Microsoft ប្រកាសដាក់ឱ្យប្រើប្រាស់ «Scout» ជំនួយការ AI ផ្ទាល់ខ្លួនជំនាន់ថ្មី
04-06-2026 09:00
(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសដាក់ឱ្យដំណើរការជំនួយការ AI ថ្មីមួយឈ្មោះថា «Scout» នៅក្នុងព្រឹត្តិការណ៍សន្និសីទប្រចាំឆ្នាំ «Build» ។ Scout គឺជាជំនួយការដែលទទួលបានការបំផុសគំនិត និងអភិវឌ្ឍឡើងនៅលើរចនាសម្ព័ន្ធរបស់ OpenClaw (គម្រោង AI Agent ដែលល្បីល្បាញកាលពីដើមឆ្នាំ) ដើម្បីយកមកបញ្ចូលក្នុងប្រព័ន្ធការងារ Microsoft 365។
ខុសពី AI ធម្មតា Scout ដំណើរការជាប់ជានិច្ចនៅក្បែរអ្នកប្រើប្រាស់ មានអត្តសញ្ញាណច្បាស់លាស់ (អ្នកប្រើប្រាស់អាចដាក់ឈ្មោះឱ្យវាបាន) និងអាចរៀនសូត្រពីទម្លាប់ការងាររបស់ម្ចាស់វាយ៉ាងសកម្ម។ វាដំណើរការលើប្រព័ន្ធក្លោដ (Cloud) ភ្ជាប់បានទាំងលើ Desktop និង Web browser ងាយស្រួលគ្រប់គ្រងលើប្រអប់សំបុត្រ (Inbox) និងប្រតិទិន (Calendar)។ ក្រៅពីជំនាញស្រាប់ៗ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ «បង្វឹក» វាដើម្បីបង្កើតជំនាញថ្មីៗដោយខ្លួនឯងបាន។ សម្រាប់លក្ខខណ្ឌប្រើប្រាស់វិញ បច្ចុប្បន្នដាក់ឱ្យសាកល្បងក្នុងកម្មវិធី Frontier (សម្រាប់អ្នកចង់សាកល្បងមុនគេ) ហើយតម្រូវឱ្យមានការជាវ (Subscription) សេវាកម្ម GitHub Copilot។
មុខហាងនេះ គឺមានប្រព័ន្ធសុវត្ថិភាពខ្ពស់ បានន័យថាដើម្បីការពារកុំឱ្យ AI ធ្វើសកម្មភាពខុសប្រក្រតី ឬរត់កាត់បំផ្លាញទិន្នន័យ (ដូចដែលធ្លាប់កើតមានឡើងលើ OpenClaw) Microsoft បានបំពាក់ «ប្រព័ន្ធពិនិត្យអនុលោមភាព» ឬ (Policy conformance system) ដែលមានកំណត់ត្រាព្រឹត្តិការណ៍ (Audit trail) ត្រួតពិនិត្យរាល់សកម្មភាពរបស់ AI ជាប់ជានិច្ច។
គួរជម្រាបថា នេះជាការបោះជំហានរបស់ Microsoft ជាមួយ Scout បង្ហាញពីការផ្លាស់ប្តូរនៃបច្ចេកវិទ្យា AI ពីឧបករណ៍គ្រាន់តែឆ្លើយសំណួរ មកជា «ភ្នាក់ងារស្វ័យប្រវត្ត (AI Agent)» ដែលមានសមត្ថភាពវែកញែក និងធ្វើការជំនួសមនុស្ស។ ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍នោះ Microsoft ក៏បានបង្ហាញ Project Solara និងម៉ូដែល AI សម្រាប់ធ្វើការវែកញែករកហេតុផលនានាជំនាន់ថ្មីផងដែរ៕









