កំពូលក្រុមហ៊ុន AI ចិន Zhipu AI ប្រកាសផែនការធំ ត្រៀមវាយលុកទីផ្សារភាគហ៊ុនស៊ាងហៃ បន្ទាប់ពីតម្លៃខ្លួនហក់ឡើងដល់ ៨៣ពាន់លានដុល្លារ

02-06-2026 13:24

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ចិន Zhipu AI (ឬស្គាល់ជាផ្លូវការថា Knowledge Atlas Technology) បានប្រកាសនៅយប់ថ្ងៃចន្ទថា ខ្លួនមានបំណងដាក់ពាក្យសុំចុះបញ្ជីលក់ភាគហ៊ុនប្រភេទ A-share នៅក្នុងស្រុក លើក្តារនវានុវត្តន៍វិទ្យាសាស្ត្រនិងបច្គេកវិទ្យា (Sci-Tech Innovation Board) នៃផ្សារភាគហ៊ុនទីក្រុងស៊ាងហៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

ការសម្រេចចិត្តនេះ ធ្វើឡើងក្នុងគោលបំណងកៀរគរដើមទុនបន្ថែម ខណៈដែលក្រុមហ៊ុនគ្រោងនឹងបោះផ្សាយលក់ភាគហ៊ុនចន្លោះពី ២% ទៅ ៨% នៃដើមទុនសរុប (ស្មើនឹង ៩,១ លាន ទៅ ៣៨,៨ លានភាគហ៊ុន) ទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនមិនទាន់ទម្លាយចំនួនទឹកប្រាក់ច្បាស់លាស់ដែលត្រូវប្រមូលពីការបោះផ្សាយនេះក៏ដោយ។

ការផ្លាស់ប្តូរដ៏ធំរបស់ក្រុមហ៊ុន sartup AI មួយនេះ ធ្វើឡើងបន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើ IPO នៅទីក្រុងហុងកុងកាលពីខែមករាកន្លងទៅ ដោយប្រមូលទុនបានរហូតដល់ ៤,៣៥ ពាន់លានដុល្លារហុងកុង។ ចាប់តាំងពីពេលនោះមក តម្លៃភាគហ៊ុនរបស់ Zhipu AI បានហក់ឡើងខ្ពស់ជាងតម្លៃ IPO ដល់ទៅជាង ១០ ដង ដែលជម្រុញឱ្យតម្លៃទីផ្សារសរុប (Market Cap) របស់ក្រុមហ៊ុនហក់ឡើងដល់ ៨៣ ពាន់លានដុល្លារ គិតត្រឹមថ្ងៃអង្គារនេះ។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសប្តូរឈ្មោះជាភាសាអង់គ្លេសទៅជា «Z.AI Co» ដើម្បីឱ្យស្របទៅនឹងតម្រូវការប្រតិបត្តិការសកលរបស់ខ្លួនផងដែរ។

និន្នាការនៃការវិលត្រឡប់មកបោះផ្សាយលក់ភាគហ៊ុនក្នុងស្រុកនេះ កំពុងមានភាពរីកដុះដាលយ៉ាងខ្លាំង ដោយសារតែវិនិយោគិនមានតម្រូវការខ្ពស់លើភាគហ៊ុនបច្ចេកវិទ្យា អមដោយការបើកផ្លូវកាត់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង។ យោងតាមទិន្នន័យពី LSEG បានបង្ហាញថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ទឹកប្រាក់ដែលប្រមូលបានតាមរយៈការធ្វើ IPO ក្នុងស្រុកនៅក្នុងប្រទេសចិន មានចំនួនសរុប ៦,៧ ពាន់លានដុល្លារ ពោលគឺកើនឡើង ៧៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្រៅពី Zhipu AI ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដូចជាក្រុមហ៊ុនផលិតរ៉ូបូត Unitree និងក្រុមហ៊ុនផលិតបន្ទះឈីប Kunlunxin របស់ Baidu ក៏កំពុងសម្រុកចូលទីផ្សារភាគហ៊ុនក្នុងស្រុកដូចគ្នា។

ជាជំហានបន្ទាប់ Zhipu AI គ្រោងនឹងបោះផ្សាយលក់ភាគហ៊ុននេះក្នុងរយៈពេល ១២ ខែ បន្ទាប់ពីទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការពីគណៈកម្មការមូលបត្រចិន (CSRC)។ អ្នកជំនាញសេដ្ឋកិច្ចបានរំពឹងទុកថា ការចូលរួមរបស់ Zhipu AI រួមផ្សំជាមួយនឹងការបោះផ្សាយលក់ភាគហ៊ុនខ្នាតយក្សដោយក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលៗដូចជា ChangXin Memory និង Yangtze Memory នឹងជួយជំរុញឱ្យទីផ្សារដើមទុនក្នុងស្រុករបស់ប្រទេសចិនកាន់តែមានភាពរស់រវើក និងរឹងមាំខ្លាំងក្លាថែមទៀតនៅក្នុងឆ្នាំនេះ៕