន់តែច្រើនឡើង ដោយចោទប្រកាន់ពួកគេថា បានបរាជ័យក្នុងការទប់ស្កាត់ការប្រស្រ័យទាក់ទងរបស់ Chatbot ដែលដើមបណ្តឹងនិយាយថា បានរួមចំណែកដល់ការធ្វើបាបខ្លួនឯង ជំងឺផ្លូវចិត្ត និងអំពើហិង្សា៕










