កូនខ្មែរបើករោងចក្រផលិតសាប៊ូកក់សក់ «សុខមាល» នៅរាជធានីភ្នំពេញ ចង់ជំនួសផលិតផលថៃ (Video inside)
02-06-2026 11:20
(ភ្នំពេញ)៖ លោកឧកញ៉ា សឹង ចាតវិជ្ជា អគ្គនាយកក្រុមហ៊ុន ម៉ូរៀ (Morea) បានធ្វើសន្និសីទព័ត៌មាន ប្រកាសបង្ហាញពីផលិតផលសាប៊ូកក់សក់ ផលិតផលខ្មែរ មានឈ្មោះថា «សុខមាល» ដែលផលិតដោយរោងចក្ររបស់លោកផ្ទាល់។ លោកឧកញ៉ា បានចំណាយថវិកាជិត ៣លានដុល្លារ ដើម្បីបង្កើតរោងចក្រ ក្នុងការផលិតនូវផលិតផលមួយនេះ ហើយក៏បានរួមចំណែកបង្កើតការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ។
បន្ថែមលើនេះ ដើម្បីអះអាងថា សាប៊ូកក់សក់របស់ខ្លួន ពិតជាផលិតផលខ្មែរ មិនមែនជាផលិតផលនាំចូល តែពាក់អាវខ្មែរនោះ លោកឧកញ៉ា សឹង ចាតវិជ្ជា បានអញ្ជើញអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាល្បីៗដទៃទៀត ទស្សនកិច្ចទីតាំងរោងចក្រ «MLAP» នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ផងដែរ។
«សុខមាល» មានចំនួន ២ប្រភេទ គឺដបតូចទំហំ ៣០០មីល្លីលីត្រ តម្លៃត្រឹមតែ ១១ ០០០រៀល ខណៈដបធំទំហំ ៥០០មីល្លីលីត្រ តម្លៃត្រឹមតែ ១៥ ០០០រៀលប៉ុណ្ណោះ។ លក្ខណៈពិសេសរបស់វា គឺកក់ និងបន្ទន់ នៅក្នុងដបតែមួយ។
មិនត្រឹមតែផលិតផលសាប៊ូកក់ទេ លោកឧកញ៉ា សឹង ចាតវិជ្ជា ក៏បានផលិតនូវផលិតផលថែរក្សាសម្រស់ ដូចជា ម៉ាស់បិទមុខ និងគ្រោងផលិតនូវផលិតផលប្រើប្រាស់ក្នុងផ្ទះ ដូចជា សាប៊ូលាងចាន ទៀតផង។
នាឱកាសនោះ លោកឧកញ៉ា សឹង ចាតវិជ្ជា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរបន្តពហិការទំនិញប្រទេសថៃ ដែលលោកហៅថាជាប្រទេសចោរ និងងាកមកគាំទ្រផលិតផលជាតិវិញ។ លោកឧកញ៉ា មានបំណងចង់ឃើញផលិតផលថៃ ត្រូវបានកាត់បន្ថយការប្រើប្រាស់ដោយប្រជាពលរដ្ឋខ្មែរ យ៉ាងហោចណាស់បាន ៧០ភាគរយដែរ ព្រោះសម្រាប់លោកឧកញ៉ា មិនថាសាំង ឬទំនិញថៃទេ គឺលោកមិនចង់ឃើញតែម្តង៕








