NOCC គាំទ្រការបំផុសចលនាកីឡាដល់កុមារ ដើម្បីលើកកម្ពស់សុខភាព និងស្ថេរភាពក្នុងការសិក្សា

02-06-2026 13:51

(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគាំទ្រ និងជំរុញការបំផុសសកម្មភាពកីឡាដល់កុមារ ពិសេសនៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ដើម្បីលើកកម្ពស់សុខភាព និងស្ថេរភាពក្នុងការសិក្សាបានកាន់តែល្អប្រសើរ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បន្ទាប់ពីចុះអនុស្សរណៈជាមួយសាលាអន្តរជាតិ Herrington និងបានរៀបចំទិវាកីឡាកម្សាន្ដសម្រាប់កុមារ លើកដំបូង នៅទីលានកីឡារបស់សាលា ដោយមានការចូលរួមពីអាណាព្យាបាល និងកុមារា-កុមារីប្រមាណជាង ១,០០០នាក់កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកបានចាត់ទុកនេះ គឺជាជំហានទី១ ក្នុងការពង្រីកការផ្សព្វផ្សាយចលនាអូឡាំពិក និងបំផុសសកម្មភាពកីឡាចាប់តាំងពីកុមារតូចៗឡើងទៅ ស្របតាមស្មារតី NOCC ក្នុងការជំរុញឲ្យមានសកម្មភាពរៀងរាល់ឆ្នាំ ដូចជាកម្មវិធីកុមារអូឡាំពិកជាដើម។ កុមារត្រូវការការអប់រំ ទាំងចំណេះដឹង បញ្ញា ស្មារតី សិល្បៈ គុណធម៌ សីលធម៌ ក្នុងនោះការអប់រំកាយ និងកីឡា ក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ជួយឲ្យកុមារ និងសិស្សានុសិស្សមានសុខភាពល្អ និងស្ថិរភាពល្អក្នុងការសិក្សាផងដែរ។

ផ្ដើមពីកិច្ចសហការនេះលោកសង្ឃឹមថា នឹងក្លាយជាគំរូមួយដល់គ្រឹះស្ថានអប់រំដទៃទៀត ចូលរួមបំផុសកាន់តែច្រើនដល់សកម្មភាពកីឡា ដែលប្រកបដោយភាពស្តង់ដារ ហើយចាប់ផ្ដើមពីមូលដ្ឋានគ្រឹះនៃការលេងកីឡា ឬកីឡាលក្ខណៈសុខភាព ដើម្បីបណ្ដុះគំនិតឲ្យពួកគេចេះស្រលាញ់ ហើយអាចឈានទៅចាប់ជំនាញកីឡាណាមួយ ដែលខ្លួនមាននិស្ស័យ ដើម្បីក្លាយជាធនធានកីឡាករជម្រើសជាតិនាថ្ងៃអនាគត។ លោកសង្កត់ធ្ងន់ថា កីឡាមិនត្រឹមជួយឲ្យមានសុខភាពល្អ តែក៏ជួយលើកកម្ពស់ភាពឈ្លាសវៃរបស់កុមារទៀតផង។

សម្រាប់ទិវាកីឡាកម្សាន្ដសម្រាប់កុមារ ដើម្បីអបអរទិវាកុមារអន្ដរជាតិ ១មិថុនាផងនោះ ត្រូវបានរៀបចំលើប្រភេទកីឡាចំនួន ៦ ដែលផ្ដោតសំខាន់លើមូលដ្ឋានគ្រឹះដល់កុមារ រួមមានកីឡាបាល់ទាត់ បាល់បោះ វាយសី វាយកូនហ្គោល កីឡារត់ និង កីឡាប្រជ្ញាអូឡាំពិក៕