ការប្រកួតបាល់ទះពានរង្វាន់ តេជោលីគ រដូវកាលទី៣ រកឃើញ ៦ក្រុមឡើងជុំទី២

03-06-2026 12:32

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ តេជោលីគ រដូវកាលទី៣ បានបញ្ចប់ការប្រកួតសន្សំពិន្ទុជុំទី១ និងបានរកឃើញ ៦ក្រុមខ្លាំងឡើងជុំទី២ ក្រោយដំណើរការប្រកួតជាងកន្លះខែកន្លងមក។

ក្នុងចំណោមបេក្ខភាព ៨ក្រុមដែលបានចូលរួមប្រជែងពានបាល់ទះដ៏ធំជាងគេនៅកម្ពុជានេះ មាន ៦ក្រុមប៉ុណ្ណោះដែលបានឡើងជុំបន្ទាប់ ក្នុងនោះមានក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស ដែលជាក្រុមតែមួយគត់ មិនស្គាល់ពាក្យចាញ់ សម្រាប់ការប្រកួតជុំទី១ ពោលគឺរកបាន ២០ពិន្ទុ ក្រោយយកឈ្នះ ៧ប្រកួតជាប់ៗគ្នា។

ចំណែក ៥ក្រុមទៀត គឺមានវិសាខា ឈរលេខ២ រកបាន ១៧ពិន្ទុ, ក្រសួងមហាផ្ទៃ ឈរលេខ៣ រកបាន ១៤ពិន្ទុ, ក្រុមស្នងការរាជធានីភ្នំពេញ ឈរលេខ៤ រកបាន ១២ពិន្ទុ, ក្រុមស្នងការខេត្តស្វាយរៀង ឈរលេខ៥ រកបាន ១១ពិន្ទុ និងក្រុមស្នងការខេត្តកោះកុង រកបាន ៦ពិន្ទុ ឈរលេខរៀងទី៦។ រីឯ ២ក្រុម ដែលបានកាត់ចេញ គឺមានក្រុមស្នងការខេត្តព្រះសីហនុ និងក្រុមកងពលធំអន្ដរាគមន៍លេខ៣ ដែលឈរលេខ៧ និងលេខ៨។

សម្រាប់ការប្រកួតជុំទី២ គ្រោងនឹងចាប់ផ្ដើមការប្រកួតបន្ដនាថ្ងៃទី១៩ ខែមិថុនាខាងមុខ ដ្បិតសហព័ន្ធកីឡាបាល់ទះកម្ពុជា ទុកពេលឲ្យក្រុមនីមួយៗបានសម្រាក ពិសេសមានឱកាសផ្លាស់ប្ដូរ និងរៀបចំក្រុមឲ្យកាន់តែប្រសើរ ក្នុងនោះ លក្ខខណ្ឌកំឡុងពេលសម្រាកនេះ ក្រុមនីមួយៗអាចផ្លាស់ប្ដូរកីឡាករថ្មី ទាំងខ្មែរ និងបរទេសបានចំនួន ៦រូប ដើម្បីពង្រឹងក្រុមប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត។

ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្រុមឈរលេខ១ ដល់លេខ៤ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹងបន្ដការប្រកួតដោយប្រើរូបមន្ដប្រកួតខ្វែង ពោលគឺក្រុមឈរលេខ១ ត្រូវជួបក្រុមឈរលេខ៤ និងក្រុមឈរលេខ២ ត្រូវជួបក្រុមឈរលេខ៣ ដើម្បីស្វែងរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯក តេជោលីគ រដូវកាលទី៣ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕