កំណត់ត្រាប្រវត្តិសាស្ត្រថ្មី! ChatGPT ក្លាយជាកម្មវិធីដំបូងគេដែលរកបានអ្នកប្រើប្រាស់ ១ពាន់លាននាក់លឿនបំផុត
03-06-2026 11:34
(បរទេស)៖ កម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយបានឈានដល់ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែរហូតដល់ទៅ ១ ពាន់លាននាក់នៅទូទាំងពិភពលោកក្នុងខែឧសភានេះ ពោលគឺត្រឹមតែរយៈពេល ៣ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីការបើកដំណើរការ។ តាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Sensor Tower សមិទ្ធផលនេះបានធ្វើឱ្យ ChatGPT ក្លាយជាកម្មវិធីដែលរីកចម្រើនលឿនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយបានវ៉ាដាច់ល្បឿនរបស់កម្មវិធីយក្សជំនាន់មុនៗ ដូចជា Google Maps, TikTok, Instagram និង YouTube។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦។
កំណត់ត្រាដ៏អស្ចារ្យនេះបានកើតឡើងចំពេលដែលការប្រកួតប្រជែងនៅក្នុងទីផ្សារបញ្ញាសិប្បនិម្មិត (AI) កំពុងតែឡើងកំដៅយ៉ាងខ្លាំង រវាងក្រុមហ៊ុន OpenAI និងគូប្រជែងលេចធ្លោគឺ Anthropic។ ដើម្បីពង្រីកសក្តានុពលបន្ថែម ក្រុមហ៊ុន Anthropic បានដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅសហរដ្ឋអាមេរិកជាសម្ងាត់រួចរាល់ហើយ ខណៈដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា «ក្រុមហ៊ុន OpenAI ក៏កំពុងរៀបចំខ្លួនដើម្បីដាក់ពាក្យស្នើសុំ IPO នៅក្នុងសប្តាហ៍ខាងមុខនេះដែរ»។
ទោះបីជា ChatGPT កំពុងក្តោបក្តាប់ចំនួនអ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ក៏ដោយ ប៉ុន្តែកម្មវិធី Claude របស់ក្រុមហ៊ុន Anthropic ក៏កំពុងបង្ហាញការគំរាមកំហែងយ៉ាងខ្លាំង ដោយបច្ចុប្បន្ន Claude មានអ្នកប្រើប្រាស់សកម្មចំនួន ៥៦ លាននាក់ និងមានអត្រាកំណើនប្រចាំឆ្នាំរហូតដល់ ៦៤០% (លឿនជាង ChatGPT ដែលមានកំណើន ៦២%)។ ជាងនេះទៅទៀត ក្រុមហ៊ុន Sensor Tower បានគូសបញ្ជាក់ថា «អ្នកប្រើប្រាស់ ChatGPT នៅសហរដ្ឋអាមេរិកដែលបានដំឡើងកម្មវិធី Claude នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ បានកាត់បន្ថយពេលវេលាប្រើប្រាស់នៅលើ ChatGPT ចំនួន ៥% ក្នុងរយៈពេលមួយខែបន្ទាប់ពីការដំឡើង» ដែលនេះសបញ្ជាក់ឱ្យឃើញពីការផ្លាស់ប្តូរទម្លាប់របស់អ្នកប្រើប្រាស់ក្នុងសមរភូមិ AI មួយនេះ៕









