«ខ្មែរ ប៊ែវើរីជីស» ចូលរួមបង្កើតឱកាសជូនកីឡាករ-កីឡាការិនី ស្រឡាញ់វិស័យបាល់ទាត់ តាមរយៈការឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ «Soccer League» លើកទី៩

02-06-2026 10:38

(ភ្នំពេញ)៖ វិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន ចំនួនកីឡាករ-កីឡាការិនី ព្រមទាំងអ្នកស្នេហាវិស័យកីឡាគ្រប់ប្រភេទកើនឡើងជាលំដាប់ ដែលជំរុញឱ្យមានព្រឹត្តិការណ៍ប្រកួតជាច្រើនដូចពេលបច្ចុប្បន្ន។ ជាសហគ្រិនខ្មែរ ដែលតែងតែគាំទ្រព្រឹត្តិការណ៍កីឡាធំៗជាច្រើន ខ្មែរ ប៊ែវើរីជីស បន្តចូលរួមបង្កើតឱកាសឱ្យកីឡាករ-កីឡាការិនីបាល់ទាត់កម្ពុជា បញ្ចេញសមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន តាមរយៈការរួមចំណែកឧបត្ថម្ភធំក្នុង​ «ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៩» ឆ្នាំ ២០២៦។

សន្និសីទសារព័ត៌មាន និងពិធីចាប់ឆ្នោតបែងចែកពូល បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត និងជាតំណាងរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ដោយមានការចូលរួមពីគណៈកម្មការរៀបចំ ដៃគូសហការ កីឡាករ កីឡាការិនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមឧបត្ថម្ភគាំទ្រកីឡាគ្រប់ប្រភេទ ដើម្បីជំរុញភាពរីកចម្រើននៃវិស័យកីឡាកម្ពុជា ដូចជាកីឡាបាល់ទាត់ គុនខ្មែរ ឃីកបុកស៊ីង និងបាល់ទះជាដើម។ ជាក់ស្តែង CAMBODIA SPORT+ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមយ៉ាងសកម្មលើវិស័យកីឡារត់ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយក្លឹបរត់ GRC Run Club និង NEAK Run CLub ដើម្បីបង្កើតព្រឹត្តិការណ៍រត់ឱ្យកាន់តែទូលំទូលាយជាងមុន និងបំផុសស្មារតីយុវជន ឱ្យផ្តោតសំខាន់លើការថែរក្សាសុខភាព។

ក្រោមប្រធានបទ «សាមគ្គីភាព ជាតិរឹងមាំ» ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ Soccer League លើកទី ៩ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់ជាតិ រួបរួមសាមគ្គីភាព និងសម្តែងការដឹងគុណចំពោះវីរកងទ័ព។ ជាពិសេស ថវិកាទាំងអស់ដែលទទួលបានពីការលក់សំបុត្រ នឹងត្រូវយកទៅជួយដល់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន អតីតយុទ្ធជន និងអ្នករងផលប៉ះពាល់ដោយសារសង្គ្រាម។

ជាក់ស្តែង ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង ក៏បានខ្នះខ្នែងជួយសម្រាលផលលំបាកដល់វីរកងទ័ព និងជនភៀសសឹក ដែលរងគ្រោះដោយសារបញ្ហាព្រំដែន ជាពិសេស ការចូលរួមឧបត្ថម្ភសាងសង់សាលារៀន ដែលខូចខាតនៅតាមព្រំដែន ឬខ្វះខាតនៅតំបន់ផ្សេងៗ សរុបមកដល់ចំនួន ៦ទីតាំង និងការឧបត្ថម្ភសាងសង់គេហដ្ឋានថ្មីចំនួន ១០០ខ្នង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ជាលើកទី២។

គួរបញ្ជាក់ថា ពិធីបើកការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៩ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៤ល្ងាច នៅពហុកីឡដ្ឋានវិសាខា។ ខ្មែរ ប៊ែវើរីជីស អ្នកគាំទ្រលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទនៅកម្ពុជា៕