ក្រុមហ៊ុនយក្ស ByteDance និង Oracle ងាកមកប្រើឈីប AI ជំនាន់ថ្មីរបស់ Arm សម្រាប់មជ្ឈមណ្ឌលទិន្នន័យ
03-06-2026 09:52
(បរទេស)៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ Computex ក្នុងទីក្រុងតៃប៉ិ លោក Rene Haas នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនរចនាបន្ទះឈីបលំដាប់ពិភពលោក Arm បានទម្លាយព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍មួយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ByteDance (ក្រុមហ៊ុនមេរបស់ TikTok) និងក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ និងក្លោដ (Cloud) របស់អាមេរិក Oracle គឺស្ថិតក្នុងចំណោមអតិថិជនធំៗ ដែលបានបញ្ជាទិញបន្ទះឈីប AI ជំនាន់ថ្មីរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦។
លោក Rene Haas បានបញ្ជាក់ផ្ទាល់ក្នុងឱកាសនោះថា ក្រុមហ៊ុនល្បីៗទាំងពីរនេះ បានសម្រេចចិត្តជ្រើសរើសយកបន្ទះឈីបដំណើរការកណ្តាលប្រភេទ AGI CPUs របស់ Arm ទៅប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Centre) ដ៏មហាសាលរបស់ពួកគេ ដើម្បីជួយជំរុញ ល្បឿន និងបង្កើនប្រសិទ្ធភាពក្នុងការដំណើរការប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ឱ្យកាន់តែមានភាពវៃឆ្លាតជាងមុន។
គួរជម្រាបថា ការប្រកាសនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពល និងការរីកចម្រើនយ៉ាងរហ័សរបស់ក្រុមហ៊ុន Arm ក្នុងការឈានជើងចូលដណ្តើមចំណែកទីផ្សារបច្ចេកវិទ្យា AI ក្នុងកម្រិតសាជីវកម្ម (Enterprise)។ បន្ទាប់ពីទទួលបានជោគជ័យស្ទើរតែទាំងស្រុងលើការរចនាស្ថាបត្យកម្មឈីបសម្រាប់ទូរស័ព្ទដៃស្មាតហ្វូននៅទូទាំងសកលលោកកន្លងមក ពេលនេះ Arm កំពុងក្លាយជាដៃគូប្រកួតប្រជែងដ៏គួរឱ្យខ្លាចមួយសម្រាប់ក្រុមហ៊ុនផលិតឈីបកុំព្យូទ័រ និងម៉ាស៊ីន Server ធំៗ ក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាឌីជីថលសម្រាប់ពេលអនាគត៕









