DurianX ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវ SuperApp ដែលអភិវឌ្ឍដោយសហគ្រិនខ្មែរ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មក្នុងស្រុក
02-06-2026 15:58
(ភ្នំពេញ)៖ ក្រុមហ៊ុន Durian Inn នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការ អំពីការដាក់ឱ្យដំណើរការ DurianX ដែលជា SuperApp លំដាប់ខ្ពស់ នៅកម្ពុជាអភិវឌ្ឍដោយសហគ្រិនខ្មែរ។
កម្មវិធីទូរស័ព្ទទំនើប ត្រូវបានបង្កើតឡើង ដើម្បីរួមចំណែកការអភិវឌ្ឍន៍វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការភ្ជាប់ទំនាក់ទំនង រវាងអ្នកប្រើប្រាស់ អាជីវករ និងអ្នកដឹកជញ្ជូន ឱ្យស្ថិតនៅក្នុងប្រព័ន្ធអេកូឌីជីថលតែមួយ ដែលមានប្រសិទ្ធភាពខ្ពស់ និងដំណើរការប្រកបដោយទំនុកចិត្ត។ DurianX ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងមានការអភិវឌ្ឍន៍នៅលើទីផ្សារកម្ពុជា។
ក្រុមការងារ មានការសម្រិតសម្រាំងក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទទំនើបនេះ ដោយផ្តោត
សំខាន់ទៅលើអ្នកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រង់ឌីជីថល ដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អាជីវកម្ម ជាពិសេសអ្នកដឹកជញ្ជូនលើគ្រប់វិស័យ ដើម្បីធានាថា ការប្រើប្រាស់របស់ពួកគាត់មានភាពងាយស្រួល។
ការប្រកាសដាក់ឱ្យដំណើរការនេះ តំណាងឱ្យចំណុចរបត់ដ៏សំខាន់មួយសម្រាប់វិស័យសេដ្ឋកិច្ច និង បច្ចេកវិទ្យា ឌីជីថលនៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ បង្កើតដោយសហគ្រិនខ្មែរ ប៉ុន្តែ DurianX មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងជាមួយកម្មវិធីទូរស័ព្ទទំនើបថ្នាក់អន្តរជាតិ។ DurianX កំពុងជំរុញការអភិវឌ្ឍន៍ និងឯករាជ្យភាពបច្ចេកវិទ្យារបស់កម្ពុជា ជាពិសេសេវាកម្ម បានបង្ហាញពីសមត្ថភាពកម្រិតស្តង់ដា នៃអ្នកច្នៃប្រឌិតជាជនជាតិខ្មែរ។
លោក ឆន សុភ័ក្ត្រា អគ្គនាយកបច្ចេកវិទ្យា និងផលិតផល នៃ DurianX បានថ្លែងថា «បេសកកម្មរបស់ DurianX គឺអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលសម្រាប់ប្រជាជនកម្ពុជា ប្រកបដោយទំនុកចិត្ត និងមិនអាចខ្វះបាន។ តាមរយៈ DurianX យើងនឹងជួយអ្នកប្រើប្រាស់កាត់បន្ថយ ឬឈប់ពឹងផ្អែកលើកម្មវិធីទូរស័ព្ទវៃទំនើបរបស់បរទេស ដែលចំណែកមួយជួយដល់សេដ្ឋកិច្ច និង បច្ចេកវិទ្យាឌីជីថលរបស់កម្ពុជាឲ្យនៅតែមានភាពរឹងមាំ អាចពឹងផ្អែកលើខ្លួនឯង ដែលអភិវឌ្ឍ និងបង្កើតដោយប្រជាជនខ្មែរយើង ព្រោះយើងកំពុងផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយ គុណភាពសេវាកម្មកម្រិតស្តង់ដារ និងគុណតម្លៃពិសេសដែលត្រូវបានរចនាឡើងសម្រាប់សហគមន៍កម្ពុជា»។
លោកបានបន្ថែមថា «ប្រជាជនខ្មែរយើងមានទេពកោសល្យ សមត្ថភាព និងចក្ខុវិស័យ ក្នុងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទដៃទំនើប កម្រិតពិភពលោកដោយខ្លួនឯង និងបង្កើតឱកាសជាច្រើន សម្រាប់អាជីវករ អ្នកដឹកជញ្ជូនអាជីព និងសហគមន៍ក្នុងស្រុក តាមរយៈនវានុវត្តន៍បច្ចេកវិទ្យា ដែលបង្កើតឡើងសម្រាប់កម្ពុជាដោយសហគ្រិនខ្មែរ»។
លោក ឆន សុភ័ក្ត្រា ក៏បានលើកឡើងទៀតថា «DurianX យល់ច្បាស់ពីបញ្ហាប្រឈមរបស់អាជីវកម្មក្នុងស្រុក និងអ្នកដឹកជញ្ជូន ពីព្រោះយើងគឺជាផ្នែកមួយនៃសហគមន៍ដូចគ្នា។ ហេតុនេះហើយទើប DurianX ផ្តោតសំខាន់ទៅលើការផ្តល់ដំណោះស្រាយជាក់ស្តែង ឱកាសប្រកបដោយសមធម៌ ការគាំទ្រដែលសមស្របទៅនឹងទីផ្សារកម្ពុជា ដើម្បីជួយឱ្យអាជីវកម្មទាំងអស់មានការរីកចម្រើនជាលំដាប់»។
លោកថា «DurianX មិនត្រឹមតែជាកម្មវិធីទូរស័ព្ទដៃទំនើបសម្រាប់តែបម្រើវិស័យដឹកជញ្ជូន ម្ហូបអាហារ និងសេវាបញ្ញើរហ័សតែប៉ុណ្ណោះទេ តែយើងជាកម្មវិធីទំនើបកម្មមួយ ត្រូវបានអភិវឌ្ឍឡើងដើម្បីលើកកម្ពស់ស្តង់ដារ សេវាដឹកជញ្ជូនទូទាំងប្រទេស។ DurianX ធានាបាននូវការដឹកជញ្ជូនដែលលឿន រហ័ស សុវត្ថិភាព និងទុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់។
DurianXប្តេជ្ញាផ្តល់ជូននូវគោលការណ៍តម្លៃ ដែលមានការប្រកួតប្រជែង ផ្តល់អត្ថប្រយោជន៍អតិបរមាដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
* សម្រាប់អ្នកប្រើប្រាស់៖ អត្រាសេវាដឹកជញ្ជូនសមរម្យ ដែលមានអាហារសម្បូរបែប ច្រើនជម្រើស និងសេវាដឹកជញ្ជូនមានការប្រកួតប្រជែង។
* សម្រាប់អាជីវករ និងដៃគូអាជីវកម្ម៖ យើងបានដាក់ចេញនូវសេវាប្រកបដោយសមធម៌ ដើម្បីជួយអាជីវកម្មក្នុងស្រុកឱ្យរីកចម្រើនប្រកបដោយចីរភាព។
* សម្រាប់អ្នកដឹកជញ្ជូន៖ យើងបានរិះរកនូវគ្រប់មធ្យោបានធ្វើយ៉ាងណាដើម្បីឱ្យចំណូលបងប្អូនកាន់តែខ្ពស់ ម៉ោងការងារដែលមានភាពបត់បែន និងការគាំទ្រពីក្រុមការងាររបស់យើង យ៉ាងយកចិត្តទុកដាក់ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់បងប្អូន។
ខណៈដែលសហគ្រិនក្នុងស្រុក កាន់តែច្រើនកំពុងប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ កម្មវិធីទូរស័ព្ទទំនើបដែលអភិវឌ្ឍដោយសហគ្រិនខ្មែរ ដូចជា DurianX កំពុងបង្ហាញពីសក្តានុពល និងដំណោះស្រាយផ្នែកឌីជីថលដែលមានប្រសិទ្ធភាព និងអាចប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្នុងតំបន់។ យើងជឿជាក់ថា បច្ចេកវិទ្យា មិនត្រឹមតែបង្កើនការទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សហគមន៍ គាំទ្រអាជីវកម្មក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់អនាគតរបស់កម្ពុជា តាមរយៈការបង្កើតឱកាសការងារកាន់តែច្រើន ជាលទ្ធផលវានឹងធ្វើឱ្យសង្គមរបស់យើងរីកចម្រើនទៅតាមនេះផងដែរ។
សូមជម្រាបថា នៅក្នុងកម្មវិធីទូរស័ព្ទ DurianX នេះ ក៏មានជំនួយការឆ្លាតវៃ Bong X ដោយគ្រាន់តែ ថតរូបភាព ឬនិយាយជាសំឡេង ក៏អ្នកប្រើប្រាស់អាចស្វែងរកអាហារ ឬភេសជ្ជៈ ដែលចូលចិត្ដ ដោយមានលក្ខណៈងាយស្រួល លឿន និងរហ័សទាន់ចិត្ត៕











