ប្រធាន FIFA ចុះត្រួតពិនិត្យមជ្ឈមណ្ឌលផ្សព្វផ្សាយ World Cup 2026 ទៅកាន់ពិភពលោក ស្ថិតក្នុងទីក្រុង Dallas

03-06-2026 14:10

(បរទេស)៖ ប្រមុខដឹកនាំ FIFA លោក Gianni Infantino បានចុះត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងមជ្ឈមណ្ឌលផ្សព្វផ្សាយ World Cup 2026 ទៅកាន់ពិភពលោក International Broadcasting Centre (IBC) ដែលស្ថិតក្នុងទីក្រុង Dallas សហរដ្ឋអាមេរិកនាល្ងាចថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់)។

IBC ស្ថិតក្នុងអគារដែលមានផ្ទៃក្រឡា ៤៥,០០០ម៉ែត្រក្រឡានោះ ត្រូវបានប្រធាន FIFA ពិពណ៌នាថា ជាទីតាំងដែល មានបំពាក់សំភារៈបរិក្ខាទំនើបៗចុងក្រោយ ដោយមិនធ្លាប់មានពីមុនមកឡើយ ដើម្បីផ្សព្វផ្សាយ World Cup 2026 ទៅទូទាំងសកលលោកចេញពី ១៦ទីតាំងសរុបនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដាខាងមុខ។

លោក Infantino បានថ្លែងក្នុងកិច្ចសម្ភាសន៍ថា «វាពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ខ្ញុំ ដែលបានមកដល់មជ្ឈមណ្ឌលផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិបែបនេះនៅទីក្រុង Dallas។ វាពិតជាប្រសើរខ្លាំងណាស់ ដែលពោរពេញដោយបច្ចេកវិទ្យាទំនើបៗ បំពាក់ដោយប្រព័ន្ធ AI រួមទាំងអ្នកជំនាញៗជាច្រើនទៀត»

លោក Infantino ដែលបានដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ ជំនួសលោក Sepp Blatter នោះបានសង្កត់ធ្ងន់ថា នៅពេលគ្រប់គ្នាត្រឡប់ទៅផ្ទះវិញ និងទស្សនា World Cup តាមកញ្ចក់ទូរទស្សន៍ អ្នកអាចមិនដឹងទេថា មានមនុស្សរាប់ពាន់នាក់កំពុងបម្រើការងារ ដោយមិនត្រឹមតែនៅក្នុងពហុកីឡដ្ឋានប៉ុណ្ណោះទេ ថែមទាំងនៅ IBC ថែមទៀត។

គួរជម្រាបផងថា Dallas City គឺជាទីក្រុងដ៏មានប្រជាប្រិយភាពលំដាប់ទី៩ ដែលស្ថិតក្នុងរដ្ឋ Texas របស់សហរដ្ឋអាមេរិក ប្រកបភាពស៊ីវិល័យ និងជាមជ្ឈមណ្ឌលទំនើបៗទៀតផង៕