ក្រុមហ៊ុន Uber កំណត់កម្រិតចំណាយលើការប្រើប្រាស់ AI របស់បុគ្គលិក បន្ទាប់ពីប្រើប្រាស់ថវិកាប្រចាំឆ្នាំអស់រលីងក្នុងរយៈពេលត្រឹមតែ ៤ខែ

03-06-2026 16:24

(បរទេស)៖ បច្ចេកវិទ្យា AI កំពុងតែមានតម្លៃកាន់តែថ្លៃ ហើយក្រុមហ៊ុនមួយចំនួនកំពុងតែកាត់បន្ថយការប្រើប្រាស់ក្នុងគោលបំណងគ្រប់គ្រងការចំណាយ។ ក្នុងចំណោមនោះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលំដាប់ពិភពលោកមួយរបស់សហរដ្ឋអាមេរិក គឺ Uber ផងដែរ ដែលថ្មីៗនេះបានបង្កើតច្បាប់កំណត់កម្រិតនៃការប្រើប្រាស់ផ្ទៃក្នុង ដើម្បីកាត់បន្ថយការចំណាយយ៉ាងសន្ធឹកសន្ធាប់លើ AI។

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនបានដាក់ចេញនូវច្បាប់ថ្មីមួយ ដោយកំណត់កម្រិតចំណាយត្រឹម ១,៥០០ ដុល្លារក្នុងមួយខែ សម្រាប់បុគ្គលិកម្នាក់ និងសម្រាប់ឧបករណ៍សរសេរកូដស្វ័យប្រវត្ត (Agentic coding tool) នីមួយៗ រួមមាន Claude Code របស់ក្រុមហ៊ុន Anthropic ឬ Cursor ជាដើម។ ការប្រើប្រាស់នេះអាចតាមដានបានតាមរយៈផ្ទាំងគ្រប់គ្រងផ្ទៃក្នុង (Dashboard) ដែលបុគ្គលិកម្នាក់ៗអាចមើលឃើញ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងករណីចាំបាច់មួយចំនួន ការចំណាយអាចលើសពីកម្រិតកំណត់នេះបាន ប្រសិនបើមានការអនុញ្ញាត។ ព័ត៌មាននេះប្រហែលជាមិនសូវមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះកាលពីខែមេសាកន្លងទៅ ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Uber បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនខ្នាតយក្សផ្នែកសេវាកម្មដឹកជញ្ជូនមួយនេះ បានប្រើប្រាស់ថវិកាសម្រាប់ AI ពេញមួយឆ្នាំរបស់ខ្លួនអស់រលីង ក្នុងរយៈពេលត្រឹមតែ ៤ ខែដំបូងប៉ុណ្ណោះ។

តាមការរាយការណ៍មុននេះដោយសារព័ត៌មាន The Information ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Uber បានលើកទឹកចិត្តឱ្យបុគ្គលិកប្រើប្រាស់ AI «ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន» ហើយថែមទាំងមានការដាក់ចំណាត់ថ្នាក់ប្រកួតប្រជែងពីកម្រិតនៃការប្រើប្រាស់របស់ពួកគេនៅលើតារាងពិន្ទុផ្ទៃក្នុងថែមទៀតផង។ ជាងនេះទៅទៀត លោក Andrew Macdonald ដែលជាប្រធានផ្នែកប្រតិបត្តិការ (COO) របស់ Uber ថ្មីៗនេះក៏បានបង្ហាញការសង្ស័យចំពោះផលជះនៃផលិតភាពដែលទទួលបានពី AI ផងដែរ ដោយលោកបានលើកឡើងនៅក្នុងកម្មវិធី Podcast មួយថា «វាពិបាកណាស់ក្នុងការគូសបន្ទាត់បង្ហាញ» ពីទំនាក់ទំនងរវាងការប្រើប្រាស់ AI និងមុខងារថ្មីៗដែលផ្តល់ជូនអតិថិជន។

គួរជម្រាបថា ការកាត់បន្ថយចំណាយរបស់ Uber បានចោទជាចម្ងល់កាន់តែទូលំទូលាយដែលវិស័យបច្ចេកវិទ្យាកំពុងប្រឈមមុខនាពេលបច្ចុប្បន្នខណៈពេលដែលបណ្តាក្រុមហ៊ុននានាកំពុងចាក់លុយរាប់លានដុល្លារទៅក្នុង AI តើផលចំណេញត្រឡប់មកវិញ (ROI) នៅឯណា? តាមពិតទៅ រហូតមកដល់ពេលនេះ ផលចំណេញពី AI នៅតែជារឿងទ្រឹស្តីដែលគ្រប់គ្នារំពឹងថានឹងលេចចេញជារូបរាងនៅថ្ងៃណាមួយ ប៉ុន្តែក្រុមហ៊ុនមួយចំនួនហាក់ដូចជាកំពុងតែអស់ការអត់ធ្មត់បន្តិចម្តងៗក្នុងការរង់ចាំមើលលទ្ធផលនេះហើយ៕