យល់ដឹងកីឡា៖ FIFA បង្កើតច្បាប់តូចៗមួយចំនួនលើទីលាន សម្រាប់ World Cup 2026
03-06-2026 11:15
(បរទេស)៖ សប្តាហ៍ក្រោយនេះ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026 ដែលប្រិយមិត្តទន្ទឹងរង់ចាំដោយ អន្ទះសារនោះចាប់ផ្តើមហើយ ពោលគឺនៅរាត្រីថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ ទី១២ ខែមិថុនា ដោយមាន ៤៨ប្រទេសធ្វើឡើងនៅ ៣ប្រទេសផ្សេងគ្នាជាលើកដំបូងក្នុងទឹកដីសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។
ទន្ទឹមគ្នានោះដែរ យុទ្ធនាការដែលលេងរៀងរាល់ ៤ឆ្នាំម្តង និងមានដល់ទៅ ១០៤ប្រកួតសរុបនោះ សហព័ន្ធគ្រប់គ្រងបាល់ទាត់ FIFA ក៏បានដាក់ចេញនូវច្បាប់មួយចំនួន ចៀសវាងការខ្ជះខ្ជាយពេលវេលា និងធ្វើឱ្យគ្រប់ការប្រកួតកាន់តែ សុក្រិត្យ និងទាក់ទាញខ្លាំងឡើងថែមទៀត។
១៖ គ្រប់កីឡាករទាំងអស់ពេលនិយាយគ្នា ហាមយកដៃ ឬអាវគ្របមាត់ (cover mouth) ដោយពុំនោះទេ នឹងត្រូវពិន័យកាត (លឿង-ក្រហម)។
២៖ មានតែប្រធានក្រុមម្នាក់គត់ មានសិទ្ធិនិយាយ ឬប្តឹងអាជ្ញាកណ្តាល។
៣៖ ប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល VAR មានសិទ្ធិលុបចោលកាតពីការពិន័យរបស់អាជ្ញាកណ្តាលលើទីលានវិញ ក្រោយផ្ទៀងផ្ទាត់កំហុសជាក់ស្តែង។
៤៖ រាល់ការប្តូរកីឡាករ ធ្វើឡើងត្រឹមរយៈពេល ១០វិនាទីប៉ុណ្ណោះ ដូច្នេះនៅពេលអាជ្ញាកណ្តាលក្នុងទីលានផ្លុំកញ្ចែស្កុបការប្រកួតដើម្បីដោះដូរ នោះកីឡាករគ្រប់រូបត្រូវមើលទៅក្តារដោះដូរ និងប្រញាប់រត់ចេញភ្លាម។ ករណីលើសពី ១០វិនាទី (second) នោះកីឡាករថ្មីនឹងត្រូវរង់ចាំដល់លេងបាន ១នាទីសិន ទើបមានសិទ្ធិចូលបាន។
៥៖ ករណីកីឡាកររបួសក្នុងទីលាន ដែលចាំបាច់មានក្រុមគ្រូពេទ្យមកពិនិត្យ នោះកីឡាកររូបនេះ នឹងត្រូវនៅក្រៅទីលាន ក្រោយដំណើរការប្រកួតបាន ១នាទីផងដែរ។
៦៖ ករណីអ្នកចាំទីរបួស នៅអំឡុងក្រុមគ្រូពេទ្យពិនិត្យ គ្រប់កីឡាករមិនអាចចាកចេញពីទីលាន ដើម្បីទទួលដំបូន្មានពីគ្រូបង្វឹក ឬមិត្តរួមក្រុមបានដូចមុនទៀតឡើយ។
៧៖ ករណីគប់បាល់ទូស្ត និងទាត់បាល់ជ្រុង ត្រូវធ្វើឡើងមិនឱ្យលើសពី ១០វិនាទីឡើយ ប្រសិនបើលើស ត្រូវផ្តល់ឱកាសឱ្យគូបដិបក្ខជំនួសវិញ។
៨៖ បច្ចេកវិទ្យា VAR នឹងត្រូវដាក់ ដើម្បីចាប់ជំហរក្រៅល្បែង (offside) ដោយបញ្ជូនសារទៅកាន់ជំនួយការអាជ្ញាកណ្តាលតែម្តង ក្នុងរយៈចម្ងាយតែជាង ១០សង់ទីម៉ែត្រ (10cm) ប៉ុណ្ណោះ ដោយរាល់ដងកីឡាករទាត់បញ្ចូលទី ទើបអាជ្ញាកណ្តាលលើកទង់ ដែលជាការខាតបង់ពេលវេលា។
៩៖ cooling breaks នឹងត្រូវបានធ្វើឡើងរៀងរាល់ ២២នាទីម្តង ដើម្បីបញ្ចុះកំដៅក្នុងទីលាន និងកីឡាករ បូករួមទាំង យុទ្ធសាស្រ្តបន្ថែមពីគ្រូបង្វឹក ក្នុងរយៈពេល ៣នាទី។
១០៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 នារាត្រីម៉ោង ២រំលងអាធ្រាត្រថ្ងៃទី១៩ ខែកក្កដា នឹងមានការសម្រាកដល់ទៅ ២៥នាទីឯណោះ ពោលគឺដើម្បីទស្សនាការសំដែងផ្សេងៗ ដែលជាធម្មតាសម្រាក ១៥នាទីរួច ចាប់ផ្តើមប្រកួតវិញភ្លាមៗ៕





