ប្រធានក្លិប ISI បង្ហើបការនាំចូលកីឡាករមានបទពិសោធន៍ផ្សេងទៀត ក្រៅពី ធារី ដើម្បីរើបម្រាសពីបាតតារាង
02-06-2026 11:24
(ភ្នំពេញ)៖ លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានបង្ហើបពីការត្រៀមនាំចូលកីឡាករមានបទពិសោធន៍ផ្សេងទៀត ក្រៅពីខ្សែបម្រើការពារ ធារី ចន្ថាប៊ីន ដើម្បីជួយក្រុមងើបចេញពីបាតតារាង ក្នុងលីគកំពូលកម្ពុជារដូវកាលថ្មី។
ការបង្ហើបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសតែងតាំងលោក Conor Nestor អតីតគ្រូបង្វឹកព្រះខ័នរាជស្វាយរៀង និងបឹងកេត ជាប្រធានបច្ចេកទេស និងជាគ្រូបង្គោលថ្មី ព្រមទាំងកីឡាករ ធារី ចន្ថាប៊ីន ជាប្រធានក្រុមថ្មី ដើម្បីពង្រឹងស្មារតីក្រុម និងរៀបចំយុទ្ធសាស្ត្រចាក់គ្រឹះដ៏រឹងមាំ សម្រាប់ត្រៀមប្រកួតប្រជែងនារដូវកាលថ្មីខាងមុខ។
ប្រធានក្លិបខាងលើបានបញ្ជាក់ថា ការនាំចូលគ្រូបង្វឹក និងកីឡាករដ៏មានបទពិសោធន៍ទាំង ២រូបខាងលើ មិនមែនជារឿងចៃដន្យ តែជាផែនការច្បាស់លាស់មួយសម្រាប់ក្លិប បន្ទាប់ពីដឹងរាក់ជ្រៅ ក្រោយចូលប្រឡូកក្នុងលីគកំពូលកម្ពុជា ៣រដូវកាលកន្លងមក ហើយលោកថា រដូវកាលថ្មី គឺជាឆ្នាំដ៏ល្អបំផុត ដែលក្លិបត្រូវចាប់ផ្ដើមកសាងចាក់គ្រឹះឲ្យបានពិតប្រាកដ។
ក្រៅពីនាំចូលលោក Conor ដែលលោកចាត់ទុកជាអ្នកចាក់គ្រឹះ និងកីឡាករខ្មែរបារាំង ដែលលោកចាត់ទុកជាជួយសាងសង់ផ្ទះដ៏រឹងមាំ លោក កាំង សេន បង្ហើបទៀតថា «ឆ្នាំនេះ យើងនឹងឃើញថា កីឡាករដែលយើងនាំចូលចាប់ផ្ដើមពី ធារី គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ ជាគំរូ ជា Idol ទាំងក្នុង និងក្រៅទីលាន។ ខ្ញុំឃើញ ធារី គាត់មានគុណភាពទាំងអស់នេះ ទាំងការរស់នៅ ការថែសុខភាព និងភាពជាអាជីពក្នុងបាល់ទាត់ គឺខ្ពស់។ ហេតុនេះ ខ្ញុំជឿថា ការសម្រេចចិត្តរបស់ខ្ញុំ មិនខុសទេ»។
ទន្ទឹមជាមួយការប្រកាសជំហរក្នុងការកសាងក្លិបអាជីពមួយដ៏ពិតប្រាកដ ដើម្បីត្រៀមការប្រកួតប្រជែងដ៏ខ្លាំង ប្រធានក្លិប និងជាកីឡាករផងនោះ មិនបានដាក់គោលដៅខ្ពស់ដូចឆ្នាំមុននោះទេ (ឆ្នាំមុនដាក់គោលដៅ Top-4) តែលោកបានប្ដេជ្ញា និងសន្យាជាមួយអ្នកគាំទ្រ នឹងព្យាយាមពង្រឹងក្រុមឲ្យបានខ្លាំង ធ្វើយ៉ាងណារើបម្រាសចេញពីតំបន់បាតតារាងឲ្យខានតែបាន ជាមួយផែនការអភិវឌ្ឍក្រុម ទាំងក្រុមធំ និងយុវជន ដើរស្របគ្នាឆ្ពោះទៅរកទិសដៅតែមួយ។
គួរដឹងថា នេះគឺជាការផ្លាស់ប្ដួរដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្នុងនាមក្លិបដែលវិវឌ្ឍន៍ពីក្លិបពាក់កណ្ដាលអាជីព មកក្លិបអាជីព និងបានលេងលីគកំពូលកម្ពុជា ៣រដូវកាលកន្លងមក បាននាំចូលគ្រូបង្វឹកមានបទពិសោធន៍ ទាំងក្នុង និងក្រៅប្រទេសមកដឹកនាំ ព្រមទាំងកីឡាករមានបទពិសោធន៍ផ្សេងៗទៀត ដែលក្លិបគ្រោងនាំចូល បន្ទាប់ពី ISI បានរុះរើទ្រង់ទ្រាយធំ ដោយចែកផ្លូវជាមួយកីឡាកររហូតដល់ ១៥នាក់កាលពីថ្មីៗ៕





