ទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារ ត្រូវគេទុកចោលជាង ១៥ឆ្នាំ! អាថ៌កំបាំងដ៏ធំបំផុតពីក្រោយស្ថាបនិក Bitcoin
02-06-2026 16:05
(បរទេស)៖ Satoshi Nakamoto គឺជាឈ្មោះក្លែងក្លាយដែលត្រូវបានប្រើប្រាស់សម្រាប់ហៅស្ថាបនិកមិនស្គាល់អត្តសញ្ញាណរបស់ Bitcoin ដែលជាប្រាក់គ្រីបតូ (Cryptocurrency) ល្បីល្បាញដំបូងគេបង្អស់នៅលើពិភពលោក។ Bitcoin ត្រូវបានណែនាំឱ្យស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ២០០៨ តាមរយៈសៀវភៅណែនាំស្បែកស (White Paper) មួយដែលមានចំណងជើងថា «Bitcoin៖ ប្រព័ន្ធសាច់ប្រាក់អេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់» ឬ (Bitcoin: A Peer-to-Peer Electronic Cash System)។ បណ្តាញប្រាក់គ្រីបតូនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែមករា ឆ្នាំ ២០០៩។
Satoshi បានជួយបង្កើត និងតម្រង់ទិសដៅ Bitcoin នៅក្នុងឆ្នាំដំបូងៗ បន្ទាប់មកក៏បានបាត់ខ្លួនបន្តិចម្តងៗពីការប្រស្រ័យទាក់ទងជាសាធារណៈនៅកំឡុងឆ្នាំ ២០១០។ អត្តសញ្ញាណពិតប្រាកដដែលនៅពីក្រោយឈ្មោះនេះ មិនដែលត្រូវបានគេបញ្ជាក់ច្បាស់ឡើយ។ Satoshi អាចជាមនុស្សម្នាក់ ឬជាក្រុមមនុស្ស ប៉ុន្តែមិនទាន់មានភស្តុតាងជាសាធារណៈណាមួយអាចស្រាវជ្រាវដឹងថា នរណាជាអ្នកបង្កើត Bitcoin ពិតប្រាកដនោះទេ។ ក្រុមអ្នកស្រាវជ្រាវបច្ចេកវិទ្យា Blockchain ជឿជាក់ថា Satoshi បានជីក (Mine) ប្លុក Bitcoin ក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅអំឡុងថ្ងៃដំបូងៗនៃការបង្កើតបណ្តាញនេះ។
កាក់ដំបូងៗទាំងនោះ ជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងអ្វីដែលក្រុមអ្នកស្រាវជ្រាវហៅថា «ទម្រង់ Patoshi» ឬ (Patoshi pattern) ដែលវាជាទម្រង់នៃការជីកកាក់ដែលមានទំនាក់ទំនងទៅនឹងប្លុកដំបូងៗបំផុតរបស់ Bitcoin។ ទោះបីជាការប៉ាន់ស្មានមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ ប៉ុន្តែគេជឿជាក់ជាទូទៅថា Satoshi កំពុងក្តោបក្តាប់ និងគ្រប់គ្រង Bitcoin ប្រហែលពី ៩៦៨,០០០ ទៅ ១.១ លានកាក់។
ផ្អែកលើតម្លៃ Bitcoin នាពេលបច្ចុប្បន្ន ទ្រព្យសម្បត្តិដែល Satoshi កំពុងកាន់កាប់នោះ នឹងមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារអាមេរិក។ តម្លៃជាក់ស្តែងនេះមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដោយសារតែតម្លៃរបស់ Bitcoin មានការប្រែប្រួលជារៀងរាល់ថ្ងៃ។ កាក់ Bitcoin ភាគច្រើនដែលគេជឿថាជារបស់ Satoshi នោះ ត្រូវបានរក្សាទុកដោយគ្មានការប៉ះពាល់ ឬចរាចរទាល់តែសោះអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។
ភាពស្ងប់ស្ងាត់ដ៏យូរអង្វែងនេះ បានធ្វើឱ្យអាថ៌កំបាំងមួយនេះកាន់តែជម្រុញឱ្យរំជើបរំជួល និងធ្វើឱ្យ Satoshi ក្លាយជាបុគ្គលអនាមិកម្នាក់ដ៏គួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងប្រវត្តិសាស្ត្របច្ចេកវិទ្យា និងហិរញ្ញវត្ថុទំនើប៕









