ទម្រង់លេង និងលទ្ធផល គឺជាសម្ពាធសម្រាប់គោព្រៃកម្ពុជា ក្នុងជំនួបមិត្តភាពជាមួយប៊ូតាន យប់នេះ

04-06-2026 09:25

(ភ្នំពេញ)៖ លោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានលើកឡើងថា ទម្រង់លេង និងលទ្ធផល គឺជាសម្ពាធមួយ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិប៊ូតាន ដែលនឹងធ្វើឡើងនាវេលាម៉ោង ៧យប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតនាល្ងាចថ្ងៃពុធកន្លងទៅ។

លោកថា «រឿងពីមុនៗ មិនមែនជាសម្ពាធសម្រាប់យើងទេ។ បើសួរថា ប៉ុន្មានឆ្នាំមុនលទ្ធផលអត់ល្អ ហើយមានសម្ពាធលើការប្រកួតបច្ចុប្បន្ន ដូចជាអត់មានទេ។ ប៉ុន្ដែអ្វីដែលយើងចាប់អារម្មណ៍ថា យើងមានសម្ពាធនោះ គឺទាក់ទងនឹងលទ្ធផល និងការប្រកួតថ្ងៃនេះ តើទម្រង់លេង និងលទ្ធផលយើងបានល្អឬក៏អត់? យើងមានសម្ពាធបន្ដិចបន្ទួចសម្រាប់រឿងហ្នឹង តែពួកយើងនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតនេះ»

គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ដទៀតថា លោកមិនសូវដឹងច្រើនពីប៊ូតាន ខណៈការប្រមូលផ្ដុំមានរយៈពេលខ្លី មិនអាចរៀបចំលេងតាមទម្រង់ដែលលោកចង់បាន តែលោកនឹងព្យាយាមអនុវត្តទៅតាមអ្វីដែលកីឡាករម្នាក់ៗអាចធ្វើបាន ហើយក៏មិនគិតលើកីឡាករបានលេងច្រើន ឬតិចជាមួយក្លិប សំខាន់គឺលោកផ្ដោតលើកីឡាករដែលមានលក្ខខណ្ឌល្អ ហើយបើសិនការរៀបចំត្រូវនឹងលក្ខខណ្ឌពួកគេ ច្បាស់ណាស់កីឡាករទាំងនោះ នឹងបានបង្ហាញខ្លួន។

ទន្ទឹមជាមួយគ្នាកីឡាករ សារ៉េត គ្រីយ៉ា បានលើកឡើងថា ក្រោយខកខានការប្រកួតជាយូរ ខណៈប៉ុន្មានឆ្នាំចុងក្រោយ អ្នកគាំទ្រមានការថមថយគួរឲ្យកត់សម្គាល់ ខ្លួន និងមិត្តរួមក្រុម ក៏ដូចជាក្រុមការងារគ្រូ បានប្ដេជ្ញានឹងខំប្រឹងធ្វើឲ្យបានល្អ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ ចំពោះមុខទាំងជំនួបជាមួយប៊ូតាន និងហុងកុង ព្រោះក្នុងស្ថានភាពបច្ចុប្បន្ន ក្រុមគោព្រៃ ពិតជាត្រូវការគាំទ្រ និងលើកទឹកចិត្ត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការប្រកួត។

ដោយឡែកលោក Chencho Dorji គ្រូបង្វឹកក្រុមជម្រើសជាតិប៊ូតាន បានសម្ដែងក្ដីរីករាយដែលបានដឹកនាំក្រុមមកប្រទេសកម្ពុជាជាថ្មី ហើយលោកក៏រំពឹងនឹងបានរៀនសូត្រនូវបទពិសោធន៍ថ្មី ពីការប្រកួតមិត្តភាពអន្ដរជាតិ ទល់នឹងក្រុមជម្រើសជាតិកម្ពុជា នារាត្រីថ្ងៃព្រហស្បតិ៍នេះផងដែរ ដោយសារការមើលឃើញពីការផ្លាស់ប្ដូរសមាសភាពកីឡាករគួរឲ្យកត់សម្គាល់ ទាំងកីឡាករខ្មែរ និងកីឡាករចូលសញ្ជាតិមួយចំនួន។ លោករំពឹងថា ជំនួបមិត្តភាពនេះនឹងក្លាយជាការប្រកួតដ៏ទាក់ទាញ និងជក់ចិត្ដសម្រាប់អ្នកគាំទ្រ។

សូមរំឮកថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវប៊ូតាន ម្ដងរួចមកហើយកាលពីឆ្នាំ២០១៥ ដោយកម្ពុជាបានយកឈ្នះ ២-០ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)។ ដូច្នេះចាំមើលតើរាត្រីនេះ ក្រុមគោព្រៃ អាចបន្ដយកឈ្នះក្រុមប៊ូតានបានទៀតដែរឬទេ?