ព្រះខ័នរាជ បន្តកិច្ចសន្យាកីឡាករបរទេសឆ្នើម ២រូប ក្រោយចែកផ្លូវជាមួយកីឡាករជាច្រើន
02-06-2026 16:10
(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសផ្លូវការក្នុងការបន្តកិច្ចសន្យាថ្មី ជាមួយកីឡាករបរទេសឆ្នើមៗ ២រូប គឺមានខ្សែបម្រើប្រយុទ្ធសញ្ជាតិស្កុតលែនដ៍ Connor Shields និងខ្សែការពារសញ្ជាតិម៉ារ៉ុក Faris Hammouti ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលបន្ទាប់។
ការសម្រេចចិត្តរក្សាទុកគ្រាប់ពេជ្រដ៏សំខាន់របស់ក្រុមទាំងពីរនេះ ធ្វើឡើងភ្លាមៗក្រោយក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករចាស់ថ្មីជាច្រើនរូប ទាំងកីឡាករជាតិ និងអន្ដរជាតិ ដូចជាខ្សែប្រយុទ្ធប្រេស៊ីល Patrick Robson និង Christian Dos Santos, កីឡាករជប៉ុនសញ្ជាតិខ្មែរ Yodai Ogawa និង មីហ្ស៊ូណូ ហីការ៉ុ, កីឡាករ សាត រ៉ស៊ីប, សៀន សុភក្ដ្រា, កាន់ ពិសាល, រី លាភផេង និងអ្នកចាំទី ខេនដេត សុជាវឌ្ឍនា កាលពីថ្មីៗ។
ចំពោះការបន្ដកុងត្រាដល់កីឡាករអន្ដរជាតិខាងលើ សម្រាប់ Connor Shields ក្លិបបានសម្រេចបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៨ បន្ទាប់ពីមានការឯកភាពរវាងភាគីទាំងពីរ ក្រោយរូបគេបានបដិសេធក្លិបធំៗជាច្រើន នៅលីគស្កុតលែនដ៍ ឥណ្ឌា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត។ រីឯខ្សែការពារ Faris Hammouti ត្រូវបានក្លិបបន្ថែមកិច្ចសន្យា ១រដូវកាលទៀត។ ការបន្តកិច្ចសន្យាថ្មីនេះបានធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងគាំទ្រការសម្រេចចិត្តរបស់ក្លិប។
យ៉ាងណាមកទល់ពេលនេះ ក្រៅពីការបន្ដកិច្ចសន្យាជាមួយកីឡាករអន្ដរជាតិទាំងពីរ គេមិនទាន់ឃើញក្លិបបង្ហើបតម្រុយនាំចូលកីឡាករថ្មីៗបន្ថែមឡើយ ក្រោយចែកផ្លូវជាមួយកីឡាករជាច្រើន ដ្បិតរដូវកាលថ្មីខាងមុខ ព្រះខ័នរាជស្វាយរៀង នឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ពោលគឺក្រៅពីការការពារតំណែងជើងឯកពានធំៗក្នុងស្រុក ពួកគេក៏ត្រូវការរៀបចំ និងពង្រឹងក្រុមកាន់តែខ្លាំង សម្រាប់ត្រៀមប្រកួតប្រជែងពានរង្វាន់អន្ដរជាតិផងដែរ រួមមានជើងឯកក្លិបអាស៊ីអាគ្នេយ៍ និងពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two ជាដើម៕










