ទ្រព្យសម្បត្តិរបស់ Elon Musk នឹងហក់ហួស ១ទ្រីលានដុល្លារ ក្រោយ SpaceX ចេញលក់ IPO
04-06-2026 09:22
(បរទេស)៖ លោក Elon Musk ដែលបច្ចុប្បន្នជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក កំពុងស្ថិតនៅកៀកបំផុតក្នុងការឈានជើងចូលទៅក្នុង «ក្លិបមហាសេដ្ឋីទ្រីលាន (Trillionaire)» ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ស្របពេលដែលក្រុមហ៊ុនផលិតរ៉ុក្កែតអាវកាស SpaceX របស់លោក ត្រៀមខ្លួនបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅសប្តាហ៍ក្រោយនេះ។
យោងតាមឯកសារផ្សព្វផ្សាយព័ត៌មាន (Prospectus) ថ្មីបំផុតរបស់ក្រុមហ៊ុន SpaceX ដែលបានកែសម្រួល និងប្រកាសកាលពីថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) បានឱ្យដឹងថា ភាគហ៊ុនរបស់លោក Elon Musk នៅក្នុងក្រុមហ៊ុន SpaceX មានតម្លៃរហូតដល់ទៅ ៨៦៦.៥ ពាន់លានដុល្លារអាមេរិក។
ការកើនឡើងយ៉ាងគំហកនេះ កើតឡើងបន្ទាប់ពី SpaceX បានប្រកាសពីផែនការកំណត់តម្លៃភាគហ៊ុនសម្រាប់ការធ្វើ IPO ខាងមុខក្នុងតម្លៃ ១៣៥ ដុល្លារក្នុងមួយភាគហ៊ុន ដែលធ្វើឱ្យតម្លៃវាយតម្លៃសរុប (Valuation) របស់ក្រុមហ៊ុនអាវកាសមួយនេះ ហក់ឡើងដល់ប្រមាណ ១.៧៧ ទ្រីលានដុល្លារអាមេរិក។
នៅពេលដែលក្រុមហ៊ុន SpaceX ចូលទៅជួញដូរនៅក្នុងផ្សារភាគហ៊ុន Nasdaq ផ្លូវការនៅសប្តាហ៍ក្រោយ វានឹងធ្វើឱ្យលោក Elon Musk គ្រប់គ្រងក្រុមហ៊ុនធំៗចំនួន ២ ក្នុងចំណោមក្រុមហ៊ុនអាមេរិកដែលមានតម្លៃបំផុតទាំង ៨ នៅលើពិភពលោក ពោលគឺតម្លៃទីផ្សាររបស់ SpaceX នឹងត្រូវវ៉ាដាច់ទាំងក្រុមហ៊ុន Tesla និង Meta ថែមទៀតផង។
ក្រៅពីទ្រព្យសម្បត្តិដ៏មហាសាលនៅក្នុងក្រុមហ៊ុន SpaceX មហាសេដ្ឋីវ័យ ៥៤ឆ្នាំរូបនេះ ក៏កំពុងក្តោបក្តាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលមានតម្លៃប្រមាណជាង ៣៥០ ពាន់លានដុល្លារអាមេរិក រួមទាំងសិទ្ធិទិញភាគហ៊ុន (Stock Options) ដែលអាចបន្ថែមទំហំទឹកប្រាក់ជាង ១០០ ពាន់លានដុល្លារផ្សេងទៀតទៅក្នុងគណនីរបស់លោក។
ទោះជាយ៉ាងណាក៏ដោយ បើតាមលក្ខខណ្ឌច្បាប់នៃការធ្វើ IPO លោក Elon Musk ត្រូវជាប់កាតព្វកិច្ចមិនអាចលក់ភាគហ៊ុនរបស់លោកចេញបានឡើយក្នុងរយៈពេល ១ឆ្នាំដំបូង (Lock-up period រយៈពេល ៣៦៦ថ្ងៃ)។ បន្ទាប់ពីរយៈពេលនេះ លោកទើបមានសិទ្ធិចាត់ចែង ឬលក់ភាគហ៊ុនទាំងនោះបាន។
បច្ចុប្បន្ន ទស្សនាវដ្តីសេដ្ឋកិច្ច Forbes បានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk មានចំនួនប្រមាណ ៨២៦ ពាន់លានដុល្លារអាមេរិក ដែលជាចំនួនដាច់ឆ្ងាយឆ្ងាយពីសហស្ថាបនិកក្រុមហ៊ុន Google គឺលោក Larry Page ដែលឈរនៅចំណាត់ថ្នាក់លេខ២ ជាមួយទ្រព្យសម្បត្តិក្រោម ៣០០ ពាន់លានដុល្លារ។ ការធ្វើ IPO របស់ SpaceX នៅសប្តាហ៍ក្រោយ នឹងក្លាយជាកាតាលីករ (Catalyst) ជម្រុញឱ្យទ្រព្យសម្បត្តិផ្លូវការរបស់លោកហក់ធ្លាយរបាំង ១ ទ្រីលានដុល្លារ (១,០០០,០០០,០០០,០០០ ដុល្លារ) ភ្លាមៗ។
គួរបញ្ជាក់ផងដែរថា បើទោះបីជាតម្លៃវាយតម្លៃទីផ្សាររបស់ SpaceX មានទំហំធំធេងមែនពិត ប៉ុន្តែបើប្រៀបធៀបលើផ្នែកចំណូល ក្រុមហ៊ុននេះនៅមានទំហំតូចជាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀតនៅឡើយ។ កាលពីឆ្នាំកន្លងទៅ SpaceX រកចំណូលបាន ១៨.៦៧ ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុន Meta រកបានរហូតដល់ទៅជាង ២០០ ពាន់លានដុល្លារ និង Tesla ទទួលបានជិត ៩៥ ពាន់លានដុល្លារអាមេរិក។
តើអ្វីទៅជា IPO ហើយហេតុអ្វីបានជាវាធ្វើឱ្យ Elon Musk ក្លាយជាមហាសេដ្ឋីទ្រីលាន? IPO តំណាងឱ្យ Initial Public Offering (ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង) ដែលជាដំណើរការផ្លាស់ប្តូរក្រុមហ៊ុនឯកជនមួយ ទៅជាក្រុមហ៊ុនសាធារណៈដែលអាចជួញដូរភាគហ៊ុននៅលើទីផ្សារដោះដូរមូលបត្របាន។ ការដែល SpaceX កំណត់តម្លៃភាគហ៊ុនបោះផ្សាយដំបូងខ្ពស់ (១៣៥ ដុល្លារ/ភាគហ៊ុន) ធ្វើឱ្យតម្លៃក្រុមហ៊ុនសរុបឡើងដល់ ១.៧៧ ទ្រីលានដុល្លារ។ ដោយសារ Elon Musk កាន់កាប់សិទ្ធិបោះឆ្នោត និងភាគហ៊ុនភាគច្រើនលើសលប់នៅក្នុងក្រុមហ៊ុននេះ (ជាង ៨២%) តម្លៃភាគហ៊ុននៅលើក្រដាសរបស់លោកក៏ស្ទុះឡើងតាមនោះដែរ។
តើអ្វីជាលក្ខខណ្ឌដើម្បីឱ្យ Elon Musk ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមពី SpaceX? យោងតាមឯកសាររបស់ក្រុមហ៊ុន SpaceX បានភ្ជាប់កញ្ចប់រង្វាន់លើកទឹកចិត្តរបស់លោកទៅនឹងលក្ខខណ្ឌសំខាន់ៗចំនួនពីរគឺ៖ ក្រុមហ៊ុនត្រូវសម្រេចឱ្យបាននូវតម្លៃទីផ្សារ (Market Cap) ចំនួន ៧.៥ ទ្រីលានដុល្លារអាមេរិក និងត្រូវបង្កើតអាណានិគមនៅលើភពអង្គារ (Mars) ដោយមានប្រជាជនរស់នៅយ៉ាងតិច ១ លាននាក់៕





