អស់កង្វល់រឿងមូសខាំ! វិស្វករម្នាក់ច្នៃប្រព័ន្ធឡាស៊ែរ AI ដើរប្រមាញ់កម្ចាត់មូសគ្មានសល់មួយក្បាលក្នុងផ្ទះ

03-06-2026 09:37

(បរទេស)៖ លោក Steven Cheng ជំនាញការផ្នែកប្រព័ន្ធកុំព្យូទ័រ (Computer Vision) និងរ៉ូបូត បានផ្លាស់ប្តូររឿងរំខានទូទៅនៅក្នុងផ្ទះ ឱ្យទៅជាការប្រឈមផ្នែកវិស្វកម្មដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយលោកបានបង្កើត «ម៉ាស៊ីនសម្លាប់មូសដ៏អស្ចារ្យបំផុត»។ ប្រព័ន្ធនេះប្រើប្រាស់បច្ចេកវិទ្យា Deep Learning រួមផ្សំជាមួយឧបករណ៍កាំរស្មីឡាស៊ែរ ដើម្បីស្វែងរក និងតាមប្រមាញ់កម្ចាត់សត្វមូសដោយស្វ័យប្រវត្តិ។ នេះបើយោងតាមការចេញផ្សាយដោយ TechSpot នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងដំណើរការបង្ហាត់ខួរក្បាល AI ឱ្យស្គាល់សត្វមូសបានច្បាស់ លោក Cheng ត្រូវប្រើកាមេរ៉ា DSLR ថតរូបពួកវាទាំងការអត់ធ្មត់ រហូតដល់ថ្នាក់ «រងស្នាមមូសខាំរាប់មិនអស់ពេញខ្លួន» ដើម្បីប្រមូលទិន្នន័យ។ ជាមួយគ្នានេះ ការដំណើរការរូបភាពទាំងនោះ ក៏បានប្រើប្រាស់កម្លាំងកាតក្រាហ្វិក (GPU) អស់ពីសមត្ថភាពផងដែរ។ នៅទីបំផុត ឧបករណ៍នេះអាចដំណើរការបានយ៉ាងល្អឥតខ្ចោះ ដោយនៅពេលកាមេរ៉ាចាប់បានមូសកំពុងហោះហើរ ហើយ AI ផ្ទៀងផ្ទាត់ច្បាស់លាស់ វានឹងបញ្ជាទៅកាំរស្មីឡាស៊ែរឱ្យដេញបាញ់គោលដៅភ្លាមៗតាមពេលវេលាជាក់ស្តែង (Real-time) ធ្វើឱ្យសត្វមូសនោះ «ឆេះខ្លោចមួយរំពេច»

ទោះជាឧបករណ៍នេះមើលទៅសាហាវ ប៉ុន្តែវាក៏ត្រូវបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពខ្ពស់ផងដែរ ដោយលោក Cheng បានបន្ថែមគំរូកាមេរ៉ាទីពីរសម្រាប់ស្កែនមើលមនុស្ស ឬវត្ថុងាយឆាបឆេះ ដែលវានឹងបិទដំណើរការឡាស៊ែរភ្លាមៗប្រសិនបើមានហានិភ័យកើតឡើង។ វិស្វកររូបនេះបានអះអាងថា ក្រោយដាក់ឱ្យដំណើរការឧបករណ៍វៃឆ្លាតនេះនៅក្នុងផ្ទះត្រឹមតែមួយយប់ប៉ុណ្ណោះ សត្វមូសទាំងអស់នៅក្នុងលំនៅឋានរបស់លោក ត្រូវបានកម្ចាត់ចោលដោយជោគជ័យគ្មានសល់។

គួរជម្រាបថា គម្រោងពិសោធន៍ដ៏ជោគជ័យនេះបានបង្ហាញឱ្យឃើញថា នាពេលបច្ចុប្បន្ន អ្នកចូលចិត្តច្នៃប្រឌិតឧបករណ៍ដោយខ្លួនឯង (DIY) គឺអាចយកគ្រឿងម៉ាស៊ីន កាមេរ៉ា និងកាតក្រាហ្វិកដែលមានលក់លើទីផ្សារទូទៅ មកបញ្ចូលគ្នាជាមួយបច្ចេកវិទ្យា AI និងរ៉ូបូត ដើម្បីបង្កើតជាប្រព័ន្ធការពារវៃឆ្លាតប្រើប្រាស់តាមផ្ទះបានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់៕