សមាគមសិល្បករខ្មែរ នាំយកថវិកា ២០លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

03-06-2026 20:22

(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាព និងការរួមចំណែកជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារដឹកនាំដោយលោកឧកញ៉ា គិត លីចន្ទផាន់ណា អនុប្រធានតំណាងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បាននាំយកថវិកាចំនួន ២០,០០០,០០០ រៀល (ម្ភៃលានរៀល) ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ចូលរួមក្នុងយុទ្ធនាការដ៏មានសារៈសំខាន់ «១ម៉ឺនរៀល ១ម៉ឺននាក់»។

«១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការបង្កើតឡើងក្នុងគោលបំណងកៀរគរថវិកាពីគ្រប់ទិសទី ដើម្បីទ្រទ្រង់ដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជារាប់លាននាក់ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គឺជាយុទ្ធនាការមួយដែលរៀបចំឡើងដើម្បីប្រមូលថវិកាពីសប្បុរសជននានា។ គោលបំណងនៃយុទ្ធនាការនេះគឺដើម្បីជួយដល់កិច្ចការសង្គម ឬគម្រោងអភិវឌ្ឍន៍ណាមួយ ដោយអំពាវនាវឱ្យមនុស្សចំនួន ១០.០០០ នាក់ បរិច្ចាគថវិកា ១០.០០០ រៀល ក្នុងម្នាក់ៗ។

តាមរយៈការចូលរួមពីមនុស្សជាច្រើន យុទ្ធនាការនេះអាចប្រមូលបានថវិកាច្រើន ដើម្បីសម្រេចគោលដៅដែលបានកំណត់៕